|
អង្គារ, 27 កក្កដា 2010 16:19 |
|
កំពង់ឆ្នាំង ៖ ស្រ្តីពោះធំម្នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត ដោយសារតែ មានការធ្លាក់ឈាមយ៉ាងខ្លាំង ដោយមានការឯកភាពពីក្រុមគ្រួសារ ទើបក្រុមគ្រូពេទ្យខេត្តបានធ្វើការ វះកាត់យកទារិការូបនោះចេញ ដើម្បីជួយសង្រ្គោះជីវិតម្ដាយ ប៉ុន្តែទារិការូបនោះបានស្លាប់ទៅហើយ ព្រោះតែក្បាលរបស់គេគ្មានលលាដ៍ខុសពីប្រក្រតី។
ស្រ្តីម្នាក់ឈ្មោះហម ដុង អាយុ៥៧ឆ្នាំ រស់នៅភូមិគ្រាំងកកោះ ឃុំពេជចង្វា ស្រុកបរិបូរណ៍ បាននិយាយថា កូនប្រសារស្រីគាត់ឈ្មោះមឿន ជៀម អាយុ២៦ឆ្នាំ មានផ្ទៃពោះជិត៧ខែហើយ នៅ ម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១០ រូបនាងបានឈឺពោះនិងធ្លាក់ឈាមជាច្រើន។ ពេល នោះប្ដីរបស់នាងឈ្មោះហម គា អាយុ២៥ឆ្នាំ បានដឹកមកកាន់មន្ទីរពេទ្យខេត្ត។ ដោយបានដឹងថា ទារិកាក្នុងពោះមានកម្លាំងខ្សោយមិនអាចកើតតាមធម្មតាបាន ទើបក្រុមគ្រួសារសម្រេចឲ្យគ្រូពេទ្យ ធ្វើការវះកាត់យកកូន ដើម្បីសង្រ្គោះជីវិតម្ដាយ។
ក្រោយការវះកាត់ស្រ្តីជាម្ដាយមានសុខភាពធម្មតា ប៉ុន្តែទារិការូបនោះបានស្លាប់ព្រោះតែគេ មានមុខខ្លីភ្នែកធំៗ គ្មានលលាដ៍ក្បាល ខុសពីលក្ខណៈមនុស្សធម្មតា។ កូនប្រសារស្រីរូបនោះធ្លាប់ រលូតកូនទី១អាយុ៥ខែម្ដងរួចមកហើយ ពេលនោះរូបនាងក៏ត្រូវគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត នេះដែរ។ ចំណែកពេលនេះជាការកើតលើកទី២ហើយ ក៏មានការធ្លាក់ឈាមខុសពីធម្មតារហូតត្រូវ វះកាត់យកកូនចេញទៀត ទើបសង្រ្គោះជីវិតម្ដាយបាន ឯទារិកាដ៏អភ័ព្វត្រូវបាត់បង់ជីវិត៕ |