Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី បើក​ផ្លូវសម្រាប់ការនាំចូលប្រេងពីរុស្ស៊ី ចំពេលការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងការរំខាន​

បានផុស

នៅ

ឥណ្ឌូណេស៊ីបើកផ្លូវ​សម្រាប់ការនាំចូលប្រេងពីប្រទេសផ្សេងៗ រួមទាំងរុស្ស៊ី ដើម្បីរក្សាសន្តិសុខផ្គត់ផ្គង់ថាមពល ក្រោយ​ពេលការផ្គត់ផ្គង់សកលធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជាដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ​

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់ដៃគ្នានៅវិមាន Konstantine Novsky ក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន IDNFinancials រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក Bahlil Lahadalia បានថ្លែងកាលពីដើមសប្ដាហ៍ថា រដ្ឋាភិបាលកំពុងចាត់វិធានការបត់បែនក្នុងការស្វែងរកប្រេងឆៅ ដើម្បីធានាបាននូវភាពអាចរកបាននៃប្រេងឥន្ធនៈក្នុងស្រុក។

ឆ្លើយតបទៅនឹងលទ្ធភាពលើកិច្ចសហប្រតិបត្តិការជាមួយ​រុស្ស៊ីពាក់ព័ន្ធនឹងបញ្ហាប្រេង លោកថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើអ្វីៗគ្រប់យ៉ាងត្រូវបានបញ្ចប់ យើងនឹងប្រកាសវា»។

​ការឱ្យដឹងរបស់រដ្ឋមន្រ្តីរូបនេះ ធ្វើឡើងបន្ទាប់ពី​ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ​ឥណ្ឌូណេស៊ី លោក Sergei Tolchenov បាន​លើកឡើងទាក់ទងនឹង​លទ្ធភាពដែលរុស្ស៊ីអាចលក់ប្រេងឱ្យឥណ្ឌូណេស៊ី។ ​

​បើតាមលោក Bahlil ​ឥណ្ឌូណេស៊ីមិនអាច​ទម្រើសលើ​ប្រភពនាំចូលច្រើនពេកទេ ដោយសារតែស្ថានភាពកាន់តែតឹងតែង​ក្នុងទីផ្សារថាមពលសកល។ លោក​និយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងផ្តល់អាទិភាពដល់ប្រទេសណាមួយដែលមានសមត្ថភាពធានាការផ្គត់ផ្គង់។

លោកបានបន្ថែមថា ការប្រកួតប្រជែងសម្រាប់ប្រេង​ក្នុងទីផ្សារពិភពលោកកាន់តែខ្លាំងក្លាឡើងៗ ​ដោយ​ការផ្គត់ផ្គង់ក៏មានកំណត់ ​ហើយ​តម្លៃក៏កើនឡើង។

លោក Bahlil មិនទាន់បានបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងបរិមាណ ឬកាលវិភាគនៃ​លទ្ធភាព​នាំចូលប្រេង​រុស្ស៊ីនៅឡើយទេ។

គេមើលឃើញថា ចំពេលភាពតានតឹង​ភូមិសាស្ត្រនយោបាយកើនឡើង ឥណ្ឌូណេស៊ីបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មប្រភពថាមពលរបស់ខ្លួន។

​កាលពីមុន លោក​ឯកអគ្គរដ្ឋទូតរុស្ស៊ី Tolchenov ​ធ្លាប់បាន​បញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយឥណ្ឌូណេស៊ីក្នុងវិស័យប្រេង និងឧស្ម័ន ជាពិសេសនៅពេលដែលតម្លៃថាមពលសកល​កើនឡើង ដោយសារតែការរំខាន​នៅច្រកសមុទ្រ​ហ័រមូហ្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម