|
ពុធ, 10 មិនា 2010 17:39 |
|
ក្រុងសៀមរាប ៖ ជនសង្ស័យជាមេខ្លោងលួចម៉ូតូម្នាក់ និងបក្ខពួកពីរនាក់ទៀត ត្រូវកំលាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយប៉ូលិស អន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ និងបានរកឃើញវត្ថុតាង ជាច្រើនពាក់ព័ន្ធនឹងករណីចោរកម្ម។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យនេះ កើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ និងព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១០ នៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកអនុសេនីយ៍ឯក សុខ ស៊ុន នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ជាអ្នក ដឹកនាំកំលាំងប្រតិបត្តិការបានឲ្យដឹងថា ជនសង្ស័យជាមេខ្លោង មានឈ្មោះ ញ៉ែម សាធ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបក្ខពួកពីរនាក់ទៀត ឈ្មោះ ធី អូន ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និងឈ្មោះ វុំ វណ្ណារី ភេទស្រី អាយុ ១៨ឆ្នាំ ទីលំនៅភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល រួមគ្នា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកអនុសេនីយ៍បន្តថា ពេលឆែកឆេរប៉ូលិសរកឃើញអាវុធខ្លីមួយដើមម៉ាកK59 មួយដើម មានគ្រាប់២គ្រាប់ និងម៉ូតូសង្ស័យ១គ្រឿង ដែលជននេះជិះធ្វើសកម្មភាព។ លោកបន្តថា នៅក្នុងផ្ទះ ជនសង្ស័យគេបានរកឃើញ ម៉ូទ័រឆាប២ កូនសោសម្រាប់ដោះម៉ូតូគ្រប់ប្រភេទជាច្រើន កន្ត្រកម៉ូតូ១ កញ្ចក់ម៉ូតូ១គូ កូនសោម៉ូតូ៦ ផ្លាកលេខម៉ូតូចំនួន២ ក្នុងនោះខេត្តសៀមរាប 1F0985 បន្ទាយមានជ័យ 1C 4437 សោអក្សរT សម្រាប់កាច់កម៉ូតូចំនួន១ និងរថយន្តកាមរី១គ្រឿង ឆ្លាម ១គ្រឿង ពណ៌ខ្មៅ ផ្លាក លេខតាកែវ 0065 ជារបស់ឈ្មោះញ៉ែម សាធ៕ |