ព័ត៌មានអន្ដរជាតិ
អឺរ៉ុប មានវិធានការ៣យ៉ាង ដើម្បីបំផ្លាញមហិច្ឆតាលោកត្រាំ ចង់ក្រសោបយក Greenland
មហិច្ឆតារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្រសោបយកកោះ Greenland កំពុងធ្វើឲ្យពិភពលោក ក្រឡាប់ចាក់ និងបង្កភាពមិនប្រាកដប្រជាក្នុងទ្វីបអឺរ៉ុប។

ជាមួយនឹងការមិនពេញចិត្តចំពោះប្រទេសដែលរារាំងផែនការរបស់លោក, ប្រមុខសេតវិមានដំបូងឡើយ បានប្រកាសយកពន្ធបន្ថែម១០% លើសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ប្រទេស ប៉ុន្តែក្រោយមកបែរជាបន្ទន់ឥរិយាបទបន្តិចវិញ ដោយផ្អាកយកពន្ធសិន រង់ចាំការសម្រេចនាពេលក្រោយ។
យ៉ាងណា អឺរ៉ុប មិននៅស្ងៀមឡើយ ដោយប្រទេសជាច្រើនបានរៀបចំផែនការនិងត្រៀមវិធានការតទល់ទៅលោកត្រាំ វិញ ដើម្បីបង្អាក់ដំណើរប្រធានាធិបតីអាមេរិក ក្នុងការដណ្តើមយកកោះ Greenland។
ដូច្នេះតើអឺរ៉ុបនឹងចាត់វិធានការបែបណាខ្លះ?
តាមការផ្សាយរបស់ Independent កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ អឺរ៉ុប អាចមានវិធានការ៣យ៉ាង ដើម្បីវាយបកទៅលោកត្រាំវិញ ក្នុងករណីសេណារីយ៉ូអាក្រក់ណាមួយកើតឡើង។
១. ការយកពន្ធសងសឹក

សេចក្តីថ្លែងការណ៍រួមពីប្រទេសចំនួនប្រាំបី រួមមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ផងនោះ បានព្រមានថា ការដំឡើងពន្ធនេះនឹងបំផ្លាញទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិក និងមានហានិភ័យនៃការធ្លាក់ចុះក្នុងវដ្តដ៏គ្រោះថ្នាក់មួយ។
លោកបណ្ឌិត Trevelyan Wing សមាជិកនៃមជ្ឈមណ្ឌលភូមិសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Cambridge និយាយថា៖ «ច្បាស់ណាស់ ឥឡូវអឺរ៉ុបកំពុងស្ថិតក្នុងភាពទាល់ច្រក»។ ចំណែកលោកស្រី Penny Naas អ្នកជំនាញខាងគោលនយោបាយសាធារណៈអឺរ៉ុបនៅមូលនិធិ German Marshall Fund បានប្រាប់សារព័ត៌មាន Independent ថា៖ «ដោយសារទិដ្ឋភាពប្រទាក់ក្រឡាគ្នានៃទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិក រាល់សកម្មភាពភាគច្រើន ក៏នឹងផ្តល់ផលប៉ះពាល់ដល់អឺរ៉ុបវិញផងដែរ»។
២. យន្តការប្រឆាំងការបង្ខិតបង្ខំ

អឺរ៉ុបនឹងប្រើអាវុធពាណិជ្ជកម្ម ដែលមានឈ្មោះថា ACI (ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ)។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ យន្តការនេះបានចែងពីនីតិវិធីសម្រាប់ប្លុកអឺរ៉ុបក្នុងការឆ្លើយតប និងទាមទារសំណងក្នុងស្ថានភាពដែលប្រទេសណាមួយព្យាយាមដាក់សម្ពាធលើ EU តាមរយៈការគំរាមកំហែងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ។
ACI អនុញ្ញាតឲ្យមានវិធានការជាច្រើន រួមមានការរឹតបន្តឹងលើទំនិញនាំចូលរបស់ប្រទេសណាមួយមកកាន់ EU ឬការរារាំងការវិនិយោគមួយចំនួន។ និយាយឲ្យស្រួលស្តាប់ វាអាចនឹងត្រូវបានប្រើប្រាស់ដើម្បីកាត់ផ្ដាច់សហរដ្ឋអាមេរិកជាបណ្ដោះអាសន្នពីទីផ្សាររួមរបស់អឺរ៉ុប។ ការប្រើប្រាស់អាវុធនេះ ទំនងជានឹងត្រូវចំណាយពេលខ្លះ ដោយសារការអនុវត្តវា តម្រូវឲ្យមានសំឡេងគាំទ្រភាគច្រើន ពីបណ្តាសមាជិកនៅក្នុងក្រុមប្រឹក្សាអឺរ៉ុប។
៣. ធ្វើពហិការប្រកួតបាល់ទាត់ World Cup

លោក Lucas Guttenberg នាយកកម្មវិធីអឺរ៉ុបនៃមជ្ឈមណ្ឌល Jacques Delors អះអាងថា អឺរ៉ុបគួរតែប្រើប្រាស់អំណាចទន់ផ្នែកវប្បធម៌ ហើយគំរាមធ្វើពហិការមិនចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ដែលគ្រោងចាប់ផ្តើមនៅសហរដ្ឋអាមេរិកក្នុងខែមិថុនាខាងមុខ។
លោក Guttenberg ដែលជាអតីតសេដ្ឋវិទូនៅធនាគារកណ្តាលអឺរ៉ុប និងជាអតីតទីប្រឹក្សារបស់អនុអធិការបតីអាល្លឺម៉ង់ បានសរសេរលើបណ្តាញសង្គមថា៖ «វានឹងក្លាយជាព្រឹត្តិការណ៍ដែលគ្មានន័យអ្វីទាំងអស់ ហើយវានឹងធ្វើឲ្យលោកត្រាំ ឈឺចាប់ ព្រោះចំណុចខ្សោយបំផុតរបស់គាត់ គឺ «អំនួត» របស់គាត់ហ្នឹងឯង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


