ព័ត៌មានជាតិ
ឧបាសក សាន សុជា៖ការសឹកពីភេទជាបព្វជិត ជាគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួន
កាលពីម្សិលមិញនេះ ព្រះភិក្ខុជាអ្នកមានចំណេះដ៏ល្បីរន្ទឺរបស់កម្ពុជាមួយអង្គ គឺព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា បានសម្រេចលាចាកសិក្ខាបទ ក្រោយភិក្ខុរូបនេះបានចំណាយពេលវេលាជាង៣០ឆ្នាំជាភេទបព្វជិតនៃព្រះពុទ្ធសាសនា។ អតីតភិក្ខុរូបនេះ បានបញ្ជាក់ថា ការសម្រេចចិត្តលាចាកសិក្ខាបទ នៅពេលនេះ គឺមិនមែនដើម្បីអ្វីទាំងអស់ ប៉ុន្តែដើម្បីគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះ។

ការលាចាកសិក្ខាបទនេះ បានបង្កការភ្ញាក់ផ្អើល និងមានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានសម្ដែងការស្ដាយស្រណោះចំពោះភិក្ខុរូបនេះដែលតែងតែខិតខំទ្រទ្រង់ព្រះពុទ្ធសាសនា តាមរយៈការផ្សព្វផ្សាយធម៌អប់រំដល់ពុទ្ធបរិស័ទគ្រប់ទិសទី។
ឧបាសក សាន សុជា កាលនៅជាព្រះសង្ឃ តែងតែបានចូលរួមផ្សព្វផ្សាយព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ជាពិសេសធម៌អប់រំចិត្ត តាមរយៈថ្វីមាត់ និងភាពប៉ិនប្រសប់ក្នុងការបកស្រាយ ពន្យល់ ដោយលោកបានប្រើព្រះធម៌ក្នុងការផ្សារភ្ជាប់ទៅនឹងវិទ្យាសាស្ត្រពិត។ តាមរយៈនេះ ឧបាសក សាន សុជា បានទទួលការគោរព ស្រលាញ់ រាប់អាន និងឲ្យតម្លៃលោកយ៉ាងខ្លាំង ហើយត្រូវបានប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមនុស្សទូទៅ បានចាត់ទុកលោក ជាអ្នកប្រាជ្ញខ្មែរ ឬជាបណ្ឌិតសង្ឃដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងជាភិក្ខុសង្ឃបានយល់ដឹងច្បាស់ទាំងផ្លូវលោក និងផ្លូវព្រះធម៌ តាមរយៈការពន្យល់អំពីព្រះធម៌នានា។

បើតាមជីវប្រវត្តិសង្ខប គឺឧបាសក សាន សុជា បានប្រសូតនៅឆ្នាំ១៩៧៦ នៅភូមិទួលតាអុក ឃុំកំពង់យោល ស្រុកទ្រាំង ខេត្តតាកែវ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលក្រុមគ្រួសារជាកសិកម្ម និងអ្នកនេសាទ។ នៅឆ្នាំ១៩៨៣ ក្នុងវ័យ៧ឆ្នាំ ឧបាសក សាន សុជា បានចូលរៀនថ្នាក់ដំបូងនៅសាលាបឋមសិក្សាវត្តពោធិមន្ត្រី ក្នុងឃុំគោកពោធិ ស្រុកបូរីជលសា ខេត្តតាកែវ រហូតដល់អាយុ១៤ឆ្នាំ បានចូលរៀននៅអនុវិទ្យាល័យដូងខ្ពស់។
ប៉ុន្តែ ដោយហេតុថា រាងកាយមិនសូវមាំមួន និងមានបញ្ហាសុខភាព ហើយដោយមានការឯកភាពពីក្រុមគ្រួសារផងនោះ ឧបាសក សាន សុជា ក៏បានសម្រេចចិត្តទៅសាងផ្នួសជាសាមណេរ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩២ (អាយុ១៥ឆ្នាំ)។ ក្នុងភេទជាអ្នកបួស ឧបាសក សាន សុជា បានឆ្លងកាត់ការសិក្សារៀនសូត្រតាមវត្តជាច្រើនបន្តបន្ទាប់ ដូចជា នៅវត្តពន្លៃ ខេត្តកំពង់ឆ្នាំង វត្តស្វាយដូនកែវ ខេត្តពោធិ៍សាត់វិញ និងបន្តរៀននៅវត្តប្រាសាទ ស្រុកអង្គរជ័យ ខេត្តកំពត ជាដើម។

