Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធលូស្ទះហៀរទឹកស្អុយលើផ្លូវចូលសាលាពហុបច្ចេកទេសព្រះកុសុមៈ ពលរដ្ឋស្នើអាជ្ញាធរមានវិធានការ

បានផុស

នៅ

ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវចូលសាលាពហុបច្ចេកទេសព្រះកុសុមៈ ស្នើអាជ្ញាធរជួយមានវិធានការ ខណៈប្រព័ន្ធលូបង្ហូរខូចខាត លែងដំណើរការ ហៀរទឹកស្អុយពេញលើផ្លូវ បង្កឲ្យមានក្លិនស្អុយឆ្អេះឆ្អាប ប៉ះពាល់ដល់សុខភាព និងអ្នកប្រកបរបរទទួលទានប្រចាំថ្ងៃ។ ទីតាំងនេះស្ថិតនៅផ្លូវលើបេតុង ច្រកចូលសាលាពហុបច្ចេកទេសព្រះកុសុមៈ NTTI ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សុភាព ជាពលរដ្ឋលក់បាយនៅផ្លូវចូលសាលាពហុបច្ចេកទេសព្រះកុសុមៈ បានលើកឡើងថា កន្លងមក អាជ្ញាធរ​តែងតែយកចិត្តទុកដាក់ ដាក់កម្លាំង និងរថយន្ត មកបូមស្តារផងដែរ នៅពេលស្ទះម្តងៗ នារដូវវស្សា។ អ្នកស្រី បានបន្តថា តែទោះបូមយ៉ាងណា បានត្រឹមតែបូមឲ្យអស់ពីលូ រួចក៏ស្ទះវិញដដែល។

ដោយឡែក លោក សុផាត ពលរដ្ឋម្នាក់ទៀតជាអ្នករត់កង់បី នៅទីតាំងខាងលើបាននិយាយថា លោកឃើញទឹកហៀរមកលើផ្លូវបែបនេះយូរមកហើយ តាំងពីគាត់មករត់កង់បីនៅទីនេះជាង១ឆ្នាំហើយ ហើយកន្លងមកក៏មានអាជ្ញាធរ ដាក់រថយន្តមកបូមផងដែរ។ ក្នុងនោះផងដែរ ពលរដ្ឋក៏សំណូមពរស្នើដល់អាជ្ញាធរ ពិសេសលោកអភិបាលខណ្ឌសែនសុខ ជួយមានវិធានការឲ្យបានឆាប់ៗផង ព្រោះទឹកលូនេះជះក្លិនពិបាករស់នៅណាស់។

ទាក់ទិននឹងបញ្ហានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា លោកសូមអរគុណចំពោះការផ្ដល់ព័ត៌មានករណីខាងលើនេះ។ លោកបានបន្តថា នៅព្រឹកស្អែកនេះ ក្រុមការងារដ្ឋបាលខណ្ឌ នឹងចុះរៀបចំសណ្តាប់ធ្នាប់នៅទីនោះ ដូចនេះ លោកនឹងឲ្យក្រុមការងារពិនិត្យបន្ថែមដើម្បីសម្រួលជូនប្រជាពលរដ្ឋ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម