|
ច័ន្ទ, 08 កុម្ភៈ 2010 18:12 |
|
ប៉ោយប៉ែត ៖ កន្លែងចែកចាយក៏ដូចជា កន្លែងពួនសម្ងំជក់គ្រឿងញៀនយ៉ាងដុះស្លែ ដែលគ្មាន សមត្ថកិច្ចណាធា្លប់ចុះបង្ក្រាបសោះនោះ មានទីតាំងស្ថិតក្នុងភូមិ បាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំណុចផ្ទះល្វែងផ្សារអគ្គៈ ដែលក្រុមជនល្មើសបាន ជួលផ្ទះជួល ហើយរកស៊ីលក់ថ្នាំ ញៀនដោយមានកន្លែងសំរាប់ឲ្យអ្នកជក់ថ្នាំញៀន ពួនសម្ងំជក់ លុះឥឡូវនេះត្រូវបានសមត្ថកិច្ចប៉ូលិស បង្ក្រាបហើយ។
ហេតុការណ៍សមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត ចុះបង្ក្រាបសំបុកលក់និងជក់ថ្នាំ ញៀននោះ បានកើតឡើង កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១០ វេលាម៉ោង ៩នាទីយប់ ក្នុងនោះសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ រួមទាំងអ្នកលក់ថ្នាំពីរនាក់ផងដែរ។
លោកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បាននិយាយឲ្យដឹងថា ដោយមានបទបញ្ជាពីលោក ហ៊ុន ហ៊ាន ស្នងការខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយព្រះរាជអាជ្ញារងខេត្ត និងប៉ូលិស ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានកំណត់មុខសញ្ញាបទល្មើស រួចហើយចុះធ្វើការបង្ក្រាបទាំងយប់តែម្ដង។ លោកសុផល បាននិយាយឲ្យដឹងទៀតថា កំលាំងរបស់លោកបានចុះធ្វើការបង្ក្រាបសំបុកជក់ថ្នាំញៀននោះទាំងយប់ ដើម្បីស្វែងយល់ពីសកម្មភាពជាក់ ស្ដែងអ្នកដែលចូលមក ជក់ថ្នាំ និងអ្នកលក់ថ្នាំញៀននៅទីនោះតែម្ដង។ លោកបានបន្តថា ក្នុងយប់នោះសមត្ថកិច្ចបានឃាត់ ខ្លួនមនុស្ស១២នាក់។
ការចុះបង្ក្រាបរបស់សមត្ថកិច្ចក្នុងខណៈនោះ គឺរឹបអូសបានភស្ដុតាងមានបំពង់ ជក់ និងថ្នាំ ញៀន ប្រភេទគ្រាប់ (យ៉ាបា) មួយចំនួនដែលពួកគេចែកចាយនិងកំពុងជក់នៅទីនោះ៕ |