|
ច័ន្ទ, 08 មិនា 2010 20:00 |
|
បាត់ដំបង ៖ គ្រាប់បែកដៃ១គ្រាប់ ប្រភេទផ្លែទាប ផលិតនៅប្រទេសសូវៀតដែលបានដកគន្លឹះ របូតស្លាបព្រាហើយជាស្រេច ត្រូវបានគេប្រទះឃើញនៅក្បែរ មាត់ទឹកស្ទឹងសង្កែ ក្នុងខណៈពេល ដែលក្មេងៗ១ក្រុមដើរចុះទៅមុជទឹក។
ហេតុការណ៍នៃការជួបប្រទះគ្រាប់បែកនេះ បានកើតឡើងនៅវេលាម៉ោង ១៥ និង១០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១០ ត្រង់ចំណុចក្បែរស្ពានបេឡា នៅប៉ប្រះនឹងមាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមសំដីក្មេងៗ១ក្រុមនោះបានបញ្ជាក់ថា នៅពេលដែលពួកគេនាំគ្នាចុះទៅងូតទឹកស្ទឹងនោះ ក៏បានប្រទះឃើញគ្រាប់បែកដៃ១គ្រាប់នេះ នៅជាប់នឹងភក់។ ដោយហេតុតែពួកគេជាក្មេងរពឹស គេ ក៏បានរើសយកមកលាងទឹកយ៉ាងស្អាត ហើយដើរមកតាមថ្នល់ ប៉ុន្តែត្រូវបានសមត្ថកិច្ចដេញឲ្យយក ទៅទុកនៅគល់គគីរមួយកន្លែង ដើម្បីធ្វើការទាក់ទងទៅកំលាំង CMAC ប្រចាំខេត្តបាត់ដំបង ចាត់ ការទៅតាមបច្ចេកទេស។
បន្ទាប់ពីបានចុះមកត្រួតពិនិត្យរួចមក មន្រ្តី CMAC មួយរូបបានបញ្ជាក់ថា គ្រាប់បែកផ្លែទៀបនេះ គឺផលិតនៅប្រទេសសូវៀត ថ្វីត្បិតតែគ្រាប់នេះមិនទាន់ផ្ទុះក៏ដោយក៏គ្រាប់បែកនេះ នៅមាន គុណភាព១០០% គឺអាចសំលាប់ជីវិតមនុស្សបាន នេះជាសំណាងល្អដែលពួកគេក្មេងៗបានត្រឹមតែ កាន់ បើចៃដន្យហ៊ានបោះទៅលើដីរឹង ឬលើថ្នល់គ្រាប់បែកនេះនឹងផ្ទុះឡើងភ្លាមជាមិនខាន ហើយ បើតាមការពិនិត្យគ្រាប់បែកនេះត្រូវបានគេយកទៅបោកត្រី ក្នុងស្ទឹងប្រហែលជាក្នុងអំឡុងឆ្នាំ២០០០ នេះប៉ុណ្ណោះ។
ក្នុងករណីនេះ សូមប្រជាពលរដ្ឋទាំងអស់ ធ្វើការណែនាំកូនចៅឲ្យបានយល់ដឹង អំពីគ្រាប់ មិនទាន់ផ្ទុះទាំងនោះ គឺនៅពេលជួបប្រទះហាមប៉ះពាល់ដាច់ខាត និងត្រូវរាយការជាបន្ទាន់ដល់ កំលាំងជំនាញ ឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដោយប្រការណាមួយ ព្រោះគ្រាប់ទាំងនោះវាមិនស្លាប់អ្នកណាម្នាក់ឡើយ៕ |