ព័ត៌មានជាតិ
NBC នឹងបន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចត្រឹមតែ ៧% ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច
ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានកំពុងមានភាពល្អប្រសើរឡើងវិញជាបណ្តើរៗ បន្ទាប់ពីត្រូវបានញាំញីពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ និងការជះឥទ្ធិពលពីកត្តាខាង ក្រៅដោយសារការឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ និងសង្គ្រាមអស់រយៈជាច្រើនឆ្នាំ ធនាគារជាតិនៃកម្ពុជា(NBC) នៅតែបន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិតទាបត្រឹម ៧% និងការអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិនត្រឹម ១,២៥% រហូតដល់ចុងឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់កាន់តែច្រើនក្នុងការផ្តល់កម្ចីបន្តសំដៅជំរុញសកម្មភាពសេដ្ឋកិច្ច។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) ថ្លែងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ខ្លួនកាលពីសប្តាហ៍មុនថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសការជួយសម្រាលបន្ទុករបស់អាជីវករ និងប្រជាជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ពិភាក្សាជាមួយអតិថិជនលើការកែប្រែលក្ខខណ្ឌសងត្រឡប់កម្ចី។

លោកស្រីបណ្ឌិតបានលើកឡើងថា៖« ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព បទប្បញ្ញត្តិមួយចំនួនត្រូវបានបន្តបន្ធូរបន្ថយ ខណៈដែលការធានាបាននូវស្ថិរភាពប្រព័ន្ធធនាគារនៅបន្តជាអាទិភាពចម្បង ដូចជាការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិតទាបត្រឹម ៧% និងការអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិនត្រឹម ១,២៥% រហូតដល់ចុងឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់កាន់តែច្រើនក្នុងការផ្តល់កម្ចីបន្តទៅអតិថិជន»។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាបានសាទរចំពោះការរក្សានូវអត្រាទាបនៃទុនបម្រុងកាតព្វកិច្ចនេះ ដែលនឹងបើកលទ្ធភាពបន្ថែមទៀតដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការមានសាច់ប្រាក់ច្រើនជាងមុនដើម្បីផ្តល់កម្ចីជម្រុញសកម្មភាពសេដ្ឋកិច្ច។
លោកបានថ្លែងមកកាន់កម្ពុជាថ្មីយ៉ាងដូច្នេះថា៖«យើងពិតជាសាទរចំពោះការបន្តរក្សានូវអត្រាទាបនៃទុនបម្រុងកាតព្វកិច្ចនេះ ដោយសារយើងនឹងយកលុយនោះចាក់ចូលទីផ្សារ ដើម្បីឱ្យទីផ្សារមានចរន្តសាច់ប្រាក់ឬមានចលនាសេដ្ឋកិច្ចកាន់តែល្អ»។
ជាមួយគ្នានោះដែរ លោកស្រីបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា NBC ក៏បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការពង្រឹងការតាមដាន និងជួយគាំទ្រដល់វិស័យអចលនទ្រព្យ ទេសចរណ៍និងកសិកម្ម ក៏ដូចជាការពង្រឹងការយល់ដឹងរបស់សាធារណជនលើបញ្ហាហិរញ្ញវត្ថុ ជាពិសេសបញ្ហាប្រឈមទាក់ទងនឹងការផ្សព្វផ្សាយកាន់តែច្រើនអំពីកម្ចីអនឡាញខុសច្បាប់របស់ជនឆបោក ដែលអាចបង្កគ្រោះថ្នាក់ដល់សង្គមនិងសេដ្ឋកិច្ចគ្រួសារ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


