ចរាចរណ៍
ស្នងការរាជធានី បង្កើតក្រុមស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ បង្កមនុស្សស្លាប់ បើករត់គេចខ្លួន
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្កើតក្រុមស្រាវជ្រាវ តាមដាន និងត្រួតពិនិត្យ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ ហើយអ្នកបើកបររត់គេចខ្លួនមិនទទួលខុសត្រូវ។ នេះបើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ «វិធានការកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ» របស់ កម្ពុជាថ្មី កាលពីថ្ងៃទី ៤ ខែមករា កន្លងទៅនេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពាក់ព័ន្ធការកើនឡើងគ្រោះថ្នាក់ចរាចរណ៍ ដោយអ្នកបង្កបើកគេចពីកន្លែងកើតហេតុមិនទទួលខុសត្រូវ ថ្មីៗ នេះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យរាល់ជនបង្ក ដែលបង្កគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត សូមចូលខ្លួនមកសារភាព និងទទួលទោសកំហុស ដើម្បីសមត្ថកិច្ចជំនាញអនុវត្តទៅតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបន្តទៀតថា អ្វីដែលបានធ្វើ គឺ ៖ ទី១-ការអំពាវនាវឲ្យក្រុមគ្រួសារចូលរួមជាមួយសមត្ថកិច្ច ដើម្បីនាំកូនចៅបង្កចូលខ្លួនមកសារភាព។ និង ទី២-វិធានការស្រាវជ្រាវ វិធានការច្បាប់។ ដូច្នេះអ្វីដែលជាការអនុវត្តវិធានការជំនាញ និងវិធានការច្បាប់ នៃការសូមឲ្យចូលខ្លួនសារភាព គឺមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ ថ្មីៗ នេះ ប៉ុន្មានករណីហើយ ជនបង្កបានចូលខ្លួនមកសារភាពដោយខ្លួនឯង ហើយក៏មានការចូលរួមសហការពីក្រុមគ្រួសាររបស់គាត់ផងដែរ។

ពាក់ព័ន្ធចំណុចខាងលើនេះ លោក សំ វិច្ឆិកា បានជម្រាបជូនដល់ប្រជាពលរដ្ឋថា ចំពោះការបើកបរបង្កគ្រោះថ្នាក់ ការរត់គេចនេះ គឺជាអំពើមួយហៅថា បទល្មើស។ ក្នុងនោះ បទល្មើសរួមមាន ២ គឺ ៖ ១-បទល្មើសចរាចរណ៍ពាក់ព័ន្ធការខ្ជះខ្ជាយធ្វេសប្រហែស ក្នុងមាត្រា ៨៥ មានន័យថា ប្រសិនបើជនបង្កកុំគេច កុំរត់ គឺជាការអចេតនា តែមួយករណីទេ។ តែប្រសិនបើគាត់គេចវេះ មិនទទួលខុសត្រូវ គឺមាត្រាដដែល តែចូលក្នុងស្ថានទម្ងន់ទោស ឧទាហរណ៍ ៖ «បើយើងមិនគេច យើងទទួលទោសកំហុស យើងនៅកន្លែងកើតហេតុដើម្បីឲ្យសមត្ថកិច្ចសួរនាំ ដើម្បីវាស់វែងតាមជំនាញរបស់គាត់ គឺពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ ប៉ុណ្ណោះ។ តែប្រសិនបើគេចវេះ មិនទទួលខុសត្រូវ គឺក្នុងស្ថានទម្ងន់ទោស ពី ២ ទៅ ៥ ឆ្នាំ ទៀត។ ប៉ុន្តែការគេចវេះនេះ ក្នុងក្រមព្រហ្មទណ្ឌ មានច្បាប់មួយទៀតដើម្បីបន្ថែមទៅលើហៅថាចូលបទល្មើសព្រហ្មទណ្ឌគេចវេះនេះ ពី ៦ ខែ រហូតទៅដល់ ២ ឬ ៣ ឆ្នាំ»។

លោក សំ វិច្ឆិកា បានបញ្ជាក់ថា «ឥឡូវនេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការមួយទៀត គឺ បង្កើតក្រុមស្រាវជ្រាវ តាមដាន ត្រួតពិនិត្យ មិនថា ចរាចរណ៍ មិនថា ព្រហ្មទណ្ឌអីទេ ឬ មួយគ្រឿងញៀន គឺឲ្យក្រុមនេះ រាល់ការកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ត្រូវតាមដានស្រាវជ្រាវរកវត្ថុតាង រកសាវតារ ហើយតាមចាប់ឃាត់ខ្លួនជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់។ អាហ្នឹង គាត់បង្កើតជាក្រុម ដើម្បីយើងធ្វើយ៉ាងណាដើម្បីឲ្យអ្នកបើកបរដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត ហើយរត់គេចមិនទទួលខុសត្រូវ»។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៏បានស្នើដល់អ្នកបើកបរ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ កុំរត់គេច នៅកើតហេតុហើយ។ ប្រសិនបើរត់គេច គឺត្រូវគេចមកកន្លែងសមត្ថកិច្ច ដើម្បីរកកន្លែងសុវត្ថិភាព ហើយសមត្ថកិច្ចជំនាញ នឹងអនុវត្តតាមនីតិវិធីច្បាប់។
គួរជម្រាបថា បើតាម លោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២៣ កន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅរាជធានីភ្នំពេញ មានចំនួនជាង ៩០០ ករណី បណ្ដាលឲ្យមនុស្សស្លាប់ ៣០៣ នាក់ ហើយកើតឡើងភាគច្រើន នៅពេលយប់។ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០២៣ មានការកើនឡើងចំនួន ១៨ ករណី និងមនុស្សស្លាប់កើនឡើងចំនួន ៣០ នាក់៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


