KPT+
លោក ហ្វៃ សំអាង បានជួប បានដឹងពីការឈឺចាប់ ការស្អប់ របស់សម្ដេចតេជោ ហ៊ុន សែន
ភាពយន្តចម្រៀងប្រវត្តិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺបទ “ជីវិតក្មេងវត្ត” បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង មិនត្រឹមតែប្លង់ បច្ចេកទេសថត សកម្មភាពសម្ដែង ទិដ្ឋភាពកាលពីអតីតកាល ជាង៥០ឆ្នាំមុនជាដើម។ ពិសេសឈុតឆាកមួយ កាលពីសម្ដេចតេជោសិក្សាថ្នាក់វិទ្យាល័យ ហើយត្រូវបានកូនមន្ត្រីមើលងាយជាដើមនោះ មានការងឿងឆ្ងល់ថា តើជារឿងពិត ឬអ្នកនិពន្ធប្រឌិតបន្ថែម?

“កម្ពុជាថ្មី” បានជួបសម្ភាស អ្នកដឹកនាំសម្ដែងផ្ទាល់ ដើម្បីជជីកសួរលម្អិតបន្ថែម។

លោក ហ្វៃ សំអាង អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែង បានមានប្រសាសន៍ថា ចំពោះប្រវត្តិរបស់សម្ដេចជោ នាយករដ្ឋមន្ត្រី ថ្វីដ្បិតតែលោកបានសិក្សាស្រាវជ្រាវតាមឯកសាររបស់លោកសម្ដេចតេជោ ក៏ដូចជាស្រាវជ្រាវតាមសៀវភៅដែលអ្នកនិពន្ធបានសរសេរហើយក្ដី ក៏លោកនៅត្រូវជម្រាបសួរសម្ដេចតេជោបន្ថែម ដ្បិតឈុតខ្លះអត់មានលម្អិត អត់បញ្ជាក់ពេលវេលា ថ្ងៃខែ តួអង្គ និងសម្ដីតួអង្គនោះទេ។

លោក ហ្វៃ សំអាង បញ្ជាក់ថា៖ “សម្រាប់ខ្ញុំ ខ្ញុំធ្វើភាពយន្ត ត្រូវមានរូបភាពមកបង្ហាញទស្សនិកជន, នេះជាការលំបាក។ អ៊ីចឹង ខ្ញុំត្រូវការជួបលោក (សម្ដេចតេជោ) ផ្ទាល់ ដើម្បីលោកបានផ្ដល់អនុសាសន៍ល្អៗសម្រាប់ខ្ញុំ នូវអ្វីដែលខ្ញុំឆ្ងល់ នូវអ្វីដែលខ្ញុំចង់ដឹងនូវឈុតឆាកសំខាន់ៗក្នុងរឿង ដែលខ្ញុំត្រូវជ្រើសរើសយកមកថតហ្នឹង”។

អ្នកនិពន្ធ និងដឹកនាំសម្ដែងរូបនេះ បញ្ជាក់បន្ថែមថា ដូចករណីជាពេលសម្ដេចតេជោកាលនៅពីក្មេងបានអញ្ជើញទៅកម្មវិធីខួបកំណើត យើងត្រូវឆ្ងល់ថាមានអ្នកណាខ្លះ ដើម្បីយើងរំលេច ពាក្យពេចន៍អ្វីខ្លះដែលយើងត្រូវប្រើនៅក្នុងឈុតនោះ។ ដូចជា ឃ្លា អ្នកបានខ្ពង់ខ្ពស់ហើយ ម្ដេចឡើយអ្នកមើលងាយអ្នកទាប អ្នកមានប៉ុន្តែក្រ អ្នករូបល្អ ប៉ុន្តែអាក្រក់ សុទ្ធតែជាអត្តន័យល្អៗរបស់សម្ដេច។

លោក ហ្វៃ សំអាង មានប្រសាសន៍ថា៖ “នៅពេលនោះ លោកជាកូនកសិករមកពីជនបទ។ ខ្ញុំក៏ជាកូនអ្នកជនបទមករៀននៅរាជធានីដែរ អ៊ីចឹងយើងដឹង អ្នកជនបទបែបណាក្នុងកែវភ្នែកអ្នកទីក្រុង អ្នកទីក្រុងខ្លះមានការរើសអើង។ អ៊ីចឹងហើយ យើងត្រូវផ្ដិតយកកន្លែងហ្នឹងមកបង្ហាញ ព្រោះវាជាសារសំខាន់សម្រាប់មនុស្សទូទៅដែរ។ បើយើងបានខ្ពង់ខ្ពស់ហើយ យើងកុំមើលងាយអ្នកទាបជាងយើង”។

លោក ហ្វៃ សំអាង មានប្រសាសន៍បន្តថា៖ “យើងក្រ ក្រតែទ្រព្យទេ តែយើងមាន គឺមានទឹកចិត្ត មានសុជីវធម៌ មានគុណធម៌ នេះជាចំណុចសំខាន់នៅក្នុងជីវិត។ សម្ដេចលោកស្អប់ណាស់ ការរើសអើងប្រកាន់វណ្ណៈ! អ៊ីចឹងបានក្នុងសាច់រឿងដែលលោកធ្លាប់ជួប ធ្លាប់ឈឺចាប់ យើងបានយកមកបង្ហាញក្នុងភាពយន្ត”។

លោក ហ្វៃ សំអាង បានឱ្យដឹងថា ភាពយន្តបញ្ជាក់តថភាពនៅក្នុងសង្គម ហើយបើមានជីវិតពិតប្រាកដយកមកថត យកមកដឹកនាំសម្ដែង គឺធ្វើឱ្យលោកកាន់តែពុះកញ្ជ្រល ធ្វើឱ្យលោកពេញចិត្តស្រាវជ្រាវ ពេញចិត្តដឹកនាំ ឱ្យខ្សែភាពយន្តនោះកាន់តែល្អ។

គួរបញ្ជាក់ថា ចម្រៀង “ជីវិតក្មេងវត្ត” ជាស្នាដៃនិពន្ធ របស់សម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ ១៩៩៦ សំនៀង ដើមលោក យិន សារិន និងច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា។ ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ថ្មីនេះ មានរយៈពេលជាង ៣០ នាទី ប្រើពេលថត និងកាត់តជិតមួយឆ្នាំ និងចំណាយអស់ទឹកប្រាក់ប្រមាណ ១២ ម៉ឺនដុល្លារ។ ផលិតករ ៣ រូបគឺ លោកស្រី ចន ច័ន្ទលក្ខិណា ឧកញ៉ា ហេង ឡុង និង ឧកញ៉ា អ៊ឹង លីហេង។

ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភបច្ចេកទេសថត និងសម្ភារៈបម្រើឱ្យការផលិត។ តួអង្គសម្តែងមានដូចជា អ្នកគ្រូ ឌី សាវ៉េត កញ្ញា ឌួង សូរីដា លោក ឈឹម សក្កដា លោក ប៉ាន់ មាឌូ កញ្ញ នីតា វររង្ស លោក ម៉េង ប៊ុនឡូ លោក ពៅ ពិសិដ្ឋ អ្នកនាង លី ម៉ារីណា និងមានតួអង្គជាច្រើនទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


