KPT+
អត់លុយដើរលេងឆ្ងាយពេលបុណ្យអុំទូក សាកវិធីនេះវិញ ធានាសប្បាយដូចគ្នា
ការដើរកម្សាន្តក្នុងថ្ងៃឈប់សម្រាកជាបំណងប្រាថ្នានៃមនុស្សទូទៅ ដើម្បីលំហែខួរក្បាលពីការនឿយហត់ក្នុងការងារ ការសិក្សា ឬកិច្ចការផ្សេងៗ។ ជាទូទៅថ្ងៃសម្រាកធំដូចជាបុណ្យអុំទូកជាដើម មនុស្សម្នាតែងមានគម្រោងលំហែកម្សាន្តតាមតំបន់នានាតាមលទ្ធភាព និងចំណូលចិត្តរបស់ពួកគេ។ ប៉ុន្តែបើអត់លុយ តើឲ្យទៅណារួច? អ៊ីចឹងមានតែគេងផ្ទះហើយមែនទេ? KPT Plus សូមណែនាំប្រិយមិត្តនូវគន្លឹះខ្លះៗ ទោះជាអ្នកមិនមានលុយសម្រាប់ដំណើរកម្សាន្តឆ្ងាយៗ តែអ្នកក៏អាចលំហែនិងទទួលនូវភាពសប្បាយរីករាយបានដែរ។ ជាអ្វីខ្លះទៅ?
អានសៀវភៅ

មានវិធីជាច្រើនដើម្បីអានសៀវភៅដូចជា ខ្ចីសៀវភៅពីមិត្តភក្ដិ ទៅបណ្ណាល័យ ឬអានតាម Internet ព្រោះថានៅលើ Internet មានសៀវភៅជាច្រើនដែលមានដាក់ឲ្យអានដោយមិនគិតថ្លៃ។ យើងអាចជ្រើសរើសអានសៀវភៅដែលជាចំណូលចិត្តរបស់ខ្លួនមិនថាជាសៀវភៅទស្សនៈវិជ្ជាអប់រំ សៀវភៅលើកទឹកចិត្ត ឬប្រលោមលោកជាដើម សុទ្ធតែអាចជួយយើងឲ្យរកឃើញអ្វីដែលថ្មីតិចឬច្រើនជាក់ជាមិនខាន។ តើជឿទេថា ការអានសៀវភៅធ្វើឲ្យអារម្មណ៍ល្អ? ទោះបីមិនបានទៅណាឆ្ងាយក៏ដោយ តែសៀវភៅអាចនាំយើងទៅបានឆ្ងាយជាងអ្វីដែលយើងគិតទៅទៀត។
ផឹកកាហ្វេ

ហាងកាហ្វេជាកន្លែងពេញនិយមបំផុតសម្រាប់មនុស្សស្ទើរតែគ្រប់វ័យក្នុងពេលបច្ចុប្បន្ននេះ។ បើមិនបានទៅណាឆ្ងាយទេ ហាងកាហ្វេជាកន្លែងល្អមួយដែលយើងអាចទៅតែឯង ឬណាត់មិត្តភក្ដិម្នាក់ពីរនាក់ដើម្បីជជែកគ្នាលេង។ ប្រហែលជាយើងខកខានជួបជជែកជាមួយមិត្តជាយូរហើយក៏មិនដឹង។ ដូច្នេះវាជាឱកាសល្អដែលអាចជួបជុំដើម្បីចែករំលែកពេលវេលាល្អៗជាមួយគ្នា។
នៅផ្ទះជួបជុំគ្រួសារ
យូរប៉ុណ្ណាហើយដែលយើងមិនបាននៅផ្ទះជួបជុំសមាជិកគ្រួសារ? មិនបានទៅណាឆ្ងាយ យើងក៏អាចបង្កើតក្ដីសុខជាមួយសមាជិកគ្រួសារ ដោយជួយរៀបចំផ្ទះសម្បែង បំបាត់អផ្សុក ជាពិសេសវាជាឱកាសដែលត្រូវបញ្ចេញស្នាដៃធ្វើម្ហូបឲ្យគ្រួសារម្ដងហើយ។ ការបរិភោគអាហារជុំគ្នា ក៏អាចបង្កើតបរិយាកាសរីករាយ និងទទួលបានក្ដីសុខធំៗបានដែរ។ ដូច្នេះមិនបាច់ច្រណែនអ្នកបានដើរលេងញ៉ាំអាហារដោយចុងភៅចំណានៗទេ យើងក៏ជាចុងភៅដ៏ចំណាប់ម្នាក់ដែរ។
មើលកុន

មើលកុនហាក់ដូចជាសាមញ្ញ តែវាល្អសម្រាប់អ្នកអត់លុយដើរលេងដូចយើង។ រោងកុនមានរឿងជាច្រើនគ្រប់រសជាតិសម្រាប់ទស្សនិកជន។ ដូច្នេះយើងអាចជ្រើសរើសមើលរឿងប្រភេទណាក៏បានដែលខ្លួនចូលចិត្ត។ ទៅទស្សនាម្នាក់ឯងក៏មិនមានបញ្ហា បើទៅជាមួយគូស្នេហ៍ក៏កាន់តែកក់ក្ដៅ ឬទៅជាមួយមិត្តភក្ដិក៏ល្អម្យ៉ាង បើបានទៅជាមួយគ្រួសារក៏រឹតតែពិសេស។ មើលកុន មិនចំណាយច្រើនពេកទេ! វាសក្ដិសមសម្រាប់អ្នកនៅផ្ទះអត់លុយដើរលេងឆ្ងាយ។
ថតរូបស្អាតៗ

ការថតរូប ជាការបន្សល់នូវអនុស្សាវរីយ៍ល្អៗទុកនៅថ្ងៃក្រោយ។ ថតរូបមិនត្រឹមតែបានសប្បាយចិត្តពេលឃើញរូបរបស់ខ្លួនឯងស្អាតៗប៉ុណ្ណោះទេ ថែមទាំងចំណេញបានដើរលេងមើលទេសភាពស្អាតក្នុងក្រុងឬជាយក្រុងទៀតផង។ ជាពិសេសវាចំណាយតិច ដោយគ្រាន់តែមានដៃគូទៅជាមួយដើម្បីជួយថតរូបឲ្យគ្នាប៉ុណ្ណោះ។ នៅក្នុងក្រុងមានកន្លែងថតរូបស្អាតៗជាច្រើនដូចជា ស្ថានីយរថភ្លើង មុខព្រះបរមរាជវាំង សារមន្ទីរ ។ល៕
ឈប់ខូចចិត្តទៅ! អត់លុយក៏អាចសប្បាយបានដែរ!
អត្ថបទ៖ សន្យា
ចុចអាន៖ គុណប្រយោជន៍ល្អៗពីការដើរលេង មិនមែនត្រឹមតែកម្សាន្តសប្បាយប៉ុណ្ណោះទេ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


