អាំងប៉ាវគឺជានិមិត្តរូបនៃសំណាងល្អ ភាពរុងរឿង សម្រាប់អ្នកផ្ដល់និងអ្នកទទួលក្នុងពិធីបុណ្យចូលឆ្នាំចិន។ ទាំងខ្មែរកាត់ចិននិងជនជាតិចិនជុំវិញពិភពលោកមានតំណមណាស់ ជាមួយរឿងប្រគល់អាំងប៉ាវទៅនរណាម្នាក់ គេមិនមែនចេះតែប្រគល់ឲ្យផ្ដេសផ្ដាសនោះទេ។
មកមើលរបៀបប្រគល់អាំងប៉ាវទៅសាច់ញាតិឬកូនចៅក្រោមបង្គាប់៖
១ ពីឪពុកម្ដាយដល់កូនៗ
ជាធម្មតាឪពុកម្ដាយឬជីដូនជីតាគួរផ្ដល់អាំងប៉ាវប្រហែល ២០ ដុល្លារ គឺគ្រប់គ្រាន់សម្រាប់ក្មេងៗអាចទិញរបស់ក្មេងលេងដោយខ្លួនឯង។ នេះជាលេខហុងស៊ុយដែលក្រុមគ្រួសារនិយមផ្ដល់ឲ្យគ្នា។
២ មនុស្សពេញវ័យរៀបការរួច
ការផ្ដល់អាំងប៉ាវពណ៌ក្រហមគឺជាពិធីដ៏សំខាន់មួយសម្រាប់មនុស្សពេញវ័យ ជានិមិត្តរូបនៃការត្រៀមខ្លួនចែករំលែកទ្រព្យសម្បត្តិ និងពរជ័យរបស់អ្នកជាមួយអ្នកដទៃ។
សម្រាប់មនុស្សដែលរៀបការរួច សូមប្រគល់អាំងប៉ាវដល់មនុស្សជាទីស្រលាញ់ប្រហែល ១០ ដុល្លារ គឺសមរម្យបំផុតនិងជាហុងស៊ុយនៃលេខសំណាងល្អថែមទៀត។
៣ កូនផ្ដល់ឲ្យឪពុកម្តាយ
ការផ្ដល់អាំងប៉ាវដល់ឪពុកម្ដាយ គឺជាសញ្ញានៃការគោរពនិងជាកាយវិការចង្អុលបង្ហាញ ដែលមានយូរមកហើយនៃជំនឿក្នុងការគោរពសាសនា។ កូនៗផ្ដល់ឲ្យចាស់ទុំ គឺជាការឲ្យពរពីពួកគាត់មកថែមមួយកម្រិតទៀត ក្នុងកំលុងពេលបុណ្យប្រពៃណីជាតិដ៏ធំនេះ។
ជាទូទៅទឹកប្រាក់ចន្លោះពី ៥០ ដុល្លារទៅ ១០០ ដុល្លារជានិមិត្តរូបនៃពរជ័យរបស់ឪពុកម្ដាយចំពោះកូនៗ ដែលប្រគល់ឲ្យពួកគាត់។
៤ ពេលទៅលេងក្រុមគ្រួសារនិងមិត្តភក្តិ
ថ្ងៃបន្ទាប់ពីថ្ងៃចូលឆ្នាំថ្មី គឺជាដំណើរទៅកាន់ផ្ទះរបស់គ្រួសារនិងមិត្តភ័ក្ដិ ដើម្បីជូនពរពួកគេឲ្យមានសំណាងល្អជារៀងរហូត។
ក្រៅពីអាំងប៉ាវដែលអ្នកអាចយកមកឲ្យកូនៗក្នុងផ្ទះ អ្នកក៏គួរតែមានអាំងប៉ាវមួយប្រភេទទៀត ដែលមានតម្លៃប្រហែល ២០ ដុល្លារ សម្រាប់ម្ចាស់ផ្ទះ ដែលបានទៅលេង ហើយដាក់នៅកណ្ដាលនៃអាហារសម្រន់រួមគ្នា។
៥ ពីមេទៅកូនចៅ
ជាធម្មតាជនជាតិចិនមានជំនឿខ្លាំងណាស់ ជាមួយនឹងការប្រគល់អាំងប៉ាវដល់អ្នកណាម្នាក់ ជាពិសេសបុគ្គលិកឬកូនឈ្នួលដែលរស់នៅជាមួយ។
នៅពេលដែលថៅកែផ្ដល់អាំងប៉ាវដល់បុគ្គលិកឬកូនឈ្នួលក្នុងផ្ទះ ចូរកុំភ្លេចនូវគោលការណ៍ណែនាំទាំងនេះ៖
ជ្រើសរើសអាំងប៉ាវពណ៌ក្រហមថ្មីស្រឡាង ហើយមិនត្រូវដាក់បញ្ចូលកាក់ក្នុងអាំងប៉ាវ និងប្រាប់ពួកគេថា ត្រូវរង់ចាំដល់បំបែកគ្នាសិនចាំបើកមើល។
ចំណែកចំនួនទឹកប្រាក់នៅក្នុងអាំងប៉ាវ គួរដាក់ជាលេខគូ ដូចជាលេខ ៨ (សំណាងល្អ) ឬលេខសេស ៩ (គង់វង្សយូរអង្វែង) លើកលែងតែលេខ ៤ ដោយសារតែពាក្យនេះមានន័យថាស្លាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖chineseamericanfamily
ចុចអាន៖១២ ចំណុចអំពីបុណ្យចូលឆ្នាំចិន អ្នកប្រហែលមិនធ្លាប់ដឹងឡើយ
ចុចអាន៖អត្ថន័យផ្កាសម្រាប់សែនចូលឆ្នាំចិន ដើម្បីហេងចូលហេង