ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ៖ កម្មវិធីសាលារៀនជំនាន់ថ្មី ផ្តោតលើគុណភាពអប់រំសាលារៀនរដ្ឋ ឱ្យសិស្សរៀនបែបសកម្ម
ការអប់រំនៅសាលារៀនជំនាន់ថ្មី គឺយើងផ្ដោតលើការអនុវត្តកម្មវិធីអប់រំបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលឱ្យសិស្សរៀនបែបសកម្ម ដោយចេះឆ្ងល់ ចេះគិត វិភាគ ស្រាវជ្រាវ និងដោះស្រាយបញ្ហា ដោយមានការសម្របសម្រួលពីគ្រូបង្រៀន ដែលសមត្ថភាពខ្ពស់លើវិធីសាស្ត្របង្រៀន បំណិនសិក្សាស្រាវជ្រាវ ចំណេះដឹងភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានផងដែរ។


ក្នុងពិធីពិព័រណ៍ស្នាដៃសិស្ស និងសកម្មភាពការងារនៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញានេះ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា មកដល់ពេលនេះ សាលារៀនជំនាន់ថ្មី មានចំនួន១១សាលា នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះអនុវិទ្យាល័យ និងវិទ្យាល័យចំនួន០៧ បឋមសិក្សាចំនួន០៤ ក្នុងខេត្ត-ក្រុង រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ស្វាយរៀង និងកំពង់ស្ពឺ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានចាត់ទុកសាលារៀនជំនាន់ថ្មី ជាកម្មវិធីផ្ដល់នូវការអប់រំប្រកបដោយគុណភាព ទាំងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា។ មិនតែប៉ុណ្ណោះ សិស្សដែលបាននឹងកំពុងសិក្សានៅ សាលារៀនជំនាន់ថ្មី ត្រូវបានមាតាបិតា អាណាព្យាបាល និងអ្នកជំនាញអប់រំមើលឃើញថា ពួកគេមានបំណិនសតវត្ស ទី២១ និងបំណិនទន់ផ្សេងៗទៀត។

លោកបន្តថា សាលារៀនជំនាន់ថ្មី បានលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ដែលជាផ្នែកមួយនៃចក្ខុវិស័យអាទិភាព របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំបញ្ចូលកម្មវិធីមួយចំនួន ដើម្បីបំផុសការស្ម័គ្រចិត្តជួយសហគមន៍ និងការចេះជួយយកអាសារគ្នា លើកកម្ពស់ចរិយាធម៌ គុណធម៌ សីលធម៌ ការបណ្ដុះផ្នត់គំនិតដល់យុវជន ដែលត្រូវរៀបចំការអប់រំតាំងពីក្មេង។
ឆ្លៀតក្នុងឱកាសនេះ លោក ហង់ ជួនណារ៉ុន បានណែនាំដល់លោកគ្រូអ្នកគ្រូទាំងអស់ ឱ្យបន្ថែមការយកចិត្តទុកដាក់លើការអប់រំចរិយាធម៌ និងសីលធម៌បែបព្រះពុទ្ធសាសនា បញ្ចូលទៅក្នុងកម្មវិធីសិក្សា ដោយយោងតាមអនុសាសន៍របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី។

លោកក៏បានផ្ដាំផ្ញើដល់ក្រុមការងារថ្នាក់ជាតិ ទទួលបន្ទុកឃុំនីមួយៗសហការ ជាមួយអាជ្ញាធរ គណៈគ្រប់គ្រងសាលា អ្នកពាក់ព័ន្ធទាំងអស់ សូមយកវិធីសាស្ត្រក្នុងការគ្រប់គ្រងកម្មវិធីសិក្សា ការបង្រៀន ការបង្កើតក្លឹបសិក្សា វិទ្យាសាស្ត្រកុំព្យូទ័រ ក៏ដូចជាវិធីសាស្ត្រតាមបែបគម្រោង របស់សាលាជំនាន់ថ្មី ទៅបញ្ចូលតាមសាលានីមួយៗ ដើម្បីអាចទទួលបាននូវសក្ដានុពល នៃការសិក្សាតាមបែបសតវត្សទី២១។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការខេប លោកគ្រូ អ្នកគ្រូទាំងអស់ដែលខិតខំប្រឹងប្រែងអនុវត្តតាមកម្មវិធីបង្រៀនសាលារៀនជំនាន់ថ្មីយ៉ាងល្អ និងបានបង្កើតជាធនធានបង្រៀនសម្បូរបែប ដូចជាវីដេអូ សន្លឹកកិច្ចការសិស្ស សៀវភៅឯកសារថ្មីៗ និងកម្មវិធីបង្រៀនបែបឌីជីថល ព្រមជាមួយនឹងសមិទ្ធផលជាច្រើនទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


