ជនជាតិចិនមានជំនឿណាស់ ទាំងអាហារ ការសែនព្រេននិងទំនៀមទម្លាប់ផ្សេងៗដែលមានតាំងពីយូរយារ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិន បើសិនក្រុមគ្រួសារណាបានហូបអាហារនាំសំណាង គ្រួសារនោះនឹងជួបតែរឿងល្អៗ ការរកស៊ីឬលក់ដូរមានម៉ូយមកទិញឥតដាច់មិនខាន។ នេះគេហៅថា សំណាងពេញមួយឆ្នាំពីការហូបអាហារនាំសំណាង នាំលាភ នាំជ័យ។
១ ក្រូច
ក្រូចមានរសជាតិផ្អែមមុត ជាតម្រូវការទាំងការបរិភោគនិងការដាក់សែនក្នុងឱកាសបុណ្យចូលឆ្នាំចិន។ បើមានស្លឹកលើផ្លែនីមួយៗរិតតែល្អ ព្រោះស្លឹកតំណាងឲ្យអាយុវែង។ សូមចងចាំថា កុំដាក់ក្រូចបួនផ្លែព្រោះលេខបួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់។
២ ក្រូចថ្លុង
ក្រូចថ្លុងត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលពេញនិយមសម្រាប់ជនជាតិចិន ពីព្រោះតែពាក្យចិនសម្រាប់ Pomelo គឺជាពាក្យតំណាងឲ្យភាពរុងរឿងនិងកេរ្តិ៍ឈ្មោះល្អ។
៣ សាច់មាន់
សត្វស្លាបមួយនេះជាអាហារដែលគេនិយមបម្រើជាប្រពៃណីសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ជាពិសេសក្បាលនិងជើងតំណាងឲ្យសាមគ្គីភាពនិងអាពាហ៍ពិពាហ៍យូរអង្វែងនៅក្នុងក្រុមគ្រួសារ។
៤ គាវចំហុយ
គាវចំហុយជាអាហារដែលជនជាតិចិនមានជំនឿថា នឹងនាំមកនូវទ្រព្យសម្បត្តិនិងវិបុលភាព។ គាវជាអាហារប្រពៃណីតាំងជំនាន់រាជវង្សមីង ដែលគេមានជំនឿថា ហូបកាន់តែច្រើនកាលណា លាភជ័យនៃជ័យជម្នះកាន់តែច្រើនកាល់ហ្នឹង!
៥ ត្រីចំហុយទឹកស៊ីអ៊ីវ
ត្រីបើចំហុយទាំងមូលមានន័យថា នាំមកនូវភាពសំបូររុងរឿងសុភមង្គលចាប់តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។ ពាក្យថាត្រីនៅក្នុងភាសាចិន គឺជាពាក្យដែលនាំតែរឿងល្អៗចូលមកសម្រាប់អ្នកណាបានទទួលទាន។
៦ មីអាយុវែង
មីអាយុវែងជាមីមួយប្រភេទអាហារដែលជាតិចិនមិនអាចអត់បានក្នុងពិធីធំៗ។ មីអាយុវែងជានិមិត្តរូបសម្រាប់អ្នកណាដែលទទួលទាននឹងកាន់តែអាយុវែងដូចសរសៃមី រួមទាំងផ្ដល់នូវសុខភាពល្អថែមទៀតផង (ដោយសារតែអាហារមុខនេះ មានបន្លែច្រើនរួមទាំងគ្រឿងផ្សំជាមួយមី) ។
៧ បង្គាលីងប្រៃ
បង្គាលីងប្រៃតំណាងឲ្យភាពរស់រវើក ក៏ដូចជាសេចក្ដីសុខនិងសំណាងល្អក្នុងឆ្នាំទៅមុខ។ ពេលមានពិធីបុណ្យជាតិ ជនជាតិចិនតែងធ្វើអាហារមួយមុខនេះជាពិសេស ហើយគ្រឿងផ្សំគឺជាម្រេចរោយពីលើដូចបន្ថែមសុភមង្គល។
៨ ថាសអាហារសម្រន់
ជាធម្មតាថាសមានមូលឬរាងពងក្រពើឬចានរាងសំប៉ែត ដែលចែកចេញជាផ្នែកនៃប្រអប់អាចដាក់គ្រាប់ធញ្ញជាតិដូចជាត្រណាប់ដូង ស្ករគ្រាប់ គ្រាប់ឪឡឹកក្រហម គ្រាប់ឈូក ដែលតំណាងឲ្យសុភមង្គល ការមានកូនចៅវង្សត្រកូលល្អៗនិងសម្រាប់អាយុវែងដល់សមាជិកគ្រួសារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖marthastewart
ចុចអាន៖ពណ៌ ៣ នាំលាភសំណាង ហើយពណ៌១ ជាអពមង្គលក្នុងពិធីបុណ្យចូលឆ្នាំចិន
ចុចអាន៖ប្រាក់ក្នុងអាំងប៉ាវ មិនមែនចេះតែឲ្យផ្ដេសផ្ដាស ប្រយ័ត្នជួបរឿងមិនល្អពេញមួយឆ្នាំ