សេដ្ឋកិច្ច
ជប៉ុន ប្តេជ្ញាបន្តគាំទ្រវិស័យទឹកស្អាតនៅកម្ពុជា
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកសាស្ត្រាចារ្យ Sato Yuya អនុប្រធានសមាគម KOWBA បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់សមាគម និងក្រុង Kitakyushu ក្នុងការបន្តគាំទ្រវិស័យទឹកស្អាតនៅកម្ពុជា ក៏ដូចជាគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងការបន្តបណ្តុះបណ្តាល ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតផ្សេងទៀត។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុង Kitakyushu ប្រទេសជប៉ុន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះ លោក ហែម វណ្ណឌី បានកោតសរសើររដ្ឋបាលក្រុង Kitakyushu និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង Kitakyushu ចំពោះភាពជាដៃគូរយៈពេលវែង ហើយបានស្នើឱ្យភាគីជប៉ុនបន្តកិច្ចសហការដើម្បីបង្កើតនវានុវត្តន៍ កសាងជំនាញ និងជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យទឹកស្អាតនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកឡើងថា គំរូក្រុមហ៊ុនមានកម្មវត្ថុពិសេសនេះផ្តល់ជាមូលដ្ឋានសម្រាប់ការវិនិយោគនាពេលអនាគត និងពង្រឹងទំនុកចិត្តរវាងកម្ពុជា និងសមភាគីជប៉ុន។
លោក ហែម វណ្ណឌី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ ដើម្បីពង្រឹងប្រសិទ្ធិភាពរបស់ប្រតិបត្តិករទឹកស្អាតនៅទូទាំងប្រទេស និងបានស្នើឱ្យក្រុមហ៊ុននៃក្រុង Kitakyushu បន្តវិនិយោគ រួមចំណែកអភិវឌ្ឍប្រព័ន្ធឌីជីថលជាតិសម្រាប់គ្រប់គ្រងវិស័យទឹកស្អាត ព្រមទាំងគាំទ្រដល់នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យនេះ។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Sato Yuya អនុប្រធានសមាគម KOWBA បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់សមាគម និងក្រុង Kitakyushu ក្នុងការគាំទ្រគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងការបន្តបណ្តុះបណ្តាល ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតផ្សេងទៀត។
លោកបានលើកឡើងពីគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ព្រមទាំងសមត្ថភាពរបស់សមាគម KOWBA ក្នុងការផ្តល់ដំណោះស្រាយទឹកស្អាតខ្នាតតូច និងការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងវិស័យទឹកស្អាត។
លោកសាស្ត្រាចារ្យ Sato Yuya បានបន្ថែមថា ទីក្រុង Kitakyushu និងសមាគម KOWBA នឹងបន្តធ្វើជាដៃគូរយៈពេលវែងរបស់កម្ពុជាក្នុងវិស័យទឹកស្អាត ហើយខែតុលាខាងមុខនេះ យើងនឹងអបអរខួប ១០ឆ្នាំ នៃសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Kitakyushu និងរាជធានីភ្នំពេញ។
សូមជម្រាបថា គណៈប្រតិភូទីក្រុង Kitakyushu ប្រទេសជប៉ុន នឹងចូលរួមពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត តាខ្មៅនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ជាគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលចូលរួមអនុវត្តដោយសមាជិកនៃសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង Kitakyushu។

គម្រោងនេះប្រើប្រាស់គំរូ “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដែលភាគីជប៉ុនទទួលបន្ទុកសាងសង់ ប្រតិបត្តិការ និងផ្តល់សេវាថែទាំរយៈពេល ១០ឆ្នាំ មុននឹងប្រគល់រោងចក្រជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
វិធីសាស្ត្រនេះរួមបញ្ចូលទាំងការវិនិយោគ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជំនាញប្រតិបត្តិការរបស់ភាគីជប៉ុន សម្រាប់បំពេញសេចក្តីត្រូវការទាំងគុណភាព និងបរិមាណទឹកស្អាត ដែលកាន់តែកើនឡើងនៅក្នុងក្រុងតាខ្មៅ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


