Connect with us

ព័ត៌មានជាតិ

ពេលទស្សនកិច្ចនៅតួកគី រដ្ឋមន្ត្រីមហាផ្ទៃ ជួបជាមួយមន្ត្រីនគរបាលជាតិកម្ពុជា ដែលកំពុងសិក្សានៅទីនោះ  

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានជួបសំណេះសំណាលជាមួយនឹងសិក្ខាកាមកម្ពុជា​ ដែលជាមន្ត្រីនគរបាលជាតិកំពុងសិក្សាវគ្គបណ្តុះបណ្តាលនគរបាល នៅបណ្ឌិត្យសភានគរបាលតួកគីយ៉េ ខណៈដែលលោកអញ្ជើញបំពេញទស្សនកិច្ចនៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាកាមកម្ពុជា ដែលបាននិងកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលតួកគីយ៉េ ពេលនេះមានចំនួន១៨នាក់។ សិក្ខាកាមទាំង១៨នាក់នោះជាកងកម្លាំងនគរបាលជាតិកម្ពុជា ដែលទទួលបានការអនុញ្ញាតពីបណ្ឌិត្យសភានគរបាលជាតិតួកគីយ៉េ ឱ្យទៅសិក្សានៅទីនោះ។

ផ្អែកលើកិច្ចសហប្រតិបត្តិការទ្វេភាគី កន្លងមក បណ្ឌិត្យសភានគរបាលជាតិតួកគី បានផ្ដល់នូវការគាំទ្រលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិកម្ពុជា តាមរយៈបានផ្តល់អាហារូបករណ៍ដល់មន្ត្រីនគរបាលជាតិកម្ពុជា ចំនួន២ជំនាន់ ដោយជំនាន់ទី១ តួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន៨នាក់ ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន៤នាក់។

សម្រាប់ជំនាន់ទី២ ឆ្នាំសិក្សា២០២៥-២០២៦ តួកគីបានផ្តល់អាហារូបករណ៍បន្ថែមទៀតចំនួន១០នាក់។ ជំនាន់ទី២នេះ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥នាក់ និងថ្នាក់បរិញ្ញាបត្រ៥នាក់​ ដែលសរុបទាំង២ជំនាន់នេះ គឺមន្ត្រីនគរបាលជាតិកម្ពុជាចំនួន១៨នាក់ ក្នុងនោះមានប្រុស១២រូប និងស្រីចំនួន៦រូប ទទួលបានឱកាសទៅសិក្សានៅប្រទេសតួកគី។

គួរឱ្យដឹងដែរថា ក្នុងពេលបំពេញទស្សនកិច្ចនៅតួកគីយ៉េនោះ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់​គ្នា​ក្នុងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលមន្ត្រី។ អនុស្សរណៈនោះ ត្រូវបានចុះហត្ថលេខាដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Mehmet Saglam អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់នូវកិច្ចសហការស្ថាប័ន និងការគាំទ្រគ្នាទៅវិញទៅមករវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ពិសេសលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-តួកគីយ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម