ព័ត៌មានអន្ដរជាតិ
ការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងនៅថៃកើនឡើងយ៉ាងខ្លាំងដល់ ១១ករណីនៅឆ្នាំនេះ
ចំនួនជនជាតិកូរ៉េខាងត្បូងដែលត្រូវបានចាប់ជំរិតនៅក្នុងប្រទេសថៃ បានកើនឡើងក្នុងឆ្នាំនេះ ដោយឈានដល់ ១១ករណីគិតត្រឹមខែកញ្ញា។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដែលដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាល។

កាសែត Korea Economic Daily ដែលដកស្រង់តួលេខចេញពីក្រសួងការបរទេស បានចុះផ្សាយថា ចំនួននៃការចាប់ជំរិតពាក់ព័ន្ធនឹងជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសថៃ បានកើនឡើងពីសូន្យករណីក្នុងឆ្នាំ២០២១ ឡើងដល់១ករណីនៅឆ្នាំ២០២២ បន្ទាប់មកមានចំនួន៥ករណីជាប់ៗគ្នាក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤។
ប្រទេសថៃដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនកូរ៉េខាងត្បូង បានឃើញការកើនឡើងនាពេលថ្មីៗនេះនៃឧក្រិដ្ឋកម្មហិង្សាពាក់ព័ន្ធនឹងជនរងគ្រោះឬជនសង្ស័យជនជាតិកូរ៉េ។
កាលពីឆ្នាំមុន អ្នកទេសចរកូរ៉េអាយុ៣៤ឆ្នាំម្នាក់ ត្រូវបានចាប់ជំរិត និងសម្លាប់ដោយជនជាតិកូរ៉េ៣នាក់ក្នុងប្រទេសថៃ។ ក្រោយមកជនសង្ស័យត្រូវចាប់ខ្លួនបាននៅប្រទេសកូរ៉េខាងត្បូង វៀតណាម និងកម្ពុជា។
នៅក្នុងករណីធំមួយទៀតក្នុងខែកក្កដាកន្លងទៅ អាជ្ញាធរថៃបានរុះរើក្រុមឧក្រិដ្ឋជនជនជាតិកូរ៉េ២០នាក់ និងជនជាតិចិនម្នាក់ នៅខេត្តចាន់បុរី។ ក្នុងអំឡុងពេលនៃការវាយឆ្មក់នេះ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចាប់ជំរិត និងបង្ខំឲ្យធ្វើការសម្រាប់ការឆបោករបស់មជ្ឈមណ្ឌលហៅទូរសព្ទ ត្រូវបានជួយសង្គ្រោះ។
តំណាងរាស្រ្តបក្សប្រឆាំង លោក Kim Geon នៃគណបក្សអំណាចប្រជាជនកូរ៉េខាងត្បូង បានជំរុញឲ្យរដ្ឋាភិបាលពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយនិយាយថា ប្រជាជនកូរ៉េខាងត្បូងប្រឈមនឹងហានិភ័យកើនឡើងនៅក្នុងប្រទេសថៃ ហើយអំពាវនាវឲ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើការប្រកាសការងារខុសច្បាប់ ដែលទាក់ទាញជនរងគ្រោះនៅបរទេស។
សូមជម្រាបថា យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ប្រជាជនកូរ៉េខាងត្បូងចំនួន ១,៨៦លាននាក់ បានទៅលេងប្រទេសថៃក្នុងឆ្នាំ២០២៤ ដែលជាតួលេខភ្ញៀវបរទេសកំពូលមួយរបស់ក្រុងបាងកកបន្ទាប់ពីប្រទេសចិន ម៉ាឡេស៊ី និងឥណ្ឌា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


