|
អង្គារ, 09 មិនា 2010 18:44 |
|
កាសែតថៃ ចេញថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១០ បាននិយាយថា កិច្ចប្រជុំនៅទីស្ដីការគណៈរដ្ឋ មន្ត្រីថៃ បានសំរេចប្រកាសប្រើច្បាប់ពិសេស គ្រប់គ្រងខេត្ត-ក្រុង ចំនួន៨ ដោយទីក្រុងបាងកក និង ខេត្តណុនបូរី ប្រកាសប្រើច្បាប់នេះពេញទីកន្លែងទាំងអស់ ចំណែកខេត្តដទៃទៀត កំណត់ប្រើក្នុងស្រុកដែលមានផ្លូវចូលមកទីក្រុងបាងកក តែប៉ុណ្ណោះ។
*គណបក្សភឿថៃ ចំអករដ្ឋាភិបាលប្រើច្បាប់ពិសេសប្រៀបដូចជាសម្លាប់ខ្លួនឯង
លោកឈ្លើមយូបាំរុង ប្រធានសមាជិកសភាបក្សភឿថៃ បាននិយាយពីករណីរដ្ឋាភិបាលថៃ ប្រកាសប្រើច្បាប់ពិសេសក្នុងរាជាណាចក្រថៃ ជាពិសេសរឹតបន្តឹងជាងគេក្នុងទីក្រុងបាងកក ចាប់ពី ថ្ងៃទី១១-២៣ ខែមីនាថាការប្រកាសប្រើច្បាប់នេះ វាហុចផលល្អដល់គណបក្សភឿថៃ នៅថ្ងៃខាងមុខ ព្រោះក្រុមអាវក្រហមបានប្រកាសរួចហើយថា នឹងជួបជុំគ្នាដោយសន្តិវិធី។
លោកឈ្លើមនិយាយទៀតថា ទង្វើរបស់រដ្ឋាភិបាលបែបនេះ គឺជាគំនិតខ្លី គ្មានសតិបញ្ញា ខ្វះ ការគិតគូរល្អិតល្អន់ ដោយគិតឃើញត្រឹមតែធ្វើយ៉ាងណាឲ្យចេញច្បាប់ ឈ្នះក្រុមអាវក្រហម មិនបាន គិតដល់ផលប៉ះទង្គិចក្នុងការវិនិយោគទុន និងទេសចរណ៍បរទេសនោះឡើយ។ ព្រោះរដ្ឋាភិបាល មួយនេះជារដ្ឋាភិបាលដំបូងគេ ហើយដែលបានប្រកាសប្រើច្បាប់ពិសេសបែបនេះ ដែលស្ថានការណ៍ខ្លះអាចនៅដោះស្រាយបាននោះ។
លោកឈ្លើមសង្កត់ធ្ងន់ថា នេះគឺជាការបង្ហាញពីភាពពិតរបស់លោកអាប់ភីស៊ីត ព្រោះសម័យ កាលនៅជាបក្សប្រឆាំងខ្លួនច្រើននិយាយជាញឹកញាប់ថា ការទាមទាររបស់ប្រជាជន សូម្បី១នាក់ ឬ ១សែននាក់ក៏ដោយ ត្រូវតែទទួលស្ដាប់។ ក៏ប៉ុន្តែ លើកនេះមិនទាន់ដឹងអ្វីផង ស្រាប់តែប្រកាសប្រើ ច្បាប់ពិសេសបាត់ទៅហើយ៕ |