ព័ត៌មានជាតិ
ពិធីសច្ចាប្រណិធាន៖ សម្ដេច ហ៊ុន សែន ប្រកាសប្រឆាំងអំពើពុករលួយ និងភាពអយុត្តិធម៌សង្គម
ក្នុងពិធីសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង សម្ដេចតេជោ ហ៊ុន សែន ដែលទើបជាប់ជាប្រធានព្រឹទ្ធសភា បានប្រកាសសច្ចាប្រឆាំងនឹងអំពើពុករលួយគ្រប់បែបយ៉ាង និងប្រឆាំងដាច់ខាតនូវភាពអយុត្តិធម៌សង្គម។

នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអនុប្រធានទី១ អនុប្រធាន ទី២ និងសមាជិក-សមាជិកាព្រឹទ្ធសភា នីតិកាលទី៥ សរុបចំនួន ៦២រូប បានចូលធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ នៅព្រះបរមរាជវាំង។ ពិធីសច្ចាប្រណិធាននេះ ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភា បានបើកនីតិកាលថ្មីរបស់ខ្លួន នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។
ក្នុងការធ្វើសច្ចាប្រណិធាននេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអនុប្រធានទាំង២រូប និងសមាជិកសមាជិកាទាំងអស់ បានសច្ចាដូច្នេះថា «ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាងប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិដើម្បីឯកភាពជាតិដើម្បីសន្តិភាពសង្គម និងសន្តិភាពជាតិដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាននៃមាតុភូមិកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអនុប្រធានទាំង២រូប និងសមាជិកសមាជិកាទាំងអស់ ក៏បានសច្ចា ថា ក្នុងពេលប្រតិបត្តិការតាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជាជនកម្ពុជាបានប្រគល់ជូន គឺប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតផលប្រយោជន៍របស់ប្រជាជន ជាតិ និងមាតុភូមិកម្ពុជា ហើយមិនកេងប្រវ័ញ្ចផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគី រៀងៗខ្លួនឡើយ។
ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាព្រឹទ្ធសភា ក៏បានប្តេជ្ញាប្តូរផ្តាច់ ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មាន ក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់១៩៦៩ និងឯកភាពជាតិ ហើយមិនអនុញ្ញាតឱ្យមានការ បែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាព្រឹទ្ធសភាទាំងអស់ ក៏បានប្តេជ្ញារក្សាទុកជានិច្ចអព្យាក្រឹត្យភាព និងភាពមិនចូលបក្សសម្ព័ន្ធ សម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឱ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ។ អង្គព្រឹទ្ធសភា ក៏ បានសច្ចាមិនបម្រើជាដាច់ខាតផលប្រយោជន៍បរទេស ដែលធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាឡើយ។
ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាព្រឹទ្ធសភាទាំងអស់ បានសច្ចានឹងបំបាត់ចោលទាំងស្រុងនូវអំពើហិង្សាគ្រប់បែបយ៉ាង។ ប៉ុន្តែ កម្ពុជា សូមរក្សាទុកសិទ្ធិកាន់អាវុធ តស៊ូប្រឆាំងនឹងការរំលោភឈ្លានពាន មកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។ សច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រនេះទៀតសោត ទាំងសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ទាំងអនុប្រធានទាំង២ និងសមាជិកសមាជិកា បានប្តេជ្ញាគោរពលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


