|
ខេត្តសៀមរាប ៖ អនុប្រធានអង្គការការពារធនធានធម្មជាតិ និងអភិរក្សជីវសាស្រ្តចំរុះប្រចាំ ខេត្តសៀមរាប ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ដោយជាប់ចោទពីបទ រំលោភសេពសន្ថវៈ ទៅលើនារីអនីតិជនម្នាក់បានសម្រេចចំនួន២លើក។
ការឃាត់ខ្លួនធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១០ នៅស្នាក់ការរបស់អង្គការក្នុងភូមិ ជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដឹកនាំដោយលោកសុក កែវបណ្ឌិត ព្រះរាជ អាជ្ញារងនិងតាមបញ្ជារបស់លោកឧត្តមសេនីយត្រីម៉ន ជាម៉ុន មេបញ្ជាការប៉េអឹមខេត្តសៀមរាប។
លោកអនុសេនីយទោ លន់ ស៊ីម មន្រ្តីការិយាល័យស្រាវជ្រាវ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះម៉ាត់ រ៉ានី ភេទប្រុស អាយុ៣០ឆ្នាំ មុខងារជាអនុប្រធានអង្គការការពារធនធានធម្មជាតិ និងអភិរក្សជីវសាស្រ្តចំរុះប្រចាំខេត្តសៀមរាប មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយ ខេត្តកំពង់ធំ។
ចំណែកនារីរងគ្រោះឈ្មោះ ផ.ន អាយុ១៤ឆ្នាំ ទីលំនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរ ជុំ ខេត្តសៀមរាប។
លោកអនុសេនីយទោ លន់ ស៊ីម បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ តាមបណ្ដឹង របស់នារីរងគ្រោះថា កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ខ្លួននិងបងស្រីម្នាក់ទៀត បានមកដើរ លេងនៅក្រុងសៀមរាប តាមរយៈតាគឿនដែលរាប់អានគ្នា ពេលមកដល់ឈ្មោះម៉ាត់ រ៉ានី បានបបួល ទៅញ៉ាំបាញ់ឆែវនៅមុខប្រាសាទអង្គរវត្ត។ បន្ទាប់មកបន្តដំណើរឆ្ពោះមកអង្គរធ្យង់យូ លុះដល់យប់ បន្តិចក៏បន្តទៅចូលហាងផឹកស៊ីឈ្មោះ រាត្រីជួបជុំ។ ក្នុងពេលកំពុងផឹកស៊ីស្រាប់តែឈ្មោះម៉ាត់ រ៉ានី ហៅនាងនិងបងស្រីឡើងជិះឡាន ហើយគេបើកសំដៅមកកាន់ផ្ទះសំណាក់ ស្ពាននាគ ពេលនោះគេ បានជួលបន្ទប់មួយលេខ២០៥ ហើយមួយសន្ទុះក្រោយមកឈ្មោះគា គឿន បានមកដល់។ បន្ទាប់ពី ឈ្មោះគា គឿនមកដល់ ឈ្មោះម៉ាត់ រ៉ានី បានជួលបន្ទប់មួយទៀត ហើយនាំនាងរងគ្រោះ ឲ្យដេក ជាមួយខ្លួន ហើយចាប់រំលោភបានសម្រេចចំនួន២លើកបន្តបន្ទាប់គ្នា។
ជនសង្ស័យឈ្មោះម៉ាត់ រ៉ានី ដែលត្រូវចោទប្រកាន់បានបដិសេធមិនទទួលយកដោយអះអាងថា មិនបានធ្វើសកម្មភាពដូចនាងចោទនោះឡើយ គឺពួកគេមានចេតនាមួលបង្កាច់ខុសការពិតទាំង ស្រុង។
លោកអនុសេនីយ លន់ ស៊ីម បានបន្តថា ទោះជាជនសង្ស័យព្យាយាមបដិសេធយ៉ាងណាក៏ ដោយ ក៏សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ |