ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ បញ្ជាក់មូលហេតុនាំឱ្យបេក្ខជនប្រឡងជាប់បាក់ឌុបច្រើនជាងឆ្នាំមុន
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីមូលហេតុមួយចំនួនដែលនាំឱ្យបេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំនេះជាប់ច្រើនរហូតដល់ជិត ៨០% ខណៈឆ្នាំមុនមានត្រឹមតែជាង ៧២% ប៉ុណ្ណោះ។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅថ្ងៃទី ៣០ តុលា នេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ មានបេក្ខជនជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់ ស្រី ៧៣ ៩៦៧ នាក់ នៃបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់។ ក្នុងនោះ មានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។ តួលេខនេះធៀបទៅនឹងឆ្នាំមុន មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់ ចែកជា ២២៧ មណ្ឌល ត្រូវជា ៥ ៥៤៣ បន្ទប់ ក្នុងនោះមានបេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ ស្រី ៧២ ៣៤៤ នាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ ,និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៣០ តុលា នេះថា ទាក់ទិននឹងលទ្ធផលល្អប្រសើរឡើង នៃការសិក្សារបស់សិស្ស ក្រសួងអប់រំជឿជាក់ថា ជាលទ្ធផលដែលកើតចេញមកពីការខិតខំប្រឹងប្រែងរយៈពេលជាច្រើនឆ្នាំដែលដំណាក់កាលទី ១ ក្រសួងបានគិតគូរ និងដាក់ចេញនូវកំណែតម្រង់ត្រៀមលក្ខណៈជាមូលដ្ឋានជាគោលនយោបាយនៅក្នុងការកំណែទម្រង់ការអប់រំ ពិសេសការធ្វើកំណែទម្រង់ទៅលើទី ១ កម្មវិធីសិក្សា ទី ២ ការវាយតម្លៃ និងទី ៣ ទៅលើវិធីសាស្ត្របង្រៀន ក៏ដូចជាសាលាគរុកោសល្យដែលជាទីតាំងនៅក្នុងការបណ្តុះបណ្តាលបង្រៀនគ្រូចេញទៅបង្រៀនតាមសាលារៀននីមួយៗ។
លោកស្រីបានបន្តថា ក្រៅតែពីការធ្វើកំណែទម្រង់កម្រិតក្រសួងនេះដំណាក់ទី ២ ក្រសួងបានដាក់ចេញជាកំណែទម្រង់ដំណាក់កាលតាមសាលារៀន ដោយក្រសួងបានចាប់ផ្ដើមនៅឆ្នាំ ២០១៦ ក្នុងការសាកល្បងអនុវត្តកម្មវិធីសិក្សាសាលាជំនាន់ថ្មីដែលមានឯករាជ្យភាពនៅក្នុងការអនុវត្តកម្មវិធីសិក្សា ហើយក៏ដូចជាជំរុញឱ្យលោកគ្រូអ្នកគ្រូប្រើប្រាស់ប្រព័ន្ធអាយស៊ីធី ក៏ដូចជាប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីឱ្យសិស្សទទួលបានបំណិនសតវត្សទី ២១ និងចំណេះដឹងជាមូលដ្ឋាននៅក្នុងកម្រិតមធ្យមសិក្សានេះ។

លោកស្រីបានបន្តទៀតថា «តាមរយៈឧត្តមានុវត្តសាលាជំនាន់ថ្មី ក៏ដូចជាសាលារៀនដែលបានអនុវត្តកំណែទម្រង់តាមសាលារៀននេះ ក្រសួងបានដាក់ចេញនូវការអនុវត្តស្តង់ដារសាលារៀនគំរូដែលក្នុងការវាស់វែងក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ យើងទទួលបានសាលារៀន ១២០ និងគ្រប់កម្រិតថ្នាក់ទាំងអស់ដែលទទួលបានសាលារៀនជាប់ស្តង់ដារសាលាគំរូ។ ការក្លាយខ្លួនជាសាលាគំរូនេះបានជារឿងចាំបាច់ទី ១ គឺមានការចូលរួមផ្ទាល់ពីសិស្សានុសិស្សដែលមើលឃើញពីកំណែទម្រង់ និងចូលរួមការគោរពបទបញ្ញត្តិ និងយល់ច្បាស់ពីដំណើរការការប្រឡង និងខិតខំប្រឹងប្រែងរៀនសូត្រធ្វើឱ្យលទ្ធផលទទួលបានល្អប្រសើរ។ ទី ២ លោកគ្រូអ្នកគ្រូដែលទទួលបានការបណ្តុះបណ្តាលជាប្រចាំដើម្បីឱ្យគាត់មានគុណវុឌ្ឍិសមស្របក្នុងការអប់រំ និងបណ្ដុះបណ្ដាលដល់សិស្ស និងទី ៣ គណៈគ្រប់គ្រងសាលារៀនដែលគាត់តែងតែទទួលការបណ្តុះបណ្តាលបន្ថែម ក៏ដូចជាមានឆន្ទៈជំរុញឱ្យសាលារៀនគាត់ជាស្តង់ដារសាលារៀនស្តង់ដារគំរូ ក៏ដូចជាការចូលរួមប្រកួតប្រជែងពានរង្វាន់ផ្សេងៗ ដូចជាពានរង្វាន់នាយកល្អសាលារៀនស្អាត។ ក្រៅពីនេះក៏មានការចូលរួមពីសហគមន៍ផងដែរ ទាំងចំណេះដឹង និងធនធានក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្ស»។

លោកស្រីបានបញ្ជាក់ថា ជាសង្ខេបលទ្ធផលល្អប្រសើរនេះ ចេញមកពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក៏ដូចជាយន្តការការដាក់ចេញកំណែទម្រង់ជាង ១០ ឆ្នាំកន្លងមកនេះ ដោយមិនមែនត្រឹមតែផ្តោតទៅលើកម្រិតក្រសួង ឬគោលនយោបាយទេ គឺផ្តោតទៅលើកំណទម្រង់សាលារៀន និងធ្វើជាប្រព័ន្ធតែម្តង ដើម្បីជំរុញឱ្យការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។
គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ សម្រាប់ខេត្តដទៃទៀត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