Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​បើក​ការ​វាយប្រហារ​ថ្មី​នៅ​ជិត​វេណេស៊ុយអេឡា ស្លាប់​​មនុស្ស​៤​នាក់

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃសុក្រ​ទី​៣​ខែ​តុលា​ថា មនុស្ស៤នាក់បានស្លាប់ បន្ទាប់ពីការវាយប្រហាររបស់យោធាអាមេរិកទៅ​លើ​កប៉ាល់ដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់នៅក្នុងដែនទឹកអន្តរជាតិ ក្បែរប្រទេសវេណេស៊ុយអេឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុនេះ ជា​ប្រតិបត្តិការ​លើកទីបួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរំខានដល់ផ្លូវដឹកជញ្ជូនគ្រឿងញៀនតាមសមុទ្រ។

លោក Hegseth បាន​ប្រាប់​ថា ការវាយប្រហារនេះបានកើតឡើងនៅខាងក្រៅព្រំដែនដែនសមុទ្ររបស់ប្រទេសវេណេស៊ុយអេឡា ហើយជាផ្នែកមួយនៃយុទ្ធនាការដែលបានប្រកាសដោយ​លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ មន្ត្រីអាមេរិកអះអាងថា សកម្មភាពនេះ គឺចាំបាច់ដើម្បីបញ្ឈប់សារធាតុខុសច្បាប់មិន​ឲ្យ​ទៅដល់ឆ្នេរសមុទ្រអាមេរិក។

លោក Hegseth បានអះអាងថា ការស៊ើបការណ៍សម្ងាត់​បានបង្ហាញថា កប៉ាល់នេះកំពុងផ្ទុកគ្រឿងញៀន ដោយហៅនាវិក​ទាំង​នោះ​ថា «ពួកភេរវករគ្រឿងញៀន»។ ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម X គ្រាប់​ផ្លោង​ជាច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​​ថា​បាន​វាយ​​ប្រហារ​ទូក​មួយ​​គ្រឿង​ មុន​ពេល​ដែល​វា​ផ្ទុះ​នៅ​លើ​​ផ្ទៃ​សមុទ្រ។

លោក Hegseth បានប្រកាសថា «ប្រតិបត្តិការ​នេះ នឹងបន្តរហូតដល់ការវាយប្រហារលើប្រជាជនអាមេរិកត្រូវ​បានបញ្ចប់»។

ក្រសួងទំនាក់ទំនងរបស់ប្រទេសវេណេស៊ុយអេឡា មិនបានធ្វើការអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ។ យ៉ាង​ណា​មិញ ការ​វាយ​ប្រហារ​នេះ ទំនឹង​នឹង​បង្កើន​ភាពតានតឹងបន្ថែមទៀត​រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស។ ថ្មីៗ​នេះ វេណេស៊ុយអេឡាបានរកឃើញយន្តហោះចម្បាំង F-35 របស់អាមេរិកចំនួន​៥​គ្រឿង ដែលកំពុងហោះហើរនៅជិតឆ្នេរសមុទ្រការ៉ាប៊ីនរបស់ខ្លួន ដោយទុក​ចាត់​​ថាជា«ការបង្កហេតុ» និងការគំរាមកំហែងដល់សន្តិសុខជាតិ។

អាមេរិក​និយាយ​ថា បេសកកម្ម​នេះ​មាន​គោលដៅ​លើ​ការ​ជួញ​ដូរ​គ្រឿង​ញៀន ប៉ុន្តែ​មន្ត្រី​វេណេស៊ុយអេឡា​អះអាង​ថា អាមេរិក​មាន​គោល​បំណង​ផ្លាស់​ប្តូរ​របប។

លោក ដូណាល់ ត្រាំ និង​លោក នីកូឡាស​ ម៉ាឌូរ៉ូ (រូបថត៖ Reuters)

កាល​ពី​ចុង​ខែ​កញ្ញា​​ ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស​ ម៉ាឌូរ៉ូ បាន​ប្រកាសត្រៀមខ្លួនដើម្បីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាលើ​ទឹក​ដី​របស់​ខ្លួន។ អនុប្រធានាធិបតី លោកស្រី Delcy Rodríguez បានច្រានចោលការបញ្ជាក់របស់សហរដ្ឋអាមេរិក​ដែល​ថានេះ​ជា​​យុទ្ធនាការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនអាមេរិកឡាទីន​។ លោកស្រី​លើក​ឡើង​ថា វា​ជា​«ការភូតកុហកដ៏ធំមួយ» ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា​តាម​ពិត​មាន​បំ​ណង​ចង់​​គ្រប់គ្រង​ធនធានធម្មជាតិដ៏ច្រើនរបស់វេណេស៊ុយអេឡា ដូចជា ប្រេង ឧស្ម័ន មាស និងរ៉ែ។

កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ រដ្ឋបាល​របស់​លោក​ ត្រាំ បានប្រកាសថា​ផ្តល់រង្វាន់ទ្វេដង​ឡើង​ដល់ ៥០​លាន​ដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសប្រធានាធិបតីវ៉េណេស៊ុយអេឡា ដែល​ត្រូវ​ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន​នៅ​សហរដ្ឋ​អាមេរិក។ អាមេរិក​ចោទប្រកាន់លោក ម៉ាឌូរ៉ូ ថាកំពុង​ប្រើប្រាស់​ប្រាក់ចំណេញពីគ្រឿងញៀនដើម្បីរក្សាអំណាច​ខ្លួន។ លោក ម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ជាលើកដំបូងនៅក្នុងឆ្នាំ​២០២០ ដោយរដ្ឋអាជ្ញា​​អាមេរិក ដែលថា លោក​បានដើរតួនាទីសំខាន់ក្នុងការសមគំនិតរត់ពន្ធកូកាអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់​ចូលទៅក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក។

ក្រៅ​តែ​ពី​លោក ម៉ាឌូរ៉ូ មន្ត្រី​ធំៗ​មួយ​ចំនួន​របស់​វ៉េណេស៊ុយអេឡា ក៏ត្រូវ​អាមេរិក​ប្រកាស​ចាប់​ខ្លួន​ផង​ដែរ ដូចជា រដ្ឋមន្ត្រីការពារជាតិលោក Vladimir Padrino និងអតីតអនុប្រធានាធិបតី Tareck El Aissami ជា​ដើម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម