Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ បញ្ចុះបឋមសិលាសាងសង់អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

បានផុស

នៅ

នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រចាំខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងដីទល់មុខមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្ថិតក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងសមាជិក សមាជិកា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាយ៉ាងច្រើនកុះករ។

ការសាងសង់អគារសមាគមថ្មីនេះ ត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីមួយដ៏សំខាន់សម្រាប់ខេត្តតាកែវ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងការរក្សាសន្តិភាពជូនប្រទេសជាតិ។

ថ្នាក់ដឹកនាំបានលើកឡើងថា អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រចាំខេត្តតាកែវ ដែលនឹងលេចរូបរាងឡើងនាពេលខាងមុខនេះ មិនត្រឹមតែជាទីស្នាក់ការបំពេញការងារប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ជួបជុំ ពិភាក្សា និងសម្របសម្រួលកិច្ចការងារនានា ដើម្បីគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើង។

ការបញ្ចុះបឋមសិលាសាងសង់អគារនេះ ក៏ជាការបន្តអនុវត្តគោលនយោបាយយកចិត្តទុកដាក់លើសុខុមាលភាព និងសិទ្ធិប្រយោជន៍របស់អតីតយុទ្ធជន ដែលជាវីរជនបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ រហូតសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម