Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង និងមាសអន្តរជាតិ អាចហក់ឡើងកប់ក្ដោងនៅថ្ងៃស្អែក បើជម្លោះមជ្ឈិមបូព៌ាបន្តតានតឹងខ្លាំង

បានផុស

នៅ

អ្នកជំនាញទីផ្សារអន្តរជាតិ​រំពឹងថា តម្លៃទំនិញអន្តរជាតិសំខាន់ៗរួមមាន​ប្រេង និងមាស អាច​បន្តហក់ឡើងខ្ពស់កប់ពពកពេលបើកការជួញដូរដើមសប្ដាហ៍នៅថ្ងៃចន្ទ (២ មីនា) ប្រសិន​បើជម្លោះមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយ​អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​រួមដៃគ្នាវាយប្រហារអ៊ីរ៉ង់នោះ បន្តតានតឹងកាន់តែខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ​ គេមិនទាន់ឃើញ​មាន​សេចក្ដីរាយការណ៍អំពីចេតនារបស់ភាគីណាមួយ​ក្នុងការចូលតុចរចានោះទេ ខណៈភ្នាក់ងារព័ត៌មាន​រដ្ឋអ៊ីរ៉ង់បាន​បញ្ជាក់ថា មេដឹកនាំកំពូលរបស់ប្រទេសលោក Ayatollah Ali Khamenei ត្រូវបាន​សម្លាប់ ហើយយោធាអ៊ីរ៉ង់ប្ដេជ្ញាសងសឹក ដោយបាន​កំណត់គ្រប់គោលដោយោធារបស់សត្រូវ រួមទាំងនៅអ៊ីស្រាអែល​ និង​មូលដ្ឋានទ័ពអាមេរិក​ស្ទើរ​គ្រប់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ារួមទាំងអារ៉ាប់រួម បារ៉ែន គុយវ៉ែត កាតា​ អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ាក់ជាដើម។ អ៊ីរ៉ង់ប្ដេជ្ញាថានឹង​បន្តការសងសឹករបស់ខ្លួន លុះត្រាតែ «សត្រូវចុះចាញ់» ទោះបីជាកំពុងរងការវាយប្រហារទ្រង់ទ្រាយធំ និងខ្លាំង​​ពីអាមេរិក និងអ៊ីស្រាអែលលើទីក្រុងរាប់សិបពាសពេញផ្ទៃប្រទេសក៏ដោយ​។

ជាធម្មតា ជម្លោះនៅមជ្ឈិមបូព៌ាត្រូវបាន​គេរាប់ចូលជាហានិភ័យភូមិសាស្រ្តនយោបាយ ដែលជះឥទ្ធិពលខ្លាំងដល់ទីផ្សារទំនិញសំខាន់ៗ ជាពិសេសប្រេង និងមាស។ តម្លៃទំនិញទាំង២ បាន​ហក់ឡើងរួចទៅហើយនារយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយសារភាពតានតឹង​រវាងអ៊ីរ៉ង់ និងអាមេរិក ជុំវិញការចរចាកម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់។

ពេលបិទការជួញដូរនៅថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ តម្លៃមាសអន្តរជាតិ​ បាន​ឈរនៅ ៥ ២៧៨ ដុល្លារ/អោន ដោយ​កើនឡើង ១០០ ដុល្លារ ឬប្រមាណ ១,៩៤%។ មែនទែនទៅ តម្លៃមាសធ្លាប់បានកើនឡើងដល់អត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តប្រមាណជិត ៥​ ៦០០​ ដុល្លារ/អោន នៅចុងខែមករា ជុំវិញភាពតានតឹងបញ្ហាកោះហ្រ្គីនឡែន ពន្ធគយអាមេរិក និងភាពរឹងមាំនៃតម្រូវការពីធនាគារកណ្ដាល។ យ៉ាងណាមិញ តម្លៃនោះបាន​ធ្លាក់ចុះមកវិញក្រោម ៥ ០០០ ដុល្លារ/អោន បន្ទាប់ពីនោះ ក្រោយភាពតានតឹងបាន​ស្រកស្រាន្ត​ ហើយកើនមកវិញនៅតម្លៃបច្ចុប្បន្ន ដោយសារតែភាពតានតឹងអ៊ីរ៉ង់ មុនពេលអ៊ីស្រាអែល និងអាមេរិក​បើកការវាយប្រហារអ៊ីរ៉ង់ជាផ្លូវការនៅថ្ងៃសៅរ៍។

អ្នកវិភាគយល់ឃើញថា ជម្លោះភូមិសាស្រ្តនយោបាយនាពេលនេះ បាន​​ជាប់ពាក់ព័ន្ធស្ទើរតែគ្រប់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដែលបង្កក្ដីបារម្ភថាសង្រ្គាមអាចរីករាលដាលទូទាំងតំបន់ ហើយបង្កវិនាសសកម្មដល់ជីវិតជនស៊ីវិល សង្គម និងសេដ្ឋកិច្ច។ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងជម្លោះភូមិសាស្រ្តនយោបាយ ធ្វើឱ្យវិនិយោគិនងាកទៅវិនិយោគលើមាស ដែលគេចាត់ទុកថាជាទ្រព្យសម្បត្តិ​សុវត្ថិភាព ដែលជាហេតុធ្វើឱ្យ​តម្លៃមាសហក់ឡើងទៅតាមនោះដែរ។

