ទទួលភ្លើងខៀវ ខេត្តកែប​គ្រោង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្រិត​ខ្ពស់ប្រវែង​ជិត ៣ គីឡូម៉ែត្រ​បម្រើភ្ញៀវ​ទេសចរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទទួលភ្លើងខៀវ ខេត្តកែប​គ្រោង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្រិត​ខ្ពស់ប្រវែង​ជិត ៣ គីឡូម៉ែត្រ​បម្រើភ្ញៀវ​ទេសចរ

បានផុស

នៅ

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានគាំទ្រចំពោះគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ខេត្តកែប ដែលមានប្រវែង២៧០០ម៉ែត្រ ក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍ រវាងរដ្ឋនិងឯកជនក្នុងគោលដៅកែលម្អនិងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លម្ហសាធារណៈនិងផ្ទៃបៃតង សម្រាប់សាធារណជន​និងទេសចរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានារសៀលថ្ងៃទី ២២ ខែកក្កដា នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំដែល​ដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធាន គ.អ.ឆ.ក. តាមប្រព័ន្ធ Zoom ដោយមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក. លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាអនុប្រធាន គ.អ.ឆ.ក. លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុជាសមាជិក គ.អ.ឆ. ក. លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបជាសមាជិក តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.អ.ឆ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណ ៦៣ រូប។

កិច្ចប្រជុំបានឯកភាពគាំទ្រចំពោះតម្រោង អភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែបដែលមានប្រវែង ២,៧០០ ម៉ែត្រក្នុងនោះមានឆ្នេរខ្សាច់កម្សាន្តសាធារណៈ​តាមបណ្តោយឆ្នេរសមុទ្រ មានទទឹងយ៉ាងតិចប្រវែង៣០ (សាមសិបម៉ែត្រ) និង សួនច្បារសាធារណៈ​និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ មានទទឹងប្រវែង៥០(ហាសិប) ម៉ែត្រក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋនិងឯកជន ក្នុងគោលដៅកែលម្អនិងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លម្ហសាធារណៈ និងផ្ទៃបៃតងសម្រាប់សាធារណជននិងទេសចរ។

លោក វ៉ៅ សុខា អភិបាលរងខេត្តកែបធ្លាប់បានបញ្ជាក់ថា ខេត្តកែបជាខេត្តមួយតូច ហើយខេត្តបានកំណត់ចក្ខុវិស័យគឺវិស័យទេសចរណ៍ជាស្នូល។ សព្វថ្ងៃនេះខេត្តមានឆ្នេរប្រហែល ៤៥០ ម៉ែត្រគឺមានភាពតូចចង្អៀតដែល​ពិបាកក្នុងការទាក់ទាញភ្ញៀវទេសចរ ដូច្នេះថ្នាក់ដឹកនាំបានខិតខំកៀរគរដៃគូវិនិយោគឯកជនដើម្បីពង្រីក​វិសាលភាពបន្ថែម។

មន្រ្តី​ខេត្ត​កែប​រូប​នេះបានបន្តថា ដោយសារ​ខេត្ត​កែប​មាន​ឆ្នេរទឹករាក់ អាចកែច្នៃដោយកែលម្អឆ្នេរទាំងនេះ ដោយ​រកខ្សាច់ដែលមានគុណភាព ដើម្បីយកមកចាក់បំពេញតាមបណ្ដោយឆ្នេរ ដើម្បី​អាច​បង្កើត​កន្លែងលេងថ្មី ហើយពង្រីកវិសាលភាពធំទូលាយ អាចទទួលភ្ញៀវទេសចរ បានកាន់តែច្រើនជាងមុន ។

សូមបញ្ជាក់ថា ខេត្តកែបមានគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន​២​កន្លែងបន្ថែមទៀត ទីមួយគឺមានទីតាំងឆ្នេរខ្សាច់កម្សាន្តស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ កែលម្អឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលទីតាំងទាំងពីរនេះនឹង ប្រែក្លាយ​ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើរជើងទៀតផង ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services