ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រាប់ក្រុមប្រឆាំង ដែលរួមមានទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនឱ្យរង់ចាំរហូតដល់ក្រោយឆ្នាំ ២០១៣ ដើម្បីឱ្យការទាមទាររបស់ពួកគេប្រព្រឹត្តទៅបាន សម្រាប់ការកែប្រែច្បាប់ប្រឆាំងអំពើពុករលួយ ដែលលោកសង្ឃឹមថា រដ្ឋសភានឹងអនុម័តយ៉ាងឆាប់រហ័សនោះ ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ក្នុងសន្និសីទ ដើម្បីប្រកាសផ្សព្វផ្សាយ “ក្រមព្រហ្មទណ្ឌ” របស់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមីនានៅទីក្រុងភ្នំពេញថា “ខ្ញុំសូមអំពាវនាវចំពោះអ្នកដែលបានបារម្ភទាំងឡាយ សុំរង់ចាំក្រោយឆ្នាំ២០១៣ ពេលដែលខ្លួនឈ្នះឆ្នោត សូមអញ្ជើញកែប្រែច្បាប់នេះចុះប្រសិនបើខ្លួនឈ្នះឆ្នោតនោះ” ។ សម្តេចតេជោថ្លែងថា ខ្ញុំអាចនិយាយបានថា មានច្បាប់ប្រឆាំងអំពើពុករលួយប៉ុណ្ណេះ វាគ្រាន់បើជាងអត់មានច្បាប់ ។
នៅពេលដែលសម្តេច ហ៊ុន សែន កំពុងចូលរួមក្នុងសន្និសីទស្តីពីការផ្សព្វផ្សាយ“ក្រមព្រហ្មទណ្ឌ”នេះ ការកោះប្រជុំវិសាមញ្ញរបស់សភាជាតិក៏បានប្រព្រឹត្តទៅ យ៉ាងសកម្ម ដែលសម័យប្រជុំវិសាមញ្ញនេះ ធ្វើឡើងតាមសំណើរបស់រាជរដ្ឋាភិបាល ដើម្បីអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ដែលជាច្បាប់ដ៏មានសារៈសំខាន់នោះ ។ សម្តេចតេជោថ្លែងថា វាមិនមែនជាការ ចៃដន្យទេ ហើយវាក៏ដូចនឹងអ្វីដែលលោកធ្លាប់បានលើកឡើងរួចមកហើយដែរ ។ នៅពេលដែលក្រមព្រហ្មទណ្ឌចេញពេលណា ច្បាប់ប្រឆាំងអំពើពុករលួយក៏នឹងចេញនៅពេល នោះដែរ ព្រោះបញ្ហាវានៅត្រង់ធ្វើយ៉ាងណាឱ្យមានសង្គតិភាពរវាងច្បាប់មួយ និងច្បាប់មួយទៀត បើយើងចេញច្បាប់ប្រឆាំងអំពើពុករលួយមុនពេលចេញ “ក្រមព្រហ្មទណ្ឌ”វានឹងបង្កើតឱ្យមានភាពសាំញាំជាមួយគ្នាជាមិនខាន ។
អង្គការសង្គមស៊ីវិលមួយចំនួនបានបញ្ជូនឯកសារទៅរដ្ឋសភា កាលពីថ្ងៃទី៩ មីនាដោយរៀបចំលំអិតអំពីអនុសាសន៍ របស់ខ្លួនសម្រាប់ការកែប្រែសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានស្នើឱ្យមាន ការពន្យារពេលការអនុម័តច្បាប់នេះផងដែរ។ កាលពីពេលមុននេះ តំណាងរាស្ត្របក្សប្រឆាំងក៏ធ្លាប់បានបញ្ជូនសេចក្តីព្រាងច្បាប់ប្រ ឆាំងអំពើពុករលួយ របស់គណបក្សសម រង្ស៊ីទៅកាន់សភាផងដែរ ប៉ុន្តែត្រូវបានទាត់ចោលដោយគណៈកម្មការអន្ត្រៃយ៍ របស់រដ្ឋសភាផងដែរ ។
សម្តេចនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា តំណាងរាស្ត្រដែលមាន សំឡេងភាគតិច និង អង្គការក្រៅរដ្ឋាភិបាល ដែលចាត់តាំងដោយខ្លួនឯង តើគេអាចមានតួនាទី ដើម្បីអនុម័តច្បាប់ជំនួសរដ្ឋសភាដែលចេញពីការបោះឆ្នោត ដែរឬទេ? សម្តេច ហ៊ុន សែន មានប្រសាសន៍យ៉ាងហ្មឹងម៉ាត់ថា “គឺមានតែសំឡេងភាគច្រើនរបស់រដ្ឋសភា និងព្រឹទ្ធសភាទេ”ដែលអាចអនុម័តច្បាប់ទាំង អស់បាននោះ ។
