|
ព្រហស្បតិ, 29 កក្កដា 2010 19:23 |
|
ខេត្តពោធិសាត់ ៖ យុវជនម្នាក់រួមទាំងក្មេងស្រីម្នាក់ទៀតបានបាត់បង់ជីវិតបន្តបន្ទាប់គ្នា ពេលដែលពួកគេត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែក្របីម្ចាស់ខ្លួនឯងវ័ធ ខណៈពេលមនុស្សទាំង២នាក់នោះ បានដឹកក្របីចេញពីផ្ទះយកទៅឃ្វាលស៊ីស្មៅដែលជាកន្លែងកើតហេតុ។
បើតាមលោកនាយរងនគរបាលប៉ុស្តិ៍អន្សារចំបក់ ដែលជាកន្លែងកើតហេតុ បានឲ្យកម្ពុជាថ្មី ដឹងថា កាលពីពេលថ្មីៗនេះ ក្នុងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ វេលាម៉ោង១០ព្រឹក ត្រង់ចំណុចខាង ជើងស្ពានវិហារហ្លួង ភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ ដោយក្មេងស្រីម្នាក់ឈ្មោះបឿ ស្រីឡែន អាយុ៥ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ត្រូវបានក្របីវ័ធស្លាប់ពេលដែលបញ្ជូនទៅមន្ទីរ ពេទ្យបានពាក់កណ្ដាលផ្លូវ។
លោកបន្តថា មុនពេលកើតហេតុខ្ទង់ម៉ោង១០ព្រឹក នាងបានរត់តាមបងស្រីនាងពីក្រោយ ចេញពីផ្ទះទៅឃ្វាលក្របីឲ្យស៊ីស្មៅ ខណៈពេលកំពុងតែដេញចេញពីក្រោល ក៏ស្រាប់តែអាឈ្មោះ ឡើងក មួយក្បាលទំនងជាវាខឹងនឹងម្ចាស់វាខ្លាំង ក្រឲ្យចេញស៊ីស្មៅបានរត់មកវ័ធកុមារីនោះ ត្រូវចំនួន៣ស្នែង ដោយវ័ធលើកទី១ ត្រូវត្រង់ថ្ងាស ស្នែងទី២ត្រូវត្រង់ឆ្អឹងជំនី និងស្នែងទី៣ ត្រូវចំថ្ពាល់ បណ្ដាលឲ្យកុមារីនោះរបួសយ៉ាងធ្ងន់ធ្ងរ ហើយបញ្ជូនមកពេទ្យបានពាក់កណ្ដាលផ្លូវក៏ដាច់ខ្យល់ស្លាប់តែម្ដង។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១០ វេលាម៉ោង១១ព្រឹក លោកបឺក អៀប នាយនគរបាលប៉ុស្តិ៍ ឃុំកញ្ជរ ស្រុកកណ្ដៀង បានឲ្យដឹងថា យុវជនម្នាក់ឈ្មោះញ៉ែប ប៊ុនធី អាយុ២២ឆ្នាំ នៅភូមិសំរោងក៏ ត្រូវក្របីវ័ធស្លាប់ដែរ។ មុនដំបូងយុវជននោះបានយកក្របីមួយក្បាលរួមទាំងកូនតូចមួយដឹកយកទៅ លែងឲ្យស៊ីស្មៅត្រង់ចំណុចបឹងស្លែពេលដែលទៅដល់ចំណុចនោះ ក៏បានដុះលាងបំរុងលែងឲ្យស៊ី ស្មៅ ក៏ត្រូវមេក្របីនោះស្ទុះទាំងកំរោលបោលបុកវ័ធយុវជនជាម្ចាស់នោះមួយទំហឹងចំត្រង់ក ទៅខាងស្ដាំមួយស្នែង រួចហើយគេឃើញទាន់បានជួយសង្រ្គោះដឹកមកព្យាបាលក៏ត្រូវស្លាប់តាមផ្លូវតែម្ដង។
ករណីក្របីវ័ធទាំងពីរខាងលើ គឺត្រូវបានអ្នកភូមិថា មកពីក្របីនោះខឹងនឹងម្ចាស់ក្រឲ្យស៊ីស្មៅទើបវាខឹងវ័ធបែបនេះ៕ |