Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រាប់ទៅអាមេរិក ថា៖ «ពេលនេះមិនមែនជាពេលត្រូវចរចាគ្នាទេ»

បានផុស

នៅ

បន្ទាប់ពីលេចឮព័ត៌មានអំពីការបញ្ជូនផែនការ១៥ចំណុចរបស់អាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់មក ឥឡូវទីក្រុងតេហេរ៉ង់ បានចេញមុខបញ្ជាក់យ៉ាងច្បាស់ទៅវិញថា៖ «ពេលនេះ មិនមែនជាពេលត្រូវចរចាគ្នាទេ»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

សម្តីនេះគឺចេញពីមាត់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ដែលថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋ កាលពីថ្ងៃពុធទី២៥ខែមីនាឆ្នាំ២០២៦។

ក្នុងអំឡុងពេលនោះ ប្រមុខការទូតអ៊ីរ៉ង់វ័យ៦៣ឆ្នាំរូបនេះប្រាប់ថា៖ «ប៉ុន្មានថ្ងៃមកនេះ សហរដ្ឋអាមេរិកបាន ចាប់ផ្តើមផ្ញើសារជាច្រើនតាមរយៈអ្នកសម្របសម្រួលផ្សេងៗគ្នា។ សារទាំងនេះត្រូវបាន បញ្ជូនតាមរយៈបណ្តាប្រទេសជាមិត្ត ហើយអ៊ីរ៉ង់បានឆ្លើយតបវិញដោយការបញ្ជាក់ពីគោលជំហរ និងព្រមានចំៗថា នោះគឺមិនមែនជាកិច្ចសន្ទនាឬការចរចា ឬអ្វីដែលស្រដៀងនឹងនោះឡើយ»។

លោក Araghchi អះអាងថា គោលនយោបាយរបស់អ៊ីរ៉ង់នាពេលនេះ គឺបន្តការពារខ្លួន ហើយឥឡូវពួកគេគ្មានបំណងចរចាទេ។ នេះគឺជាសង្គ្រាមរបស់អ៊ីស្រាអែល ប៉ុន្តែប្រជាជនក្នុងតំបន់ និងប្រជាជនសហរដ្ឋអាមេរិក គឺជាអ្នកដែលត្រូវសងតម្លៃចំពោះសង្គ្រាមនេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi (រូប៖ Reuters)

រឿងនេះកើតឡើងបន្ទាប់ពី អ៊ីរ៉ង់ និយាយផ្លែផ្កាទៅលោក ដូណាល់ ត្រាំ ថា ទីក្រុងតេហេរ៉ង់ មិនបានចរចាជាមួយអាមេរិកទេ តែអាមេរិកកំពុងចរចាជាមួយខ្លួនឯង។

បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃពុធទី២៥ខែមីនាឆ្នាំ២០២៦, អ្នកនាំពាក្យបញ្ជាការដ្ឋានចម្រុះនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នៃទីបញ្ជាការកណ្តាល Khatam al-Anbiya លោក Ebrahim Zolfaqari បាននិយាយឌឺដងទៅកាន់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកថា៖ «តើកម្រិតនៃការតស៊ូរបស់អ្នក បានឈានដល់ដំណាក់កាលត្រូវចរចាជាមួយខ្លួនឯងហើយមែនទេ? មនុស្សដូចយើង មិនងាយចុះញ៉មជាមួយមនុស្សដូចអ្នកបានឡើយ»។

ការវាយបកទៅលោកត្រាំបែបនេះទៀតសោត កើតឡើងក្រោយមានការបែកធ្លាយប្រភពពីក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលថា អាមេរិក បានបញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់ហើយតាមរយៈប្រទេសប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម