ព័ត៌មានជាតិ
អូស្ត្រាលី គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលយានយន្តដ៏ទំនើប នៅកម្ពុជា
វិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី ដែលមានអាយុកាល ១៥០ ឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីផ្នែកខាងយានយន្ត គ្រោងនឹងបើកសាខារបស់ខ្លួននៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដើម្បីបណ្ដុះបណ្ដាលវិស័យរថយន្ត និងរថយន្តប្រើអគ្គិសនីដល់យុវជនកម្ពុជា។

គម្រោងបើកសាខាបណ្ដុះបណ្ដាលយានយន្តនេះ បន្ទាប់ពីវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួង។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា អនុស្សរណៈនេះមានរយៈពេល ៥ ឆ្នាំ ដោយវិទ្យាស្ថាន នឹងបើកសាខាមួយនៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដើម្បីបណ្ដុះបណ្ដាលលើជំនាញយានយន្តប្រើសាំង ម៉ាស៊ូត និងប្រើអគ្គិសនីដល់យុវជនកម្ពុជាចាប់ពីកម្រិតវិញ្ញាបនបត្ររហូតដល់បរិញ្ញាបត្រ ហើយពេលសិស្សរៀនចប់មិនត្រឹមតែទទួលបានគុណភាពដែលអាចស្វែងរកការងារធ្វើក្នុងវិស័យយានយន្តក្នុងស្រុកប៉ុណ្ណោះទេ អាចមានការផ្លាស់ប្ដូរបន្តការសិក្សា ឬបន្តឱកាសការងារខាងផ្នែកយានយន្តនេះនៅអូស្ត្រាលីផងដែរ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ការបើកសាលាបណ្ដុះបណ្ដាលរថយន្តទំនើបនៅកម្ពុជា នឹងធ្វើឱ្យកម្ពុជាមានលទ្ធភាពផ្ដល់ធនធានមនុស្សមានគុណភាពសម្រាប់ពង្រីកវិស័យយានយន្តនៅកម្ពុជា ខណៈបច្ចុប្បន្នវិស័យយានយន្តនេះជាវិស័យមួយដែលរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងយកចិត្តទុកដាក់ ពិសេស សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសថា ក្រុមហ៊ុនរថយន្តធំៗ នៅកម្ពុជា នឹងពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួន។ លោករដ្ឋមន្ត្រី បានបន្ថែមថា «ដូច្នេះវត្តមានវិទ្យាស្ថាននេះចំពេលតែម្ដង»។
លោករដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលអូស្ត្រាលី និងវិទ្យាស្ថាន Bendigo Kangan ដែលបានជ្រើសរើសកម្ពុជាក្នុងការពង្រីកវិសាលភាពរបស់ខ្លួន និងផ្ដល់ការបណ្ដុះបណ្ដាលប្រកបដោយគុណភាពសម្រាប់យុវសិស្សកម្ពុជា ព្រោះថាវិទ្យាស្ថាននេះ មានអាយុកាល ១៥០ ឆ្នាំ មានកេរ្តិ៍ឈ្មោះល្បីផ្នែកខាងយានយន្ត សំណង់ និងផ្នែកផ្សេងៗ ទៀត ហើយនៅពេលគម្រោងនេះទទួលបានជោគជ័យ ក្រសួង នឹងបន្តសហការលើវិស័យផ្សេងៗ ទៀតផងដែរ។

លោកស្រី សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិ នៃវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការផ្តល់នូវការបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ត ដល់ប្រជាជនកម្ពុជា។
លោកស្រី ជឿជាក់ថា តាមរយៈបទពិសោធក្នុងការបណ្ដុះបណ្ដាលរបស់វិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី នឹងអាចសហការបានយ៉ាងល្អជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពកាន់តែប្រសើរក្នុងការបណ្ដុះបណ្ដាលបច្ចេកទេសយានយន្តនៅកម្ពុជា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


