ព័ត៌មានជាតិ
ក្រសួងការពារជាតិ ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ថៃជុំវិញនាំមនុស្សឡើងប្រាសាទតាមាន់ធំ ដោយបំពាន
អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។

ការច្រានចោលនេះ បន្ទាប់ពីអ្នកនាំពាក្យកងទ័ពជើងគោកថៃ អះអាងថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ ជាក់ស្តែងពុំបានជូនដំណឹងមកកម្ពុជានោះទេ។ ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖
ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។
ទីពីរ៖ ពេលសង្កេតឃើញការមកទស្សនាដោយគ្មានការអនុញ្ញាត ពីសំណាក់អ្នកជិះកង់ជនជាតិថៃទាំងនេះ កងទ័ពកម្ពុជាបានឆ្លើយតបដោយសមរម្យ មានសុជីវធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមកទស្សនាដោយគ្មានការឯកភាពគ្នាជាមុននេះ គឺជាការបំពានលើកិច្ចព្រមព្រៀងហើយបានជំរុញឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ ទោះបីជាមានការបំពានដូចបានរៀបរាប់ខាងលើក៏ដោយ កងទ័ពកម្ពុជាបានអនុញ្ញាតឱ្យពួកគេថតរូប និងចាកចេញពីតំបន់នោះដោយសន្តិវិធី ដែលនេះបង្ហាញឱ្យឃើញពីការអត់ធ្មត់ ការទទួលខុសត្រូវ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់កងទ័ពកម្ពុជា ក្នុងការជៀសវាងកុំឱ្យមានភាពតានតឹងដោយមិនចាំបាច់។
ទីបី៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃថា បញ្ហាខាងលើនេះអាចបណ្តាលមកពីការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុងរវាងកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួន ការលើកឡើងបែបនេះ គឺជាទង្វើដែលគ្មានការទទួលខុសត្រូវបំផុត ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកនាំពាក្យ ដែលមានតួនាទីត្រូវផ្តល់ការពិត និងផ្អែកលើភស្តុតាង។ ការចោទប្រកាន់បែបនេះ គឺជាចេតនាបិទបាំងកំហុសឆ្គងរបស់កងទ័ពថៃ ដែលបានល្មើសលើកិច្ចព្រមព្រៀង ហើយមិនហ៊ានទទួលខុសត្រូវ បែរជាមកចោទប្រកាន់កងទ័ពកម្ពុជា ក្នុងចេតនាបំភ័ន្តការពិតជាមួយប្រជាជនខ្លួន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា គឺរួមគ្នាតែមួយក្នុងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។

ទីបួន៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជាថ្មីថា តាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការពិតមិនអាចក្រឡាស់បាន។
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភ័ន្តការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត។
កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


