Connect with us

ព័ត៌មានជាតិ

កម្ពុជា-ហុងកុង ចុះ MoU រួមគ្នាលើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការប្រកួតប្រជែង

បានផុស

នៅ

លោក​ស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក) និងលោក Samuel Chan ប្រធានគណៈ​កម្មាធិការ​ប្រកួតប្រជែង​នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKCC) នៃសាធារណរដ្ឋប្រជាមានិតចិន បាន​ចុះ​ហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាង គ.ប.ក. និង HKCC លើការ​អនុវត្ត​គោល​នយោបាយ និង​ច្បាប់ស្តីពីការប្រកួតប្រជែងនៅ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ គឺជាការ​បង្កើតក្របខ័ណ្ឌ​ផ្លូវការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​គណៈកម្មាធិការ​ទាំងពីរ ដោយ​ផ្តោតលើការផ្លាស់ប្តូរព័ត៌មាន កិច្ចសហការលើការងារបច្ចេកទេស និង​ការ​កសាង​សមត្ថភាព​មន្ត្រី ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ភាគី​ទាំងពីរ។

ក្នុង​ឱកាស​នោះ​ លោក​ស្រី ចម​ និម្មល​ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការការចែករំលែកចំណេះដឹង និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងចំណោមស្ថាប័នប្រកួតប្រជែង។ ជាក់ស្តែង អនុស្សរណៈ​នៃការយោគយល់​គ្នា​នេះ ជាចក្ខុវិស័យ និង​ការប្តេជ្ញាចិត្តយ៉ាងមុះមុត ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័ន និង​ស្រប​តាម​ឧត្តមានុវត្ត​ល្អៗ​របស់អន្តរជាតិ។

លោក​ស្រី​រដ្ឋមន្ត្រី បានលើកឡើង​ថា ពុំមានអាជ្ញាធរឬស្ថាប័នប្រកួតប្រជែងណា ដែលអាច​សម្រេច​បាន​ជោគជ័យ​បាន ដោយ​ពុំមានកិច្ចសហការរវាងគ្នានឹងគ្នាឡើយ។ ភាពជាដៃគូសហការនេះ នឹង​ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ លើក​កម្ពស់​ភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តច្បាប់ និងជួយ​ឱ្យស្ថាប័ន​ទាំងពីរ​ជៀសវាង​ពី​សកម្មភាព​ត្រួតស៊ី​គ្នា​ក្នុង​ករណី​បទល្មើសឆ្លងដែន។

ជា​មួយ​គ្នា​នេះ លោក​ស្រី​រដ្ឋមន្ត្រី បានកត់សម្គាល់​ដែរថា ការ​ប្រកួតប្រជែង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព តាមរយៈការជំរុញការច្នៃប្រឌិត ប្រសិទ្ធភាព និងសុខុមាល​ភាព​សម្រាប់អ្នកប្រើប្រាស់។

លោក​ស្រី ចម និម្មល​ បានសន្និដ្ឋានដោយទំនុកចិត្តថា កិច្ចសហការនេះ នឹងដើរតួជា​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​សម្រាប់​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​រវាង​កម្ពុជា និងហុងកុង ជំរុញការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ និងស្មើរភាព និងរួម​ចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលកាន់តែទូលំទូលាយ ក្នុងការលើកកម្ពស់ទីផ្សារសេរី និងមានតម្លាភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម