Connect with us

វប្បធម៌ ជំនឿ

អត្ថន័យនិងជំនឿនៃការបោះបាយបិណ្ឌ នៅម៉ោង ៤ ទៀបភ្លឺ

បានផុស

នៅ

រយៈពេលនៃពិធីកាន់បិណ្ឌ ប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ តែងតែយកបាយដំណើបដែលដាំឆ្អិនរួច មកពួតជាដុំមូលៗ លាយចេក សណ្ដែក ល្ង និងដូងជាដើម ដែលគេ​ឲ្យ​ឈ្មោះថា បាយបិណ្ឌ យកទៅវត្តអារាមនាវេលាម៉ោង ៤ ទៀបភ្លឺ ដើម្បី​បោះ​បញ្ជូន​ឧទិស​កុសល​ទៅ​ដល់​ញាតិ​សន្ដាន​ដែលបានចែកឋានទៅបរលោក មិនដឹងថាកើតជា​​នរកប្រែតឬយ៉ាងណា។

រូបភាពពី Google
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះបាយបិណ្ឌនេះ គឺជាជំនឿមួយដែល​ប្រជាជន​ខ្មែរនិយមធ្វើជារៀងរាល់ឆ្នាំ គឺគេ​ចាប់ផ្ដើម​ធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងខែ​ កញ្ញា​​ ឬ តុលា។

នៅវេលានោះ ពលរដ្ឋខ្មែរបានធ្វើការសូត្រធម៌ បួងសួងឧទ្ទិសទៅដល់សាច់ញាត្តិ​ដែល​ស្លាប់ និង​បោះបាយបិណ្ឌនៅ​ជុំវិញ​ព្រះវិហារ​ ដោយ​គេ​ជឿថា ​វិញាណ​ទាំង​ឡាយ​ណា​ដែល​គ្មាន​សាច់​ញត្តិ ​ត្រូវ​បាន​គេ​ដោះលែង​ពី​ឋាន​នរកឲ្យ​មក​កាន់​វត្តអារាម​ ដើម្បី​មកទទួល​យកអាហារ​ពី​សាច់​ញត្តិ​របស់​ពួក​គេ​នៅ​ពេល​យប់ ហើយ​វិញ្ញាណ​ទាំងនោះនឹង​ត្រូវ​ត្រឡប់​ទៅ​ឋាន​នរក​វិញ​ នៅមុន​ពេល​ព្រះអាទិត្យ​រះ។​ ពពួកប្រេត​នឹង​ទៅ​គ្រប់​ ៧ ​វត្ត​ ដើម្បី​រក​មើល​សាច់​ញត្តិពួកគេ។ ​ប្រសិន​បើ​វិញាណ​ទាំងនោះ មិន​ឃើញ​កូនចៅ​ខ្លួនមក​វត្ត​ទេ​ ពួកគេ​នឹង​ដាក់​បណ្ដាសា​តាមអារម្មណ៍ដែលខឹងឆេះឈួល។ ​នេះ​ហើយ​ជា​មូលហេតុ​ដែល​សាច់​ញត្តិ​ គួរ​តែ​យក​ចង្ហាន់​ទៅ​វត្ត​ឬត្រូវទៅបោះបាយបិណ្ឌ បើទោះបី​ជាច្រើន​ឫ​ក៏​តិច​ក៏ដោយ ​ក្នុង​អំឡុង​ពេលដាក់បិណ្ឌឬ​​​ភ្ជុំបិណ្ឌនេះ។​

ការ​បោះ​បាយ​បិណ្ឌមិន​ត្រឹម​តែ​ជា​ជំនឿ​ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​ ទៅ​ក្នុង​ផ្នត់គំនិត​ជនជាតិខ្មែរប៉ុណ្ណោះ​ទេ ​តែបុណ្យជាតិ​នេះ​​ បានក្លាយទៅជា​ប្រពៃណី ​ជា​ទម្លាប់​របស់​ដូន​តា ហើយក៏​​បាន​បង្កប់​ន័យ​អប់រំ​នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ​។ ក្រៅពី​ការប្រគេនចង្ហាន់​ដល់​ព្រះសង្ឃ​ អាចារ្យ​បាន​បង្កើត​កម្មវិធី​បោះ​បាយ​បិណ្ឌ​ ដើម្បី​អប់រំ​ចិត្ត​មនុស្ស​តាម​រយៈ​ព្រះ​សង្ឃ​សូត្រ​ធម៌​បរាភវសូត្រ ​ទាក់​ទង​នឹង​មូលហេតុ​ទាំង​ ១២ យ៉ាង​ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​ ​ព្រោះ​ការ​បង្រៀន​ផ្ទាល់​ហាក់​ដូចជា​គ្មាន​មនុស្ស​យក​ចិត្ត​ទុកដាក់​រៀន​ឡើយ។ ​ប្រយោជន៍​ដែល​មនុស្ស​ទទួល​បាន​ពី​ការ​បោះ​បាយ​បិណ្ឌ ​គឺ​បាន​ធ្វើទាន​ផង ​និង​​បាន​ស្ដាប់​ បាន​រៀន​ព្រះធម៌​អប់រំ​ចិត្ត​​​ផង ​ដើម្បី​ចៀស​វាង​ពី​សេចក្ដី​វិនាស ​គឺ​មាន​តែ​​ភាព​​រីកចម្រើន និង​សុភមង្គល។ គេ​ក៏​ត្រូវ​យល់​ដឹង​ផង​ដែរ​ថា ​ការណ៍​ដែល​រៀប​ចំ​ឲ្យ​មាន​ការ​បោះ​បាយ​បិណ្ឌ​នា​ពេល​ទៀប​ភ្លឺ ក៏​ព្រោះ​តែ​កុំ​ឲ្យ​​ខាត​បង់​ពេល​វេលា​ក្នុង​ការងារ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។ ​

រូបភាពពី Google

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន​ការ​បោះ​បាយ​បិណ្ឌ​ជា​សកម្មភាព​មួយ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នូវ​ឡើយ​ទេ ​ដោយ​អ្នក​ខ្លះ​បាន​ចាត់​ទុក​ការ​បោះ​បាយ​បិណ្ឌ​ ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ ​ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង និង​រិះគន់​ដា​ច់​ខាត​ថា ​ការ​បោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹម​ត្រូវ​ ព្រោះ​ជា​ជំនឿ​ឥតប្រយោជន៍ និង​ខាតបង់​សេដ្ឋកិច្ច​ ហើយ​ម្យ៉ាង​ការ​បោះ​បាយ​បិណ្ឌ​ទៀត​សោត ​ក៏​ជា​ការ​ធ្វើ​ទាន​មិន​ត្រឹម​ត្រូវ ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ។ ​ក៏ប៉ុន្តែ អ្នក​ដែល​ជឿ​ថា ​ការ​បោះ​បាយ​បិណ្ឌ​មាន​ប្រយោជន៍​ដល់​ពពួក​ប្រេត​ គួរ​តែ​បន្ត​ប្រកាន់​ជំនឿ​នេះ ព្រោះ​ជា​ប្រពៃណី និង​ជា​ទម្លាប់​យូរ​មក​ហើយ​របស់​ដូនតា ​ហើយ​ចាស់​ទុំ​បាន​បង្កប់​ន័យ​អប់រំ​នៅ​ក្នុង​ពិធី​នេះ​ សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង​ផង​ដែរ៕

គ្រូ ណុប

ចុចអាន៖ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម