ព័ត៌មានជាតិ
តើព្រះសង្ឃអាចដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វបានទេ?
បច្ចុប្បន្ន មានការលើកឡើង និងសរសើរ វត្តអារាម មួយចំនួន ដែលព្រះសង្ឃបានដាំបន្លែ ផ្លែឈើ និងទទួលផលគួរជាទីពេញចិត្ត។ តើព្រះសង្ឃអាចដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វបាន ឬទេ?

អតីតសង្ឃជិត ១០ វស្សា និងបច្ចុប្បន្នជា គ្រូបង្រៀនព្រះសង្ឃ នៅខេត្តកណ្ដាល លោក ខុម សុខឃាង បានប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី ២៨ ខែមករា នេះថា ព្រះសង្ឃមិនគួរដាំបន្លែ ពិសេសចិញ្ចឹមសត្វទេ។ ចំណែកការចិញ្ចឹមសត្វ បើចិញ្ចឹមដោយការអនុគ្រោះសត្វនៅក្នុងវត្តអាចចិញ្ចឹមបាន តែបើចិញ្ចឹមលក្ខណៈអាជីវកម្ម គឺមិនបានទេ។

លោកមានប្រសាសន៍បន្តថា៖ “បច្ចុប្បន្នមានការលើកឡើងតាមទស្សនៈសង្គមថា ដោយសារព្រះសង្ឃមានតម្រូវការ ពិបាកពឹងពុទ្ធបរិសទ្ធ អ៊ីចឹង បើព្រះសង្ឃដាំបន្លែ គឺល្អ ព្រោះកាត់បន្ថយការចំណាយក្នុងវត្ត។ បើតាមវិន័យព្រះពុទ្ធសាសនា គឺព្រះសង្ឃមិនគួរដល់ ដាំបន្លែ ស្រូវ ដើម្បីទទួលផលនោះទេ ព្រោះគោលការណ៍ព្រះពុទ្ធសាសនា ព្រះសង្ឃត្រូវអាស្រ័យបច្ច័យបួនពីពុទ្ធបរិស័ទ។ តែមិនមែនព្រះសង្ឃពឹងពុទ្ធបរិស័ទ្ធដោយមិនផ្ដល់អ្វីនោះទេ គឺព្រះសង្ឃត្រូវផ្ដល់នូវចម្លើយតប ដោយជួយពង្រឹងផ្នែកពុទ្ធិ តាមរយៈការសម្ដែងធម៌ ជួយពន្យល់ បង្រៀន ណែនាំពុទ្ធបរិស័ទឱ្យដើរផ្លូវល្អត្រឹមត្រូវ”។
លោក ខុម សុខឃាង បញ្ជាក់ថា ប៉ុន្តែញាតិញោមពុទ្ធបរិស័ទ្ធអាចដាំបន្លែក្នុងវត្តបាន ប្រសិនជាចង់ដាំបន្លែបង្ការយកផលប្រើក្នុងវត្ត។ បើវិន័យពុទ្ធសាសានា ព្រះសង្ឃមានតែកិច្ចថែទាំ ធ្វើស្មៅ សម្អាតវត្តអារាម បើដាំដើមឈើជាលក្ខណៈលម្អវត្ត ក៏ព្រះសង្ឃត្រូវមានអ្នកចាត់ចែង មិនឱ្យដាំខុសវិន័យឡើយ។

ភិក្ខុ អគ្គបញ្ញោ ចៅ ចំរើន កំពុងបន្តការសិក្សានៅប្រទេសថៃ មានសង្ឃដីកាថា សង្ឃដាំបន្លែត្រូវគិតថា ដាំដើម្បីអ្វី? តាមវិន័យ បើព្រះសង្ឃដាំដើម្បីលម្អ ឬធ្វើជាសួនក្នុងវត្តមិនអីទេ ប៉ុន្តែបើព្រះសង្ឃដាំបន្លែដើម្បីទុកឆាន់វិញ គឺមិនបានទេ។ ភិក្ខុ ចៅ ចំរើន មានសង្ឃដីកា បន្ថែមថា សម្រាប់សាមណេរអាចដាំបាន ប៉ុន្តែទោះយ៉ាងណា សាមណេរក៏គួរគិតថាបួស ដើម្បីអ្វី? បើបួសមកដាំបន្លែឆាន់ខ្លួនឯង ហើយបានបន្លែហើយ នឹងខ្វះសាច់ គឺនឹងត្រូវរកសាច់ ខ្វះអង្ករ នឹងត្រូវដាំស្រូវបន្តទៀត។
ភិក្ខុ ចៅ ចំរើន មានសង្ឃដីកាបញ្ជាក់ថា៖ “តាមវិន័យព្រះសាម្មាសម្ពុទ្ធ អ្នកបួសហើយ មានករណីកិច្ចតែ ២ ទេ គឺបួសដើម្បីរៀន រៀនហើយបដិបត្ត ក្រៅពីនោះដូចជាការងារដាំបន្លែដាំស្រូវជាដើមនោះ មិនមែនជាការងាររបស់ព្រះភិក្ខុទេ។ រឿងចង្ហាន់បិណ្ឌបាត្រជាតួនាទីរបស់ញាតិញោមពុទ្ធបរិស័ទជាអ្នកឧបត្ថម្ភ”។

ព្រះភិក្ខុមានសង្ឃដីកាថា បើគ្រាន់តែដាំដើមឈើលម្អក្នុងវត្ត ដោយមិនរំពឹងប្រមូលផល លុះពេលដើមឈើនោះផ្ដល់បានផល ភិក្ខុអាចប្រើសាមណេបេះផ្លែឈើនោះអាស្រ័យផលបាន តែបើដាំក្នុងគោលបំណងដើម្បីឆាន់ គឺដាំមិនបានទេ ហើយបើដាំដើម្បីយកទៅលក់ នោះកាន់តែមិនបានទៅទៀត។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានលើកឡើងថា ទាក់ទងនឹងការងារដាំបន្លែ ផ្លែឈើនេះ ជាសកម្មភាពល្អរបស់ព្រះសង្ឃ ដោយមិនពឹងផ្អែកតែលើការប្រគេនចង្ហាន់ ពីពុទ្ធបរិសទ ឬការនិមន្តបិណ្ឌបាត្រ។

លោក សេង សុមុនី មានប្រសាសន៍ថា៖ “ការដាំបន្លែផ្លែឈើរបស់ព្រះសង្ឃនេះ ជាការងារសង្គម ហើយគណៈសង្ឃគ្រប់ព្រះអង្គអាចធ្វើបាន។ ការងារកសិកម្មនេះ មិនមែនតែព្រះសង្ឃក្នុងពេលបច្ចុប្បន្នទេអាចធ្វើបាន តែមានយូរមកហើយ”។
គួរបញ្ជាក់ថា បច្ចុប្បន្នមានទីអារាមមួយចំនួនបានចាប់ផ្ដើមធ្វើការងារសង្គម ពិសេសការដាំបន្លែ ដាំដើមឈើ រៀបចំសួនផ្កា និងសោភណភាពក្នុងវត្តឱ្យមានបរិយាកាសបរិសុទ្ធធម្មជាតិ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


