|
ភ្នំពេញ ៖ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរបុកទ្រូងផ្លូវ កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១០ ដែលបង្កឡើងដោយនារី២នាក់ និងបុរសម្នាក់ រួចហើយយកឈ្មោះលោកស្នងការ ទូច ណារ៉ុថ មកកាងនិងបោកម៉ាស៊ីនថតប៉ូលិសកំទេចចោលនោះ នៅមិនទាន់ចប់ទេ។
ករណីនេះប៉ូលិសកំពុងសើរើប្រមូលឯកសារឡើងវិញ ដើម្បីចោទប្រកាន់ផ្នែកផ្លូវច្បាប់ ពីបទ ប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំធ្វើជាបង្អែក ដើម្បីបិទបាំងបទល្មើសនិងរំខានកាតព្វកិច្ចការងារតួនាទី របស់នគរបាល។
លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននិយាយថា វាមិនគួរឲ្យមានទោសនិទណ្ឌ ភាពទេ ចំពោះបុគ្គលដែលប្រព្រឹត្តខុសច្បាប់ និងយកឈ្មោះថ្នាក់ដឹកនាំមកប្រើប្រាស់ធ្វើជារនាំង ដើម្បីបិទបាំងកំហុសរបស់ខ្លួន។ មិនតែប៉ុណ្ណោះ អ្នកដែលបង្កគ្រោះថ្នាក់ចរាចរបានប្រមាថកាតទាន ទៅលើនគរបាលដែលកំពុងបំពេញភារកិច្ចរហូតដល់បោកម៉ាស៊ីនថតរបស់នគរបាល កំទេចចោល នៅចំពោះមុខដោយមិនមានការចាប់ខ្លួនអ្នកប្រព្រឹត្ត។
លោកទូច ណារ៉ុថបានប្រាប់កម្ពុជាថ្មីថាលោកបានបដិសេធរួចជាស្រេចហើយក្រោយពីទទួល ព័ត៌មានថា មានអ្នកបើកឡានបុកទ្រូងផ្លូវយកឈ្មោះលោកទៅកាង។ លោកបន្តថា លោកមិនជាប់ ទាក់ទិនសាច់ញាតិស្រ្តី និងបុរសទាំងនោះទេ រហូតដល់លោកបញ្ជាឲ្យកំលាំងធ្វើកិច្ចការនេះតាមផ្លូវច្បាប់ទៀតផង។
លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ បាននិយាយថា ករណីនេះប៉ូលិសធ្វើការហាក់បីដូច ជាមិនទាន់ពេញដៃពេញជើងនៅឡើយទេ។ លោកក៏មិនសប្បាយចិត្តដែរ នៅពេលដែលទទួលព័ត៌ មានថាអ្នកបង្កហេតុជេរប្រមាថសមត្ថកិច្ច រហូតដល់បោកឧបករណ៍ធ្វើការរបស់ប៉ូលិសទៀត ហេតុអ្វី បានជាមិនព្រមចាប់ខ្លួនភ្លាម ព្រោះថាវាជាបទល្មើសព្រហ្មទណ្ឌ។
លោកហួត ចាន់យ៉ារ៉ាន់ អធិការខណ្ឌទួលគោកបាននិយាយថា ប៉ូលិសរបស់លោកគ្រាន់តែឲ្យអ្នកបំផ្លិចបំផ្លាញម៉ាស៊ីនថតរបស់ប៉ូលិសទិញថ្មីសងវិញតែប៉ុណ្ណោះ។ លោកអធិការនិយាយថា ពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ លោកចាំទទួលបញ្ជាពីលោកស្នងការដើម្បីដាក់ទៅតុលាការ។ លោកបន្តថា នារីដែលយកឈ្មោះស្នងការទៅកាង គឺជាអ្នកលក់ស្រាបៀរម្នាក់ស្នាក់នៅម្ដុំវត្តនាគវ័ន្តប៉ុណ្ណោះ។ប៉ុន្តែ រហូតមកដល់ពេលនេះលោកអធិការខណ្ឌទួលគោកទើបតែចាប់ផ្ដើមធ្វើរឿងនេះសារជាថ្មី ទំនងជា ទើបមានបញ្ជាពីថ្នាក់លើ៕ |