|
ភ្នំពេញ ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ចេញប្រតិកម្មចំពោះការផ្សព្វផ្សាយផែនទីមួយ របស់ ក្រុមហ៊ុន Google Earth ដែលបានធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា និងស្នើឲ្យដកចេញទាំងស្រុងនូវផែនទី នោះចេញពី វេបសាយរបស់ខ្លួន។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុន Google Earth បានផ្សព្វផ្សាយនូវផែនទីមួយ ដែលបានគូសសញ្ញាដោយបន្ទាត់ពណ៌លឿងកាត់ទឹកដីតំបន់ ប្រាសាទព្រះវិហារ និងតំបន់ជាច្រើន ទៀត នៅតាមព្រំដែនឲ្យទៅប្រទេសថៃ។ ការផ្សព្វផ្សាយបែបនោះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញប្រតិកម្មយ៉ាង ខ្លាំង ហើយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១០នេះ អង្គភាពប្រតិកម្មរហ័ស នៃទីស្ដី ការគណៈរដ្ឋមន្ត្រីបានសរសេរលិខិតមួយជូនទៅក្រុមហ៊ុននេះ ដោយស្នើឲ្យដកចេញជាបន្ទាន់នូវផែនទីមួយនេះ។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ក្រុមហ៊ុន Google Earth បានផ្សព្វផ្សាយ ជាអន្តរជាតិនូវផែនទីក្រោមកម្មសិទ្ធិបញ្ញា ដែលខ្សែព្រំដែនរវាងកម្ពុជានិងថៃ នៅត្រង់តំបន់ប្រាសាទ ព្រះវិហារត្រូវបានកំណត់ខុសទាំងស្រុង ដែលធ្វើឲ្យមានការយល់ខុសនិងនាំឲ្យមានការភ័ន្តច្រឡំ។ លិខិតបានបន្តថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១០ នៅលើគេហទំព័រ ដែលមានឈ្មោះថា www.googleearth.com យើងបានពិនិត្យឃើញខ្សែគំនូសពណ៌លឿង ដែលមានចំណងជើងថា «ព្រំ ដែនអន្តរជាតិ ដែលទាំង Google Earth ក៏ដូចជា Copyrighters បានបញ្ចូលនិងផ្សព្វផ្សាយនូវគំនូស ពណ៌លឿងនេះថា ជាខ្សែព្រំដែនរវាងកម្ពុជា និងថៃ នៅត្រង់តំបន់ប្រាសាទព្រះវិហារ ដែលខុសពី ភាពជាក់ស្ដែងនិងការពិត ហើយមិនមានការទទួលខុសត្រូវក្នុងវិជ្ជាជីវៈ។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងដែរថា អ្វីដែលហៅ ថា «ព្រំដែនអន្តរជាតិ» រវាងកម្ពុជា-ថៃ ដែលផ្សព្វផ្សាយដោយ Google Earth និងCopyrighters នេះបានដាក់ប្រាសាទព្រះវិហារជិតពាក់កណ្ដាលឲ្យស្ថិតនៅក្នុងប្រទេសថៃ។ តាមការពិតយើងសុំបញ្ជាក់អំពីប្រាសាទព្រះវិហារនេះឲ្យបាន ច្បាស់ថា តុលាការអន្តរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បាន ប្រើប្រាស់ផែនទីឧបសម្ព័ន្ធ១ ដើម្បីឈានទៅរកសេចក្ដីសំរេចរបស់ខ្លួន ផែនទីឧបសម្ព័ន្ធ១នេះ ត្រូវបានយល់ព្រមទទួលយកដោយថៃនៅឆ្នាំ១៩០៨ យោងតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤។