យោងតាមសម្តេចប្រមុខរាជរដ្ឋាភិបាលឱ្យដឹងថា ក្រមព្រហ្មទណ្ឌដែល បានប្រកាសដោយរាជរដ្ឋាភិបាលនេះមានចែងចំនួន ៤០មាត្រា ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ហើយច្បាប់ប្រឆាំងអំពើពុករលួយក៏មានមាត្រាឱ្យប្រកាស អំពីទ្រព្យសម្បត្តិផងដែរ ។ ច្បាប់ប្រឆាំងអំពើពុករលួយក៏តម្រូវឱ្យបុគ្គលសាធារណៈទាំងឡាយ ទាំងប្រធានបក្សប្រឆាំង និង ប្រធានអង្គការក្រៅរដ្ឋាភិបាលធ្វើការប្រកាសអំពីទ្រព្យសម្បត្តិរបស់ខ្លួនផងដែរ ជាពិសេស គឺថ្នាក់ដឹកនាំដែលមានសញ្ជាតិច្រើនតែម្តង ។ សម្តេចតេជោថ្លែងថា តាមដែលលោកបានដឹងមកថា នៅពេលដែលច្បាប់ប្រឆាំងអំពើពុករលួយចេញនោះ អ្នកដែលមានសញ្ជាតិច្រើននឹងលាលែងចេញពីតំណែងហើយ ព្រោះគេត្រូវប្រកាស ទ្រព្យសម្បត្តិនៅប្រទេសដែលខ្លួនរស់នៅផង ដោយច្បាប់នេះតម្រូវឱ្យប្រកាស ពីទ្រព្យសម្បត្តិដែលនៅក្នុងប្រទេស និងទ្រព្យសម្បត្តិនៅឯក្រៅប្រទេស ។ ក្នុងករណីដែលមានការសង្ស័យអង្គភាពប្រឆាំងនឹងអំពើពុករលួយ មានសិទ្ធិទំនាក់ ទំនងទៅរដ្ឋនោះ ដើម្បីឱ្យដឹងថា តើនៅទីនោះ បុគ្គលនោះមានប្រកាសទ្រព្យសម្បត្តិដែលមាននៅកម្ពុជាដែរឬអត់ ។ ចំណែកកម្ពុជាក៏ចង់ដឹងពីប្រទេសទាំងនោះមកវិញថា តើមនុស្សដែលមានសញ្ជាតិរបស់ខ្លួននេះមានទ្រព្យសម្បត្តិនៅ ទីនោះចំនួនប៉ុន្មាន ។ តើប្រកាសនៅទីនេះគ្រប់គ្រាន់ទេ ។ សូមកុំឱ្យគិតថា ច្បាប់នេះមានការបែងចែកអ្វីទាំងអស់នោះ ។
ដោយបង្ហាញពីការតាំងចិត្ត ក្នុងការប្រយុទ្ធប្រឆាំងជាមួយអំពើពុករលួយ នេះ សម្តេចតេជោថ្លែងថា ទីតាំងអគ្គបញ្ជាការចាស់នឹងត្រូវយកមកធ្វើជាទីស្នាក់ការនៃអង្គការប្រយុទ្ធប្រឆាំងអំពើពុករលួយនេះ ដោយត្រូវប្តូរអគ្គបញ្ជាការ កងទ័ពប្តូរទៅ កាន់ទីបញ្ជាការមេបញ្ជាការកងទ័ពជើងគោក ហើយបញ្ជូនមេបញ្ជាការកងទ័ពជើងគោកទៅកាន់ទីតាំងថ្មីវិញ ។ សម្តេច មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគិតគូររួចហើយ ដោយមិនឱ្យច្បាប់កើតឡើងហើយ ស្ថាប័នហើយ បែរជាគ្មានទីតាំង ដើម្បីតំណាងឱ្យអំណាចនៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនោះទេ ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា យើងសម្រេចយកទីតាំងអគ្គបញ្ជាការកងទ័ពចាស់ ដែលស្ថិតនៅតាមដងផ្លូវព្រះនរោត្តម ក្នុងខណ្ឌដូនពេញធ្វើជាទីតាំងនៃអង្គភាពប្រឆាំងអំពើពុករលួយ ហើយនៅពេលដែលស្ថាប័ននេះចាប់ កំណើតមានរចនាសម្ព័ន្ធនឹងមានកន្លែងធ្វើការតែម្តង៕ |