Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា មានមនុស្សស្លាប់ដោយសារជំងឺនីប៉ាហ៍, ម្នាក់នោះជា គិលានុបដ្ឋាយិកា

បានផុស

នៅ

ករណីដ៏គួរឲ្យបារម្ភនៅប្រទេសឥណ្ឌា ដោយមានសេចក្តីរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ដោយសារជំងឺនីប៉ាហ៍ ហើយម្នាក់នោះគឺជាគិលានុបដ្ឋាយិកាទៅទៀត។

(រូបថត៖ Reuters)

តាមការផ្សាយរបស់សារព័ត៌មាន Independent កាលពីថ្ងៃសៅរ៍ទី១៤ខែកុម្ភៈ, នេះគឺជាករណីស្លាប់លើកដំបូងដោយសារជំងឺនីប៉ាហ៍ សម្រាប់ការផ្ទុះករណីឆ្លងចុងក្រោយនេះ។

គិលានុបដ្ឋាយិកាអាយុ២៥ឆ្នាំដែលគេមិនបញ្ចេញឈ្មោះ បានស្លាប់ក្នុងមន្ទីរពេទ្យនៅរដ្ឋ West Bengal។ នាងគឺជាម្នាក់ក្នុងចំណោមមនុស្ស ២ នាក់ដែលបានឆ្លងវីរុសនៅក្នុងរដ្ឋនេះ ខណៈអ្នកជំងឺម្នាក់ទៀតដែលជាបុរសវ័យ២៧ឆ្នាំ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ។

តាមការបញ្ជាក់ពីមន្ទីរពេទ្យ គិលានុបដ្ឋាយិកា ស្លាប់ដោយសារជំងឺខ្សោយបេះដូង ក្រោយពីមានផលវិបាកធ្ងន់ធ្ងរដោយសារឆ្លងជំងឺ រួមទាំងការឆ្លងមេរោគសួតបន្ទាប់បន្សំផងដែរ។

ជុំវិញករណីនេះ អាជ្ញាធរសុខាភិបាលឥណ្ឌា បានតាមដានមនុស្សប្រហែល ២០០ នាក់រួចហើយ ដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ ប៉ុន្តែលទ្ធផលធ្វើតេស្តបង្ហាញថាពួកគេ «អវិជ្ជមាន» ទាំងអស់។

ការស្លាប់អ្នកជំងឺនីប៉ាហ៍នៅឥណ្ឌា កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីការស្លាប់របស់ស្ត្រីម្នាក់នៅ ប្រទេសបង់ក្លាដែស ដោយសារវីរុស នីប៉ាហ៍ នេះដែរ បន្ទាប់ពីនាងបានផឹកទឹកត្នោតផ្អែម៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម