Connect with us

ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគម្រោងថែទាំផ្លូវជិត ១០គីឡូម៉ែត្រ នៅស្រុកសំរោង និងត្រាំកក់

បានផុស

នៅ

ដើម្បីពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធជនបទ និងលើកកម្ពស់ការតភ្ជាប់បណ្ដាញផ្លូវសម្រាប់បម្រើដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំខួបផ្លូវក្រាលក្រួសសចំនួន ២ខ្សែ នៅក្នុងខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមមន្ត្រីជំនាញ គម្រោងថែទាំខួបផ្លូវក្រាលគ្រួសសទាំង ២ខ្សែនេះ មានប្រវែងសរុប ៩,៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងកម្រាស់ ០.២ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសឹង្ហ ស្រុកសំរោង និងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសចុះពិនិត្យការដ្ឋាន គណៈប្រតិភូបានពិនិត្យលើគុណភាពសំណង់ វឌ្ឍនភាពនៃការអនុវត្តគម្រោង និងការអនុវត្តតាមស្តង់ដារបច្ចេកទេស ដើម្បីធានាថា ផ្លូវដែលកំពុងថែទាំនេះ អាចប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គម្រោងថែទាំផ្លូវនេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជនបទ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូនកសិផល និងជួយជំរុញសកម្មភាពសេដ្ឋកិច្ចនៅតាមសហគមន៍ឱ្យកាន់តែរីកចម្រើន។

លោក លីវ សំណាង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនខេត្តតាកែវបានបញ្ជាក់ថា ការត្រួតពិនិត្យជាប្រចាំលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាសំខាន់ក្នុងការធានាគុណភាពសំណង់ និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងគោលនយោបាយអភិវឌ្ឍជនបទប្រកបដោយចីរភាព៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម