កីឡា
ម្ចាស់មេដាយមាសស៊ីហ្គេម ឡុង ពិសិដ្ឋ តស៊ូខ្លាំងក្នុងអាជីព ពេលនេះអាចឈប់ពីប្រដាល់
កីឡាករប្រដាល់គុនខ្មែរទម្ងន់ស្រាល ឡុង ពិសិដ្ឋ ហាក់ដូចជាចង់ដើរចេញពីអាជីពប្រដាល់ឈឺខ្លួនដែលរូបគេពុះពារយ៉ាងខ្លាំងមុនពេលឈានដល់កម្រិតជោគជ័យនាពេលបច្ចុប្បន្ន។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៥ លោក រិគី ដែលជាគ្រូបង្វឹកក្លិបខ្លារខិនមានឬទ្ធិ បានប្រកាសស្វែងរកកីឡាករ ឡុង ពិសិដ្ឋ បន្ទាប់ពីមិនអាចទាក់ទងបាន។ នៅថ្ងៃទី១៦ ខែកញ្ញា គ្រូបង្វឹករូបនេះបានសរសេរហាក់ដូចជា កូនសិស្សរបស់លោកឈប់ពីប្រដាល់ថា ៖«មិនអីទេ បានសុំបែបនេះ គ្រូជូនពរការងារថ្មី ក្រៅពីគុនខ្មែរជោគជ័យ»។ ការសរសេរបង្ហោះជាសាធារណៈរបស់លោកគ្រូ រិគី បន្ទាប់ពីកីឡាករ ឡុង ពិសិដ្ឋ បានសរសេរថា ៖«ខ្ញុំ ឡុង ពិសិដ្ឋ ឈប់ហាត់ហើយ»។

ខ្លឹមសារខាងលើប៉ុណ្ណោះក៏មិនទាន់អាចសន្និដ្ឋានថា កីឡាកររហស្សនាម«កណ្តុរជ្រែកដី» ឡុង ពិសិដ្ឋ ឈប់ពីប្រដាល់គុនខ្មែរមែនទែនដែរ ពីព្រោះរូបគេនៅក្មេង ហើយឈប់មួយរយៈពេលក៏អាចវិលត្រឡប់មកប្រដាល់វិញបាន។ ម្យ៉ាងវិញទៀត រូបគេបានចាកចេញពីក្លិបរបស់លោក រិគី ហើយក៏អាចទៅចូលរួមជាមួយក្លិបផ្សេងបានដែរក្នុងលក្ខណដែលក្លិបអនុញ្ញាតឲ្យចាកចេញត្រឹមត្រូវ និងមានការសម្របសម្រួលពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

មុនពេលមានអាជីពប្រដាល់ល្អប្រសើរ ឡុង ពិសិដ្ឋ ត្រូវបានគេដឹងពីការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីទទួលបានឱកាសប្រកួតក្នុងកម្មវិធីធំ។ កីឡាករដែលមានឈ្មោះពិត ផុន ពិសិដ្ឋ ត្រូវបានបណ្តុះបណ្តាលដោយអ្នកស្រី ឡុង រ៉ាវី ម្ចាស់ក្លិបប្រដាល់ខ្លារខិនមានឬទ្ធិតាំងពីតូច។ នៅឆ្នាំ ២០២៣ រូបគេបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម ពេលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង។ ក្រោយមកអ្នកស្រី ឡុង រ៉ាវី បានទទួលមរណភាពដោយរោគាពាធ ហើយក្លិបបានធ្លាក់ទៅប្អូនស្រីរបស់គាត់ និងលោកគ្រូ រិគី ជាអ្នកគ្រប់គ្រងបន្ត។
ទោះបីជាបានឈ្នះមេដាយមាស កីឡាស៊ីហ្គេម កីឡាកររូបនេះមិនសូវទទួលបានឱកាសប្រកួតក្នុងកម្មវិធីសំខាន់ៗឡើយដូចជាការប្រកួតដណ្តើមខ្សែក្រវាត់ ការប្រកួតដណ្តើមពានរង្វាន់ ឬប្រាក់លានជាដើម។ ចូលដល់ខែសីហា ឆ្នាំ ២០២៣ ទើបរូបគេទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ជាលើកដំបូងក្នុងអាជីពរបស់ខ្លួនដោយមានបេក្ខភាព ៤ នាក់។

ទីបំផុត ឡុង ពិសិដ្ឋ បានឈ្នះខ្សែក្រវាត់ទម្ងន់៥១គីឡូក្រាមជាលើកដំបូងក្នុងអាជីព បន្ទាប់ពីបានយកឈ្នះលើកីឡាករ អេលីត រស្មី (រស្មី គុនខ្មែរ) ដោយពិន្ទុ បន្ទាប់ពីតស៊ូគ្នា ៣ ទឹកពេញក្នុងកម្មវិធីគុនខ្មែរអលស្តារ វគ្គ៨ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
សារព័ត៌មាន«កម្ពុជាថ្មី»បានសម្ភាសក្រោយឈ្នះខ្សែក្រវាត់ កីឡាករ ឡុង ពិសិដ្ឋ បានបង្ហាញអារម្មណ៍ថា ៖«ខ្ញុំពិតជារំភើបខ្លាំងដែលបានឈ្នះខ្សែក្រវាត់លើកដំបូងក្នុងជីវិត។ មួយឆាកជីវិតនេះ ខ្ញុំមិនធ្លាប់ឈ្នះទេ តែការឈ្នះនៅពេលនេះ ខ្ញុំទប់ទឹកភ្នែកមិនជាប់ ខ្ញុំនឹកដល់គាត់ (អ្នកស្រី ឡុង រ៉ាវី)។ គាត់ជួយខ្ញុំតាំងពីតូច គាត់មិនដែលបានសប្បាយរីករាយនឹងសមិទ្ធផលរបស់ខ្ញុំទេ តែដល់ពេលខ្ញុំទទួលបានជោគជ័យនៅពេលនេះ គាត់បានឃ្លាតឆ្ងាយពីខ្ញុំ…»។

ចាប់តាំងពីពេលនោះមក កីឡាករ ឡុង ពិសិដ្ឋ ត្រូវបានចាត់ទុកជាកីឡាករលំដាប់ជួរមុខម្នាក់ក្នុងទម្ងន់ ៥១គីឡូក្រាម។ រូបគេក៏ទទួលបានឱកាសប្រកួតក្នុងកម្មវិធីធំៗជាបន្តបន្ទាប់ ហើយកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំង។ ទោះបីជាយ៉ាងណា នៅខែកញ្ញា ឆ្នាំ២០២៥ រូបគេបានសុំឈប់ហាត់ប្រដាល់ហើយហាក់ដូចជាចង់ធ្វើការងារអ្វីផ្សេងក្រៅពីប្រដាល់៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


