|
*កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារទឹកដីរបស់ខ្លួន ចំពោះការឈ្លានពានណាមួយពី សំណាក់សៀម
ភ្នំពេញ ៖ ស្ថានភាពនៅតាមព្រំដែនកម្ពុជា-សៀម ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ ឈានដល់ដំណាក់កាលមួយតឹងតែងយ៉ាងខ្លាំង ដែលពិបាកនឹងទស្សន៍ទាយអំពីសង្រ្គាម។
យោងតាមប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា បន្ទាប់ពីមានព័ត៌មានផ្សេងៗទាក់ទងទៅនឹង កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសប្រេស៊ីល ហើយសៀមបានគំរាមដក ខ្លួនចេញនោះ រហូតមកដល់ពេលនេះមានព័ត៌មានមួយបានឲ្យដឹងថា អាប់ភីស៊ីតបានបញ្ជូនកំលាំង ទ័ពមកកាន់ព្រំដែនក្នុងគោលបំណងវាយយកតំបន់ប្រាសាទព្រះវិហារ ដែលជារបស់ខ្មែរ ហើយកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ អ្នកនាំពាក្យរបស់រដ្ឋាភិបាលសៀម លោកវ៉ាតាណាយ៉ាកន បាននិយាយតាមទូរទស្សន៍ប៉ុស្តិ៍លេខ៣សៀមថា រដ្ឋាភិបាលសៀមនឹងប្រើកំលាំងទ័ពដើម្បីវាយគំរាមយកតំបន់4,6គីឡូម៉ែត្រក្រឡា នៅក្បែរប្រាសាទព្រះវិហារប៉ុន្តែកម្ពុជាបានអះអាងថា បានត្រៀមកំលាំងរួចហើយ ដើម្បីវាយបកទៅលើគម្រោងឈ្លានពានរបស់សៀមនោះ។
លោកឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ថា អ្នកនាំពាក្យរដ្ឋាភិបាលសៀម គួរតែពិចារណាឡើងវិញ ចំពោះការលើកឡើងរបស់ខ្លួន ពីព្រោះក្នុងនាមជាប្រទេសជិតខាង និងជាប្រទេសនៅក្នុងអាស៊ានដូចគ្នាយើងមិនចង់ឲ្យមានអ្វីកើតឡើងនោះទេ ហើយកម្ពុជាក៏បានអត់ធ្មត់ ជាយូរណាស់មកហើយ។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនោះបានបញ្ជាក់ទៀតថា យើងបានរៀបចំទ័ពរួចជាស្រេច តាំងពីមុនម្ល៉េះ ដែលមានលោកជា តារា និងមេទ័ពជាច្រើនទៀតប្រចាំការនៅទីនោះជាប់ជានិច្ច ហើយបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាបានដក់នៅជាប់ជានិច្ច ចំណែកទឹកចិត្តទាហានទាំងអស់មិនមានការភ័យខ្លាចចំពោះការប៉ុន ប៉ងឈ្លានពានឬការប្រើកំលាំងណាមួយពីសំណាក់ប្រទេសសៀម ហើយត្រៀមស្វាគមន៍ជានិច្ច។
លោកនាយឧត្ដមសេនីយ ជា តារា អគ្គមេបញ្ជាការរងកងទ័ពជើងគោក ដែលប្រចាំការនៅ តំបន់ប្រាសាទព្រះវិហារបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី២៩ ខែកក្កដាឲ្យដឹង ថា យើងត្រៀមខ្លួនជាស្រេចហើយ ដើម្បីធ្វើសង្រ្គាមជាមួយសៀម បើសិនពួកគេឈ្លានពានយើង។ លោកនាយឧត្ដមសេនីយ៍បន្តថា យើងទទួលព័ត៌មានថា លោកអាប់ភីស៊ីត បានបញ្ជូនកំលាំងមក គ្រប់ច្រកល្ហកដើម្បីវាយសង្រ្គប់មកលើកម្ពុជា តែយើងក៏បានត្រៀមជាស្រេចហើយដែរ ដើម្បីទប់ទល់ ចំពោះការឈ្លានពាននោះ។
លោកនាយឧត្ដមសេនីយ ជា តារា បានបញ្ជាក់ថា ស្ថានភាពនៅតាមព្រំដែនពេលនេះបាន ឈានដល់ដំណាក់កាលតឹងតែងខ្លាំងណាស់ ហើយកងទ័ពទាំងអស់កំពុងត្រៀមគ្រប់គោលដៅ។
លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក៏មានប្រ សាសន៍ទាក់ទងទៅនឹងបញ្ហាខាងលើនោះដែរថា តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាកងទ័ពដែលកំពុងឈរជើង នៅតាមបណ្ដោយព្រំដែនបានត្រៀមគ្រប់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់សៀម៕ |