|
ពុធ, 28 កក្កដា 2010 16:22 |
|
កំពង់ស្ពឺ ៖ ក្រុមប្រជាពលរដ្ឋចំនួន៤ភូមិ ដែលរស់នៅឃុំចំនួន២ ជុំវិញបឹងអាចម៌ក្អែក បាន មានប្រតិកម្មចំពោះមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ថាមិនបានយកចិត្តទុកដាក់ជួយដោះស្រាយនិង រាយការណ៍ទៅថ្នាក់លើពីរឿងទឹកបឹងជន់លិចស្រូវរបស់ពួកគាត់ជាច្រើនឆ្នាំមកហើយ។
តំណាងប្រជាពលរដ្ឋដែលរស់នៅភូមិស្គុះ ភូមិគោករងាង ភូមិបិល ដែលស្ថិតនៅក្នុងឃុំស្គុះស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងភូមិបាក់ធ្មេញ ភូមិទំលាប់ ដែលស្ថិតនៅក្នុងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រាប់កាសែតកម្ពុជាថ្មីថា ជារៀងរាល់ឆ្នាំអ្នកភូមិមានមុខរបរធ្វើស្រែ តែងជួបប្រទះការលិចលង់ស្រូវរបស់ពួកគាត់ជារៀងរាល់ឆ្នាំមិនដែលខានឡើយ ទាំងនេះបណ្ដាល មកពីទឹកបឹងអាចម៌ក្អែក បានជន់លិចមួយផ្នែកធំនៃឃុំទាំងពីរខាងលើ ដោយហូរតាមប្រឡាយតា ហោ ហើយហៀរមកតំបន់ទំនាបភូមិខាងលើតាមសន្ទះលូដែលមន្ទីរធនធានទឹកបានកសាង។
លោកហង់ គឹមញ៉េន គណៈអភិបាលស្រុកសំរោងទង បានប្រាប់ថា រូបលោកបានដឹងពីបញ្ហា នេះដែរ។ ហើយថាប្រជាពលរដ្ឋចំនួន១២០ហិកតា ដែលប៉ះពាល់ខ្លាំងជាងគេ គឺនៅឃុំស្គុះ និងឃុំរលាំងចក។ ប្រជាពលរដ្ឋដែលរងការប៉ះពាល់មានចំនួន១៣៦គ្រួសារ។ លោកបញ្ជាក់ថា លោកមាន ការសោកស្ដាយយ៉ាងខ្លាំងចំពោះរឿងទឹកលិចស្រូវប្រជាពលរដ្ឋនេះ។ ប៉ុន្តែ លោកថាជៀសមិនផុត ឡើយ បើសិនជាមិនទាន់ធ្វើប្រឡាយបញ្ចៀសទឹកជូនពួកគាត់ គឺមានតែមន្ទីរពាក់ព័ន្ធទេ ដែលទទួល ភារកិច្ចរាយការណ៍ជម្លោះប្រជាពលរដ្ឋទាំង១៣៦គ្រួសារនោះ៕ |