ចំពោះរឿងដែលពាក់ព័ន្ធទៅនឹងលក្ខណៈតំរូវឲ្យអនុវត្តតាមផែនទី ឧបសម្ព័ន្ធ១ នោះ តុលាការ យុត្តិធម៌អន្តរជាតិបានអះអាងឲ្យដឹងថា នៅឆ្នាំ១៩០៨-១៩០៩ ថៃពិតជាបានព្រមទទួលយកផែនទី ឧបសម្ព័ន្ធ១ថាជាលទ្ធផលនៃការងារ កំណត់ព្រំដែន ដែលជាហេតុធ្វើឲ្យខ្លួនទទួលស្គាល់ខ្សែបន្ទាត់ នៅលើផែនទីថា ជាខ្សែព្រំដែនដែលអនុភាពនៃការព្រមទទួលយកនោះ គឺដាក់ប្រាសាទ ព្រះ វិហារក្នុង ទឹកដីកម្ពុជា។
តុលាការទីក្រុងឡាអេបានបញ្ជាក់បន្ថែមថា «តាមរយៈសកម្មភាពរបស់ខ្លួន ភាគីទាំងពីរបាន ទទួលស្គាល់ខ្សែបន្ទាត់នេះ ដែលបានបណ្ដាលឲ្យពួកគេព្រមព្រៀងនិងចាត់ទុកខ្សែបន្ទាត់នេះជាខ្សែ បន្ទាត់ព្រំដែន» ដោយសំអាងលើហេតុផលនេះ តុលាការបានសន្និដ្ឋានចុងក្រោយថា «ការព្រមទទូលយកផែនទីឧបសម្ព័ន្ធ១ ដោយភាគីទាំងពីរគឺជាការបញ្ចូលផែនទីទៅក្នុងដំណើរការ ដោះស្រាយនៃអនុសញ្ញា ហើយផែនទីនោះបានក្លាយជាផែនទីដែលមិនអាចកាត់ ផ្ដាច់ចេញពីដំណោះស្រាយអនុសញ្ញានេះបានឡើយ»។ ដូច្នេះបញ្ជាក់ថា ផែនទីឧបសម្ព័ន្ធ១ មានលក្ខណៈតំរូវឲ្យអនុវត្ត តាម។
លិខិតរបស់អង្គភាពប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានស្នើឲ្យ ក្រុមហ៊ុន Google Earth ដកចេញនូវផែនទីដែលខុសដ៏ធ្ងន់ធ្ងរនេះ ដែលបានផ្សព្វផ្សាយកន្លងមក ហើយឲ្យជំនួសវិញ ដោយផែនទីឧបសម្ព័ន្ធ១ ដែលជាផែនទីទទួលស្គាល់ដោយអន្តរជាតិ។
លោកប៉ែន ងឿន ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីកាល ពីថ្ងៃទី០៥ ខែកុម្ភៈនេះថា ទាក់ទងទៅនឹងវិជ្ជាជីវៈរបស់ក្រុមហ៊ុនអន្តរជាតិ ដែលគេទទួលស្គាល់ពេញ ពិភពលោក ហើយបានធ្វើឲ្យខុសស្រឡះទៅនឹងការទទួលខុសត្រូវវិជ្ជាជីវៈជាអ្នកផ្សព្វផ្សាយ។ លោកបន្តថា Google Earth គឺជាអង្គភាពមួយដែលទទួលយកនូវព័ត៌មានផ្សេងៗជារូបភាពក្ដី ជាអត្ថ បទក្ដី ដើម្បីធ្វើការផ្សព្វផ្សាយ ប៉ុន្តែនៅក្នុងរូបភាពដែលយើងបានមើលឃើញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១០ គឺមានទាក់ទងនឹងកម្មសិទ្ធិបញ្ញា ដែលក្រុមហ៊ុនចំនួន៤ បានធ្វើជាម្ចាស់ទៅលើ ផែនទីនោះ ហើយយើងបានផ្ញើនូវលិខិតព្រមទាំងផែនទីមួយចំនួនទៅម្ចាស់កម្មសិទ្ធិទាំងអស់នោះ។
លោកប៉ែន ងឿន បានឲ្យដឹងទៀតថា ការផ្សព្វផ្សាយខុសដោយមិនបានស្រាវជ្រាវឲ្យបានច្បាស់លាស់ គឺជាកំហុសមួយនៅក្នុងបញ្ហាបច្ចេកទេសធ្ងន់ធ្ងរ ណាស់។ ជាមួយគ្នានោះ យើងបានសុំ ឲ្យ Google Earth ដកផែនទីដែលខុសនោះចេញ ហើយជំនួសវិញនូវផែនទី ដែលត្រឹមត្រូវ គឺផែនទី ឧបសម្ព័ន្ធ ឬផែនទីដងរែក ដែលនៅលើផែនទីទាំងនោះមានខ្សែបន្ទាត់ព្រំដែនអន្តរជាតិ ដែលថៃបាន ទទួលស្គាល់ កាលពីឆ្នាំ១៩០៨ ហើយខ្សែបន្ទាត់ព្រំដែនអន្តរជាតិនេះ បានគូរដោយគណៈកម្មាធិការ ចំរុះបារាំង-សៀម យោងទៅតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ហើយខ្សែបន្ទាត់ព្រំ ដែននេះ ត្រូវបានបញ្ជាក់ថែមទៀតដោយតុលាការទីក្រុងឡាអេ៕ |