Connect with us

ព័ត៌មានជាតិ

អគារទីស្ដីការក្រសួងសុខាភិបាលថ្មីកម្ពស់១១ជាន់សម្រេចសាងសង់បាន៤០%គ្រោងនឹងបញ្ចប់តាមផែនការ

បានផុស

នៅ

អគារទីស្ដីការក្រសួងសុខាភិបាលថ្មីដែលមានកម្ពស់ ១១ ជាន់ស្ថិតនៅលើវិថី សម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រេចការសាងសង់ដំណាក់កាលទី១បានប្រមាណ៤០%ហើយគ្រោងនឹងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។ អគារថ្មីនេះ ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីដើមខែ ឧសភា ឆ្នាំ២០២៥ កន្លងទៅ ខណៈកម្មករជំនាញកំពុងមមាញឹកក្នុងសាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះត្រួតពិនិត្យ និងប្រគល់-ទទួល សំណង់អគារទីស្ដីការក្រសួងសុខាភិបាល កាលពីថ្ងៃទី៨ ខែធ្នូ លោកស្រីឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ការសាងសង់ក្នុងដំណាក់កាលទី១នេះ រួមមានការងាររៀបចំការដ្ឋានការងារផ្នែកគ្រឿងបង្គុំ ការងារជញ្ជាំងឥដ្ឋផ្នែកខាងក្នុង និងខាងក្រៅ ការងារជាន់ដំបូលទែរ៉ាស់ និងការងារប្រព័ន្ធទឹក ភ្លើង លូ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលអគារទាំងមូលទំហំ ៤៤,៦០ម x ២២,៤៤ម មានកម្ពស់សរុប ១១ ជាន់។

លោកស្រីបានបន្តថា បច្ចុប្បន្នការសាងសង់អគារទីស្ដីការក្រសួងសុខាភិបាល (ដំណាក់កាលទី១) នេះ សម្រេចបាន៤០% ហើយ និងគ្រោងប្រគល់ទទួលដំណាក់កាលបន្តបន្ទាប់ក្នុងឆ្នាំ២០២៦ ខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងប្រគល់-ទទួល ស្ដីពីការសាងសង់អគារទីស្ដីការក្រសួងសុខាភិបាល(ដំណាក់កាលទី១) ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា។ 

គួរបញ្ជាក់ថា អគារថ្មីនេះនឹងចូលរួមមួយចំណែកបន្ថែមទៀត ដោយឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ផ្តល់ភាពងាយស្រួលដល់ការបម្រើសេវាផ្នែករដ្ឋបាលនៃសុខាភិបាល ពិសេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ គិតគូរ និងផ្តល់អាទិភាពដ៏ខ្ពស់បំផុតទៅលើសុខុមាលភាពប្រជាជន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម