|
ព្រហស្បតិ, 04 កុម្ភៈ 2010 17:22 |
|
ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរីមួយគ្រឿងបានខូចខាតទាំងស្រុង ក្នុងករណីគ្រោះថ្នាក់ ចរាចរមួយតាមបណ្ដោយផ្លូវជាតិលេខ៦៩ ពីខេត្តបន្ទាយមានជ័យ ទៅស្រុកស្វាយចេក បណ្ដាលឲ្យ តៃកុងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
តាមសេចក្ដីរាយការណ៍ ពីប៉ូលិសចរាចរបានបញ្ជាក់ថា កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១០ នៅចំណុចខាងជើងភូមិតាអ៊ុង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រង់ចំណុចផ្លូវកោង។ គ្រោះថ្នាក់ចរាចរនោះបង្កដោយរថយន្តហ៊ីយ៉ានដាយ កង់១០ និងរថយន្តកាមរី ដែលបើកបញ្រ្ចាសទិសគ្នា។ សេចក្ដីរាយការណ៍បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរី បើកបរដោយឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ជាអណិកជនរស់នៅអាមេរិក បានបើករថយន្តតែម្នាក់ឯង ដែលមានផ្លាកលេខបាត់ដំបង 2A 5631 ពណ៌ទឹកប៊ិច បានបើករថយន្ត ពីទិសខាងលិចឆ្ពោះទៅខាងកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយរថយន្ត ហ៊ីយ៉ានដាយពេញទំហឹង។
ប៉ូលិសបានអះអាង ក្រោយពេលកើតហេតុ គេបានឃើញតៃកុងរថយន្តកាមរីនោះស្លាប់ក្នុង រថយន្តទៅហើយ ឯម្ចាស់រថយន្តហ៊ីយ៉ានដាយនោះ បានរត់ចេញពីរថយន្តរបស់គេចូលព្រៃបាត់។ មន្រ្តីប៉ូលិសបានបន្តទៀតថា គ្រោះថ្នាក់ចរាចរនោះ មិនទាន់ដឹងថា តើរថយន្តទាំងពីរនោះមួយណា ខុសពិតប្រាកដនោះទេ ព្រោះក្រោយពេលកើតហេតុរួចម្ចាស់រថយន្ត តូចបានស្លាប់ ឯម្ចាស់រថយន្តធំ ក៏រត់ទៅបាត់។ ប៉ុន្តែប៉ូលិសបានអះអាងថា ទំនងជាម្ចាស់រថយន្តតូចបើកបរស្រវឹង ព្រោះមានធុំក្លិន ស្រា៕ |