Connect with us

ព័ត៌មានអន្ដរជាតិ

ការបិទច្រកហ័រមូហ្ស ធ្វើឱ្យតម្លៃឆ្លងកាត់​ព្រែក​ជីក​ប៉ាណាម៉ាហក់ឡើង

បានផុស

នៅ

ជម្លោះនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន ដែលបង្កការបិទច្រកហ័រមូហ្ស បាន​ធ្វើឱ្យតម្លៃឆ្លងកាត់ព្រែកជីកប៉ាណាម៉ានៅអាមេរិកកណ្ដាលហក់ឡើង ដោយ​នាវាដឹកឧស្ម័នធម្មជាតិពង្រាវមួយគ្រឿងអាចត្រូវចំណាយរហូតដល់ ៤ លាន​ដុល្លារ ដើម្បីបញ្ចៀសការតម្រង់ជួររងចាំដែលអាចស៊ីពេលដល់ទៅ៥ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃពុធ (២២ មេសា) កំណើននៃការចំណាយបែបនេះ ត្រូវបានគេសម្គាល់ឃើញរាប់តាំងពីអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ ដែលបង្កការបិទខ្ទប់ច្រកហ័រមូហ្ស ដែលជាច្រកដឹកប្រេង និងឧស្ម័នធម្មជាតិ ១/៥ នៃតម្រូវការសកលប្រចាំថ្ងៃ។

​របាយការណ៍ពីអាជ្ញាធរព្រែកប៉ាណាម៉ា បានឱ្យដឹងថា ដើម្បីបំពេញតម្រូវការ​ឥន្ធនៈ បណ្ដា​រោងចក្រចម្រាញ់ប្រេងនៅអាស៊ី​បាន​ជ្រើសរើសទិញប្រេង ឬឧស្ម័នពីសហរដ្ឋអាមេរិក ហើយដឹកជញ្ជូនវា​តាម​ប៉ាណាម៉ា​ដែលតភ្ជាប់ពីអាត្លង់ទិកមកប៉ាស៊ីហ្វិក ​ជំនួសឱ្យការទិញពីបណ្តាប្រទេសឈូងសមុទ្រពែរ្សដែលពឹងផ្អែកលើច្រកសមុទ្រហ័រមូហ្ស។ ​

អាជ្ញាធរបានប្រាប់ AFP ​កាលពីថ្ងៃអង្គារថា ចំនួនជាមធ្យមនៃកប៉ាល់​/នាវាដែលឆ្លងកាត់ព្រែកជីកនេះជារៀងរាល់ថ្ងៃ «នៅតែរឹងមាំ» ដោយមានកប៉ាល់ចំនួន ៣៤ គ្រឿង/ថ្ងៃ នៅខែមករា និង ​៣៧ គ្រឿង/ថ្ងៃ នៅខែមីនា ហើយ​មាន​ថ្ងៃខ្លះ មាន​លើសពី ៤០ ​គ្រឿង ផង។ អាជ្ញាធរ​ព្រែក​បាន​និយាយយ៉ាងដូច្នេះ​ថា៖ «ការកើនឡើង​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ផ្លាស់ប្តូរ​នៃ​​លំនាំពាណិជ្ជកម្ម​សកល និង​លក្ខខណ្ឌ​ទីផ្សារ រួមទាំង​កត្តា​ភូមិសាស្ត្រ​នយោបាយ​ដែល​ប៉ះពាល់​ដល់​ផ្លូវ​សំខាន់ៗ»។

គួរគូសបញ្ជាក់ថា ជាធម្មតា កប៉ាល់កក់ការធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា​ជាមុនចិន​។ ប្រសិនបើពួកគេមិន​កក់ទុកទេ ជាធម្មតាពួកគេត្រូវរង់ចាំប្រហែល ៥ ថ្ងៃដើម្បីឆ្លងកាត់។ យ៉ាងណាមិញ ក៏នៅមាន​ជម្រើសដេញថ្លៃដែលកប៉ាល់អាចបង់ប្រាក់លើសតម្លៃធម្មតា ដើម្បីរំលងការរងចាំ។

ថ្មីៗនេះ តម្លៃ​ដេញថ្លៃ​នោះ ​អាច​កើនឡើងខ្ពស់ខ្លាំងក្នុងករណីមួយចំនួន​ ដោយ​កប៉ាល់​ខ្លះ​ ​អាច​ចំណាយប្រហែល ៤ លានដុល្លារ ​ខណៈ​ខ្លះ​ទៀត អាច​ចំណាយ​ជាង ៣ លានដុល្លារ ក្នុងកម្រិតខ្ពស់បំផុត។ កម្រិតជាមធ្យម តម្លៃដេញថ្លៃឆ្លងកាត់នេះ មាន​ត្រឹមតែ​ ១៣០ ០០០ ដុល្លារ/គ្រឿង នៅខែតុលា និងកុម្ភៈ និងកើនឡើងដល់ ៣៨៥ ០០០ ដុល្លារ/គ្រឿង នៅខែមីនា និងមេសា៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម