Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ស្នើក្រុមហ៊ុននាំពលករកម្ពុជាទៅបម្រើការងារលើផ្នែកកសិកម្មនៅអូស្ត្រាលី ស្របច្បាប់​

បានផុស

នៅ

លោក វេង សាខុន ស្នើ​ក្រុមហ៊ុន Lexmin Pty Ltd Cambodia​ ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​ការ​នាំ​យក​ពលករ​កម្ពុជា​ទៅ​បម្រើការ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​អូស្ត្រាលី​ត្រឹមត្រូវ ស្របច្បាប់ ដើម្បី​ទទួល​បាន​មេរៀន បទពិសោធន៍​ល្អៗ ​យក​មក​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មាន​ការ​រីកចម្រើន​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​សុំ​នេះ​បាន​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី ០៧​ ខែ​សីហា ​ឆ្នាំ ​២០២១ ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ លោក Robert K.Chelliah នាយក​ក្រុមហ៊ុន Lexmin Pty Ltd Cambodia ជា​មួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ ស្ដីពី “ការ​ជំរុញ​ផលិតកម្ម​ដំណាំ​ស្តង់ដារ​សរីរាង្គ និង ​ការ​ពង្រឹង​សមត្ថភាព​កសិករ​ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​នៅ​តាម​បណ្តា​កសិដ្ឋាន​នានា​ក្នុង​ប្រទេស​អូស្ត្រាលី “។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​ នេសាទ បាន​ចាក់​ទុក​អនុស្សរណៈ​នេះ​ នឹង​ជួយ​បំពេញ​នូវ​អត្ថប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ការ​កសាង​ភាពជា​ដៃគូ​អភិវឌ្ឍន៍​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ដំណាំ ការកែច្នៃ ប្រកបដោយ​ចីរភាព និរន្តរភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួល​អាកាសធាតុ និង ​នវានុវត្តន៍។ ជាពិសេស នឹង​ចូលរួម​ចំណែក​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ក្នុង​ការ​ជំរុញ​ផលិតភាព និង ពិពិធ​កម្ម​ដំណាំ​សរីរាង្គ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង។

លោក​រដ្ឋមន្ត្រី​ បាន​បន្ត​ទៀត​ថា​ ក្រៅពី​នេះ MOU នេះ​ ពិតជា​ចូលរួម​លើកកម្ពស់​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ការកែច្នៃ តម្លៃ​បន្ថែម ទីផ្សារ​ក្នុង និង​ ក្រៅ​ប្រទេស បង្កើត​ឱកាស​ការងារ បង្កើន​សមត្ថភាព​បច្ចេកទេស​ដល់​កសិករ បង្កើន​ប្រាក់ចំណូល ស្របតាម​អភិក្រម “​រដ្ឋ -​ឯកជន​-ដៃគូ​អភិវឌ្ឍន៍​-​សហគមន៍​កសិកម្ម​”។

ដើម្បី​ទទួល​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក លោក​រដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​គួរ​ស្វែងរក​ដៃគូ​ដែល​មាន​សក្ដានុពល​ផលិត​ដំណាំ​បន្ថែម​ទៀត​ក្រៅពី​ម្រុំ ស្លឹកគ្រៃ និង ​ខ្ញី​ខ្មៅ ​ដែល​ក្រុមហ៊ុន​កំពុង​ផលិត និង​ ពង្រីក​ផលិតកម្ម​កែច្នៃ​ជា​អាហារ​បន្ថែម​សម្រាប់​សុខភាព​ផង​ដែរ​។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន ​គួរតែ​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ ដើម្បី​ពង្រីក​វិសាលភាព ​នៃ​ផលិតកម្ម​របស់​ខ្លួន​ឲ្យ​អស់​លទ្ធភាព ប្រយោជន៍​ដើម្បី​ជួយ​ជំរុញ និង​ លើកកម្ពស់​ផលិតកម្ម​ដំណាំ​សរីរាង្គ​ក្នុងស្រុក និង​ ធ្វើការ​នាំចេញ​។

​ដោយឡែក ចំពោះ​ជំហាន​ទី ០២​ នៃ​គម្រោង​ផ្តល់​ឱកាស​ការងារ​ជូន​កសិករ​ទៅ​បម្រើការ​តាម​បណ្តា​កសិដ្ឋាន​នានា​ក្នុង​ប្រទេស​អូស្ត្រាលី នា​ពេល​អនាគត លោក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា ​« ខ្ញុំ​សូម​ផ្ញើ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​ការ​ពុះពារ​នាំ​យក​ពលករ​កម្ពុជា​ទៅ​បម្រើការ​ក្នុង​វិស័យ​កសិកម្ម​ ក្នុង​ប្រទេស​អូស្ត្រាលី​ត្រឹមត្រូវ ស្របច្បាប់ ដើម្បី​ទទួល​បាន​មេរៀន និង​បទពិសោធន៍​ល្អ​យក​មក​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន។ ​ករណី​នេះ ​ក្រសួង​ នឹង​រង់ចាំ​ផ្តល់​កិច្ច​សហការ​គ្រប់​បែបយ៉ាង​តាម​ការចាំបាច់​»៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម