ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួងទទួលបានអ្នកជំងឺជិត៤០ម៉ឺននាក់ កើនជាង១៥ម៉ឺននាក់ ក្នុងឆ្នាំ ២០២២
លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងជាទីប្រឹក្សាអមក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៥មករានេះថា ឆ្នាំ២០២២ មានអ្នកជំងឺទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួងចំនួន ៣៩៧៥៧៣នាក់ មានការកើនឡើងប្រមាណជាង១៥ម៉ឺននាក់បើប្រៀបធៀបទៅនឹងឆ្នាំ២០២១កន្លងទៅ។

លោកសាស្ត្រាចារ្យ បានបន្តថា ក្នុងចំណោមអ្នកពិគ្រោះជំងឺជិត ៤០ម៉ឺននាក់ក្នុងនោះ មានអ្នកជំងឺចំនួន ៣២៧៩៥នាក់ បានសម្រាកពេទ្យ វះកាត់ធំចំនួន៣០៧៧២នាក់ វះកាត់តូចចំនួន ៣១១៦នាក់ និងអមវេជ្ជសាស្ត្រចំនួន៩៥៧៤១នាក់។
លោកសាស្ត្រាចារ្យ បានបន្តទៀតថា ករណីនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០២១កន្លងទៅមានអ្នកជំងឺទៅពិគ្រោះជំងឺចំនួនតែ ២៤៥២៣១នាក់ក្នុងនោះ មានអ្នកជំងឺសម្រាកពេទ្យចំនួន ១៧៣៦៦នាក់ វះកាត់ធំចំនួន១៥៩២៩នាក់ វះកាត់តូចចំនួន២២១២នាក់និងអមវេជ្ជសាស្ត្រចំនួន៤៨៩៧០នាក់។

លោកសាស្ត្រាចារ្យ បានបន្ថែមទៀតថា បច្ចុប្បន្នមន្ទីរពេទ្យព្រះអង្គឌួងមានព្យាបាលលើឯកទេស ច្រមុះត្រចៀលបំពង់ក ចក្ខុរោគ វះកាត់មុខឆ្អឹង ថ្គាមនិងធ្មេញ សើរស្បែកនិងកាមរោគ សម្ពព រោគស្ត្រី ក្រពះពោះវៀន ថ្លើម ឬសដូងបាត កែសម្ផស្សនិងស្តារលទ្ធភាពពលកម្ម វះកាត់ទូទៅ ជំងឺទឹកនោមផ្អែម ប្រព័ន្ធទឹកមូត្រនិងជំងឺបេះដូងជាដើម។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ចំនួនករណីអ្នកជំងឺពិគ្រោះជំងឺមានការកើនឡើងខ្ពស់នេះដោយសារតែមន្ទីរពេទ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាប់មានឧបករណ៍ និងសម្ភារទំនើបៗ ក្រុមគ្រូពេទ្យមានឯកទេសនិងមានក្រមសីលធម៏វិជ្ជាជីវៈខ្ពស់ទើបធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តនិងជឿជាក់មកលើសេវារបស់យើងពិសេសប្រជាពលរដ្ឋក្រីក្រនិងបងប្អូនកម្មករកម្មការិនី។
លោកសាស្ត្រាចារ្យបានបញ្ជាក់ទៀតថា«អ្វីដែលធ្វើឱ្យអ្នកជំងឺជឿជាក់មកលើសេវារបស់មន្ទីរពេទ្យព្រះអង្គឌួងនោះ គឺមន្ទីរពេទ្យបានដាក់ចេញគោលការណ៍ដោយកំណត់ថា ក្នុង១ថ្ងៃត្រូវពិនិត្យអ្នកជំងឺម្នាក់ឱ្យចប់សព្វគ្រប់តែម្តងទាំងការពិគ្រោះថតឆ្លុះ មើលឈាមមុននឹងដាក់កម្មវិធីវះកាត់លើកលែងតែក្នុងករណីអ្នកជំងឺវះកាត់ខ្លះ ដែលមានជំងឺប្រចាំកាយច្រើនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែមឬជំងឺបេះដូង ដែលទាមទារឱ្យព្យាបាលជំងឺទាំងនោះបានធូរស្រាលសិនទើបអាចធ្វើការវះកាត់បានទោះបីជាអ្នកជំងឺក្រីក្រ កម្មកររោងចក្រឬអ្នកជំងឺទូទៅក៏ដោយត្រូវអនុវត្តដោយស្មើភាពគឺក្នុង១ថ្ងៃត្រូវមើលឱ្យចប់»។

លោកនាយកមន្ទីរពេទ្យបានអះអាងទៀតថា ការធ្វើបែបនេះ គឺលោកមិនចង់ឱ្យអ្នកជំងឺត្រូវរង់ចាំយូរច្រើនថ្ងៃដែលធ្វើឱ្យពួកគាត់ត្រូវចំណាយពេលវេលា និងថវិកាច្រើន ក្នុងការស្នាក់នៅហូបចុកទម្រាំបានវះកាត់ ឬដឹងលទ្ធផលប្រភេទជំងឺរបស់ពួកគាត់នោះទេ។
លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា បច្ចុប្បន្ននេះមន្ទីរពេទ្យមានអគារថ្មីចំនួន៣រួចមកហើយ គឺទី១អគារព្យាបាលភ្នែកមានកម្ពស់ ៣ ជាន់ ទី២អគារត្រចៀកច្រមុះបំពង់មានកកម្ពស់ ៥ ជាន់តម្លៃ ៨ លានដុល្លារ ដែលអគារទាំងពីរនេះជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងអគារកម្ពស់ ៥ ជាន់ដែលជាថវិការបស់រដ្ឋាភិបាលសម្រាប់ព្យាបាលជំងឺទូទៅដែលមានគ្រែសរុប៥៣០គ្រែខណៈកាលពីឆ្នាំ២០០៨មន្ទីរពេទ្យមានគ្រែត្រឹមតែ៨០គ្រែប៉ុណ្ណោះ។ប៉ុន្តែនៅពេលអគារកម្ពស់៨ជាន់ដាក់ដំណើរការជាផ្លូវការនឹងធ្វើឱ្យចំនួនគ្រែរបស់មន្ទីរពេទ្យកើនឡើងដល់ទៅ៧៣០គ្រែ។
ការកសាងអគារថ្មីជាបន្តបន្ទាប់នេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យចេះតែមានការកើនឡើងជាលំដាប់ព្រោះថាក្នុង១ថ្ងៃមន្ទីរពេទ្យបានទទួលអ្នកជំងឺមកពិគ្រោះជំងឺក្រៅប្រមាណពី១៣០០ទៅ១៥០០នាក់ ដែលភាគច្រើនជាប្រជាពលរដ្ឋទូទៅ និងកម្មកររោងចក្រ និងវះកាត់ជាមធ្យមក្នុង១ថ្ងៃចំនួន១៣០នាក់ ក្នុងនោះវះកាត់ភ្នែក ត្រចៀក ច្រមុះ និងបំពង់កប្រមាណ១០០នាក់៕ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


