|
 ភ្នំពេញ ៖ រថយន្តម៉ាកកាមរី បាឡែនមួយគ្រឿង បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ផ្នែក ខាងមុខហើយអ្នកបើកបរដែលគេដឹងថា ជាក្មេងស្រីសិស្សសាលាបានរងរបួស.ក ហើយត្រូវបានគេ ដឹកទៅកាន់មន្ទីរពេទ្យផងដែរ ក្រោយពីក្មេងស្រីសិស្សសាលាម្នាក់នោះ រួមនឹងមិត្តភក្ដិបានបើកបរ រថយន្តប្រណាំងគ្នា ហើយជ្រុលចង្កូតទៅបុកផ្ទះរបស់ប្រជាជនយ៉ាងពេញទំហឹងនោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទី ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១០ នៅចំណុចផ្ទះលេខ២៦ ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
រថយន្តបង្កត្រូវបានគេដឹងថា ជាប្រភេទរថយន្តកាមរី បាឡែន ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2M 8315 បើកបរដោយនារីម្នាក់ដែលមិត្តភក្តិរបស់នាងនោះប្រាប់ថា ឈ្មោះចេង សោភា អាយុ១៧ឆ្នាំ ជាសិស្សសាលា ELT ស្នាក់នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្រុងតាខ្មៅ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះប្រាក់ សារ៉េត ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាមន្រ្តីប៉ូលិសក្រសួងមហាផ្ទៃ បានទទួលរងការខូចខាតទ្វារផ្ទះ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។ ប៉ុន្តែជា សំណាងល្អមិនមានមនុស្សណាម្នាក់នៅក្នុងផ្ទះបានរងរបួសឡើយ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរី ទំនើបៗចំនួន៣គ្រឿង បើកប្រណាំងគ្នាក្នុងនោះរួមមានរថយន្តកាមរី ពណ៌ខ្មៅមួយគ្រឿងរថយន្តម៉ាកម៉ែកសឺដេស ពណ៌កណ្ដុរប្រមេះ និងរថយន្តបង្កខាងលើមួយគ្រឿង។ លុះបើកប្រដេញគ្នាមក ដល់ចំណុចកើតហេតុរថយន្តម៉ាកម៉ែកសឺដេស ដែលប៉ះគ្នាជាមួយរថយន្តបង្ករហូតធ្វើឲ្យរថយន្តបង្កជ្រុលចង្កូតទៅបុកផ្ទះប្រជាជនយ៉ាងពេញទំហឹងតែម្ដង។
ក្នុងហេតុការណ៍នេះមន្រ្តីប៉ូលិសបានទៅដល់កន្លែងកើតហេតុ។ តែក្នុងខណៈនោះភាគីបង្ក និយាយសំរួលជាមួយម្ចាស់ផ្ទះរងគ្រោះដោយបានសងការខូចខាតចំនួន៣០០ដុល្លារបញ្ចប់រឿង ក្នុង ពេលនោះផងដែរ។ សមត្ថកិច្ចប៉ូលិសបាននាំយករថយន្តបង្កមកដល់ស្ដុបសន្ធរម៉ុក ក៏ត្រូវក្រុមគ្រួសារមិត្តភក្ដិ មិនព្រមឲ្យប៉ូលិសនាំយករថយន្តមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកឡើយ ដោយ ភាគីបង្កសំអាងថា ពួកគេបានសងការខូចខាតទៅឲ្យម្ចាស់ផ្ទះរងគ្រោះរួចហើយ។ តែការរារាំងនោះ មិនទទួលបានជោគជ័យឡើយ៕ |