ព័ត៌មានជាតិ
កម្មករក្នុងវិស័យកាត់ដេររីករាយ និងអរគុណរាជរដ្ឋាភិបាល ដែលជួយឲ្យប្រាក់ឈ្នួលពួកគាត់ឡើងជារៀងរាល់ឆ្នាំ
ក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានសម្ដែងអារម្មណ៍រីករាយ អបអរសាទរ និងអរគុណរាជរដ្ឋាភិបាល ដែលជួយឱ្យប្រាក់ឈ្នួលគោលរបស់ពួកគាត់ទទួលបានការដំឡើងជារៀងរាល់ឆ្នាំ ខណៈនៅឆ្នាំ២០២៦ខាងមុខនេះ ពួកគាត់នឹងទទួលបានការដំឡើងប្រាក់ឈ្នួលចំនួន ២ដុល្លារបន្ថែមទៀត។

ការបង្ហាញអារម្មណ៍រីករាយ និងសាទរបែបនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួននៅថ្ងៃទី១៧ ខែកញ្ញានេះ ដើម្បីពិនិត្យសម្រេចលើលទ្ធផល នៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ ឆ្នាំ២០២៦។
ជាលទ្ធផលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារ លើតួលេខប្រាក់គោល ២០៨ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ដុល្លារ ក្នុងមួយខែ។

អ្នកស្រី នៅ រ៉ានី កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រី បានធ្វើការងារនៅរោងចក្រកាត់ដេរតាំងពីមានប្រាក់ឈ្នួលគោលត្រឹម ៨០ដុល្លារ មកដល់ឆ្នាំ២០២៥នេះ អ្នកស្រីទទួលបាន ២០៨ដុល្លារ។ អ្នកស្រី រីករាយដែលប្រាក់ឈ្នួលរបស់អ្នកស្រី ក៏ដូចជាបងប្អូនកម្មករ-និយោជិតផ្សេងទៀត មានការដំឡើងជារៀងរាល់ឆ្នាំ។
អ្នកស្រី នៅ រ៉ានី ប្រាប់បែបនេះថា «មានការសប្បាយចិត្ត ព្រោះអីទោះឡើងតិចក៏ដោយ ក៏បានលុយថែមម៉ោងក៏យើងកើនតាមហ្នឹង ចឹងបើយើងថែមឡើងបន្តិចទៅ លុយម៉ោងយើងក៏គុណទៅតាមហ្នឹងទៅ ចឹងក៏បានច្រើនទៅតាមហ្នឹង»។ កម្មការិនីរូបនេះ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ ដែលបានជួយសម្របសម្រួលឱ្យបងប្អូនកម្មករ-និយោជិតមានការងារធ្វើ ហើយក៏បានអរគុណដែលតែងតែជួយសម្របសម្រួល ឱ្យមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ។

លោក ហ៊ិន យ៉ាន់ កម្មករមកពីខេត្តតាកែវ បានលើកឡើងថា លោកបានចូលធ្វើការងារជាកម្មកររោងចក្រកាត់ដេររយៈពេល៥ឆ្នាំមកហើយ តាំងពីប្រាក់ឈ្នួលមិនទាន់បាន ២០០ដុល្លារមកម្លេះ។ មកដល់ឆ្នាំ២០២៥នេះ លោកទទួលបានប្រាក់ឈ្នួលចំនួន ២០៨ដុល្លារ។ លោក រីករាយដែលប្រាក់ឈ្នួលរបស់លោក ក៏ដូចជាបងប្អូនកម្មករ-និយោជិតផ្សេងទៀត ទទួលបានការដំឡើងជារៀងរាល់ឆ្នាំ។
លោក ហ៊ិន យ៉ាន់ និយាយបែបនេះថា «មានអារម្មណ៍ថា សប្បាយចិត្តដោយសារថា ថ្នាក់ដឹកនាំយើងគាត់គិតដល់កម្មករ-កម្មការិនីរោងចក្រយើង»។ មិនខុសពីកម្មការិនីខាងលើ លោក ហ៊ិន យ៉ាន់ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយសម្របសម្រួលឱ្យមានការដំឡើងប្រាក់ឈ្នួលជូនកម្មករជារៀងរាល់ឆ្នាំ។
រីឯលោក ស៊ឹម ចិន្តា កម្មករមកពីខេត្តព្រៃវែង ប្រាប់ដែរថា លោកធ្វើការងារក្នុងរោងចក្រកាត់ដេររយៈពេល ៣ឆ្នាំមកហើយ តាំងពីប្រាក់ឈ្នួលជាង ១៩០ដុល្លារ មកដល់បច្ចុប្បន្នឡើងដល់ ២០៨ដុល្លារ។ លោក សាទរ និងរីករាយដែលប្រាក់ឈ្នួលរបស់លោក និងបងប្អូនកម្មករ-និយោជិតផ្សេងទៀត ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។

លោក ស៊ឹម ចិន្តា និយាយបែបនេះថា «មានអារម្មណ៍ថា សប្បាយ សប្បាយដោយសារបានឡើងប្រាក់ខែរាល់ឆ្នាំ»។ មិនខុសពីកម្មករ-កម្មការិនីខាងនោះទេ លោក ស៊ឹម ចិន្តា បានថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-និយោជិតទាំងអស់គ្នា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចកំណត់តួលេខ២១០ដុល្លារអាមេរិក ក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៦ ពោលគឺឡើង២ដុល្លារ បើធៀបនឹងឆ្នាំ២០២៥ មានត្រឹម២០៨ដុល្លារ ក្នុងមួយខែ។ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោយភាគីនិយោជក និងភាគីសហជីព បានឯកភាពគ្នាមិនលើកតួលេខណាមួយនោះទេ ដោយទុកជាការសម្រេចឱ្យរាជរដ្ឋាភិបាល ក្នុងការកំណត់តួលេខប្រាក់ឈ្នួល។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ប្រាក់ឈ្នួលថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ បើបូកទាំងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចន្លោះពី ២២៧ដុល្លារ ដល់ ២៣៨ដុល្លារអាមេរិកក្នុងមួយខែ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