ក្រោយជម្លោះផ្ទុះឡើងនៅថ្ងៃសៅរ៍ បណ្ដាប្រទេសនៅឈូងសមុទ្រពែរ្សភាគច្រើនបានបិទដែនអាកាសរបស់ខ្លួន ហើយបណ្ដាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ​ទូទាំងពិភព​លោក​បាន​លុបជើងហោះហើរ​ទៅមកសម្រាប់តំបន់នេះក្រោមកង្វល់សុវត្ថិភាព ដែលនេះគូសបញ្ជាក់យ៉ាងច្បាស់ពីផលរំខានដល់អាកាសចរណ៍អន្តរជាតិ ខណៈតំបន់មជ្ឈិមបូព៌ាគឺជាចំណុចឆ្លងកាត់សំខាន់របស់សកល។

ប៉ុន្តែបញ្ហានេះមិនចំត្រឹមនេះប៉ុណ្ណោះទេ ពីព្រោះតំបន់មជ្ឈិមបូព៌ាដដែលក៏ជាតំបន់យុទ្ធសាស្រ្តដ៏មិនអាចខ្វះបានសម្រាប់ការផ្គត់ផ្គង់ប្រេងអន្តរជាតិ​។ ដូច្នេះហើយ តម្លៃប្រេងអាចនឹង​ហក់ឡើងកប់ពពកសម្រាប់ការជួញដូរនៅថ្ងៃចន្ទស្អែកនេះ។

ពេលបិទការជួញដូរនៅថ្ងៃសុក្រ តម្លៃប្រេងអន្តរជាតិ​ម៉ាក Brent បាន​កើន ១,៧៣ ដុល្លារ ​ឬ ២,៤៥% ដល់ ៧២,៤៨ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីចុងខែកក្កដា ឆ្នាំមុន។ តម្លៃប្រេងអាមេរិកវិញ បាន​កើនឡើង ១,៨១ ដុល្លារ ឬ ២,៧៨% ដល់ ៦៧,០២ ដុល្លារ/បារ៉ែល ពោលគឺខ្ពស់បំផុតរាប់តាំងពីខែសីហា។​

មុនការវាយប្រហាររបស់អ៊ីស្រាអែល និង​អាមេរិកកាលពីថ្ងៃសៅរ៍ អ្នកជំនាញទីផ្សារបាន​លើកឡើងរួចហើយ​ថា តម្លៃប្រេងអន្តរជាតិ​អាចនឹង​បន្តហក់ឡើង ប្រសិន​បើភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្ត។ ពួកគេលើកឡើងថា ភាពតានតឹងអាចរំខានការផ្គត់ផ្គង់ប្រេងចេញពីច្រក Hormuz និងបង្កើនភាពស្រពេចស្រពិលផ្នែកផ្គត់ផ្គង់សកល។

ជាលទ្ធផលនៃការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល និងអាមេរិក​ និងការសងសឹកយ៉ាងចាស់ដៃពីអ៊ីរ៉ង់ ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាន​រាយការណ៍នៅព្រឹកថ្ងៃអាទិត្យនេះថា ​ម្ចាស់កប៉ាល់ដឹកប្រេងនានា​ និងក្រុមហ៊ុនប្រេង និងជួញដូរប្រេងជាច្រើន បានប្រកាសផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិពង្រាវ​តាមរយៈច្រកសមុទ្រ Hormuz ដោយខ្លាចរងការវាយប្រហារណាមួយ​កើតឡើង។

ប្រហែល ២០​% នៃប្រេងដែលផ្គត់ផ្គង់លើ​ពិភពលោក មកពីបណ្ដាប្រទេសឈូងសមុទ្រពែរ្សរួមមាន​​អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អ៊ីរ៉ាក់ គុយវ៉ែត និងអ៊ីរ៉ង់ជាដើមនោះ ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ថ្ងៃ ខណៈកាតាក៏ដឹកឧស្ម័នធម្មជាតិពង្រាវ​ (LNG) ក្នុងបរិមាណដ៏ច្រើនកាត់តាមផ្លូវទឹកនេះផងដែរ។

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់ថាមពល Kpler ប្រេងឆៅជាង ១៤ លានបារ៉ែល/ថ្ងៃ ត្រូវបាន​ដឹកជញ្ជូនកាត់តាមច្រក Hormuz ក្នុងឆ្នាំ ២០២៥។ ប្រហែល ៣/៤ នៃប្រេងទាំងនោះ ត្រូវដឹកទៅចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង។ ក្នុងនោះ ចិន ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេបំផុតទី២លើពិភពលោក ទទួល​បានការផ្គត់ផ្គត់ប្រេងពាក់កណ្ដាលរបស់ខ្លួនចេញពីច្រក Hormuz ។

កាលពីថ្ងៃសៅរ៍ រ៉យទ័របាន​រាយការណ៍ផងដែរថា ជម្លោះនៅមជ្ឈិមបូព៌ាឥឡូវនេះ ធ្វើឱ្យទីផ្សារថាមពល​សកល ត្រូវប្រឈមមុខនឹង «​ការហក់ឡើងតម្លៃភ្លាមៗ» ដ៏ធ្ងន់ធ្ងរបំផុត​ក្នុងរយៈពេលរាប់ទសវត្សរ៍។ ទំហំនៃការរំខានអាចកម្រិតដោយរយៈពេលនៃជម្លោះ ប៉ុន្តែសម្រាប់ពេលនេះ ការគំរាមកំហែង និងភាពមិនប្រាកដប្រជា គឺមាន​គ្រប់គ្រាន់បាត់ទៅហើយ ដែលវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់លំហូរផ្គត់ផ្គង់ប្រេងចេញ​ពី​មជ្ឍិមបូព៌ា។

អ្នកជំនាញទីផ្សារខ្លះបានព្រមានថា ប្រសិនបើច្រកសមុទ្រ Hormuz ត្រូវបិទទាំងស្រុង ហើយបន្តអូសបន្លាយ នោះតម្លៃប្រេងអន្តរជាតិ​អាចនឹង​ហក់ឡើងដល់លើស ១០០ ដុល្លារ/បារ៉ែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម