|
ព្រហស្បតិ, 29 កក្កដា 2010 18:17 |
|
ខេត្តកំពង់ឆ្នាំង ៖ នារីម្នាក់បានយកថ្នាំបំពុលកុក មកលាយទឹកផឹកប៉ងសម្លាប់ខ្លួន ព្រោះតែ មានវិបត្តិផ្លូវចិត្ត ប៉ុន្តែត្រូវក្រុមគ្រួសារដឹកបញ្ជូនមកឲ្យគ្រូពេទ្យខេត្តសង្រ្គោះ ទាន់ពេលវេលាទើបរក្សា ជីវិតបាន។
លោកគ្រូពេទ្យសង្រ្គោះបន្ទាន់បាននិយាយឲ្យដឹងថា នារីរូបនោះឈ្មោះ ភ.ស អាយុ២២ឆ្នាំ រស់នៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ត្រូវក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត កាលពី វេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ ក្នុងអាការៈពុលសន្លប់ស្ដូកស្ដឹង។
ក្រុមគ្រួសាររបស់នារីរងគ្រោះ បាននិយាយឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ វេលាម៉ោង៦និង៣០នាទី នាងបានទៅសម្ងំក្នុងបន្ទប់លើផ្ទះអត់ព្រមចុះក្រោមសោះ ពេលនោះប្អូន ស្រីតូចរបស់នាងម្នាក់ បានចូលទៅហៅក៏ឃើញរូបនាងដេកបែកពពុះមាត់តែម្ដង ក៏ស្រែកឆោឡោ ហៅឲ្យគេជួយ។ ខណៈនោះបងប្អូនក្នុងក្រុមគ្រួសារក៏រួតរះម្នីម្នា យកកាណូតដឹកនាងមកកាន់ផ្សារឃុំ ពងប្រសាទ ទើបជួលរថយន្តដឹកនាងបន្តមកកាន់មន្ទីរពេទ្យខេត្ត។
ក្រុមគ្រួសាររបស់នាងបាននិយាយថា កាលពីប៉ុន្មានខែមុនគូរដណ្ដឹងរបស់នាងត្រូវបានគេសុំ ផ្ដាច់ពាក្យពីនាងវិញ ទំនងជានាងមានវិបត្តិផ្លូវចិត្តក្នុងរឿងនេះហើយ ទើបនាងយកថ្នាំបំពុលកុកមក លាយទឹកផឹកប៉ុនប៉ងសម្លាប់ខ្លួន។
ក្រោយពីការជួយសង្រ្គោះរបស់គ្រូពេទ្យបូមទឹកលាងក្រពះរួចមក រូបនាងបានដឹងខ្លួននិងមាន អាការៈល្អឡើងវិញហើយ៕ |