នៅអំឡុងឆ្នាំ១៩៩៤ ឧបាសក សាន សុជា បានប្រឡងជាប់វិញ្ញាបនបត្រនៃសាលាពុទ្ធិកបឋមសិក្សា នៅមណ្ឌលប្រឡងភ្នំពេញ និងក្រោយមក ប្រឡងជាប់វិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលជាសិស្សជំនាន់ទី២។ លើសពីនេះ ឧបាសក សាន សុជា ថែមទាំងបានចួលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗជាច្រើនទាំងព្រះធម៌ និងមុខវិជ្ជាផ្សេងៗទាំងនៅក្នុង និងក្រៅប្រទេសផងដែរ។
នៅខែមេសា ឆ្នាំ១៩៩៧ ឧបាសក សាន សុជា បានបំពេញឧបសម្បទាឡើងជាភិក្ខុ ហើយនៅឆ្នាំ១៩៩៩ ក្នុងនាមជាភិក្ខុ ក៏បានចាប់ផ្ដើមចេញទៅបង្រៀនសមណសិស្សនៅវត្តពោធិមន្ត្រី ខេត្តតាកែវ ផ្នែកភាសាបាលី និងគណិតវិទ្យា។ លុះចុងឆ្នាំ១៩៩៩ ក្រោយប្រឡងជាប់ក្របខណ្ឌគ្រូនៃពុទ្ធិសិក្សាជាតិ ឧបាសក សាន សុជា ត្រូវបានក្រសួងធម្មការ និងសាសនា ចាត់ឲ្យទៅបង្រៀននៅខេត្តពោធិ៍សាត់ គឺនៅសាលាពុទ្ធិកបឋមសិក្សាវត្តពាលញែក និងបន្ទាប់មក បានដូរទៅបង្រៀននៅពុទ្ធិកបឋមសិក្សាវត្តកែវសុវណ្ណ។

អ្វីដែលជាសមិទ្ធផលគួរឲ្យកោតសសើរនោះ គឺនៅឆ្នាំ២០០១ ឧបាសក សាន សុជា បានបង្កើតមជ្ឈមណ្ឌលសិក្សាអប់រំពុទ្ធសាសនា ដើម្បីបង្រៀនព្រះធម៌នានាដល់ឧបាសក-ឧបាសិកា ដែលបច្ចុប្បន្នមជ្ឈមណ្ឌលនេះបានប្រែក្លាយជាទីអារាមព្រះពុទ្ធសាសនា ដែលមានឈ្មោះថា «វត្តមណីរតនារាម» ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
បន្ថែមពីលើនេះ កាលពីឆ្នាំ២០០៦ ក្រោមគំនិតផ្ដួចផ្ដើមរបស់អតីតភិក្ខុ សាន សុជា ក៏បានបង្កើតឡើងសមាគមធម្មកឋិកកម្ពុជា ដែលអតីតភិក្ខុនេះ ជាស្ថាបនិក និងជាប្រធាន ប៉ុន្តែនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ពោលគឺមុនការប្រកាសលាចាកសិក្ខាបទ ឧបាសក សាន សុជា ក៏បានប្រកាសលាឈប់ពីប្រធានសមាគមធម្មកឋិកកម្ពុជា ដោយហេតុផលមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


