ព័ត៌មានជាតិ
ពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ស្នើអាជ្ញាធរជួយជួសជុលផ្លូវ ស្តារប្រឡាយ និងពន្លឿនការផ្តល់សេវា
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ ប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធរជួយដោះស្រាយជាសំណើ និងសំណូមពរយ៉ាងច្រើនលើការជួសជុល ការស្ថាបនាផ្លូវ លូ និងការស្តារប្រឡាយ ដើម្បីរំដោះទឹកជាដើម។

វេទិកានេះធ្វើឡើង ក្រោមវត្តមានលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឲ្យលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋ បានលើកឡើងជាសំណួរ សំណើ និងសំណូមពរផ្ទាល់មាត់ចំនួន ១៥រូប ដោយក្នុងនោះរួមមាន៖ ស្នើសុំការជួសជុលផ្លូវមានជង្ហុក សុំការស្ថាបនាផ្លូវបេតុងតូចៗ នៅក្នុងភូមិដ្ឋានរបស់ពួកគាត់ ស្នើសុំធ្វើបណ្តាញលូបង្ហូរទឹក ការស្នើសុំស្តារប្រឡាយ ការជំរុញឲ្យការផ្តល់សេវានៅច្រកចេញចូលតែមួយមួយឲ្យបានលឿន ដូចជាការសុំបញ្ជាក់សំបុត្រកំណើត អាពាហ៍ពិពាហ៍ សុំការកូនជាដើម។ ការស្នើសុំបាញ់ថ្នាំសម្លាប់មូស និងសុំតបណ្តាញទឹកស្អាតជាដើម។

ពាក់ព័ន្ធនឹងការស្នើសុំឲ្យអាជ្ញាធររាជធានីជួយអន្តរាគមន៍នេះ លោក ស៊ុយ សេរិទ្ធ មានប្រសាសន៍ថា សម្រាប់អាជ្ញាធរសង្កាត់ ខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋលើបញ្ហាទាំងនេះ ពោលគឺអាជ្ញាធរដោះស្រាយជាតំណាក់កាល ព្រោះធ្វើអ្វីៗទៅតាមគម្រោងថវិកាប្រចាំឆ្នាំ ឬគម្រោងអភិវឌ្ឍ ៣ឆ្នាំរំកិលជាដើម។ គម្រោងនោះត្រូវបែងចែកជា ២ថែមទៀត នោះគឺគម្រោងផ្នែករឹង និងគម្រោងផ្នែកទន់។

លោកបញ្ជាក់ថា គម្រោងផ្នែករឹង គឺការអភិវឌ្ឍមូលដ្ឋាន ហើយគម្រោងផ្នែកទន់ គឺការបណ្តុះបណ្តាល។ ប៉ុន្តែជិត ៣ឆ្នាំនេះ អាជ្ញាធរជួបបញ្ហាជំងឺកូវីដ-១៩ គម្រោងមូលនិធិខណ្ឌ រាជធានី ត្រូវបានកាត់ផ្តាច់ នៅសល់តែគម្រោងអភិវឌ្ឍសង្កាត់បន្តិចបន្តួចប៉ុណ្ណោះ ដែលអាជ្ញាធរពិបាកអភិវឌ្ឍន៍ឲ្យបានទាន់ចិត្តប្រជាពលរដ្ឋចង់បាន។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ដែរថា ចំពោះភាពយឺតយ៉ាវក្នុងការផ្តល់សេវានៅច្រកចេញចូលតែមួយ ដូចជាការសុំបញ្ជាក់សំបុត្រកំណើត អាពាហ៍ពិពាហ៍ សុំការកូនជាដើមនោះ លោកបានជំរុញរួចហើយ ខណៈដែលលោកមកកាន់តំណែងជាអភិបាលខណ្ឌ។ លោកទទួលស្គាល់ពីភាពយឺតយ៉ាវកន្លងមកពិតជាមាន នោះគឺផ្តើមចេញពីការខុសឈ្មោះពីគល់បញ្ជី ដែលតម្រូវឲ្យមានការផ្ទៀងផ្ទាត់ឡើងវិញ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា ចំពោះការបាញ់ថ្នាំមូសនៅតាមលូទឹកស្អុយ លោកនឹងអនុវត្តភ្លាមទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្នើឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះមូសខ្លា ដែលបង្កឲ្យកើតជំងឺគ្រុនឈាមនោះ ប្រជាពលរដ្ឋត្រូវបំបាត់ជំរកមូសខ្លាឲ្យអស់ ព្រោះមូសខ្លាពងតែក្នុងទឹកដក់ថ្លាតែប៉ុណ្ណោះ។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ជួប ខុន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍនៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើងក្នុង ១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ-១៩ មិនបានជួបជុំគ្នាបែបនេះទេ។ តែពេលនេះបានជួបជុំគ្នាជាធម្មតាឡើងវិញហើយ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


